ខេត្តកណ្ដាល ៖ ស្ត្រីគ្រប់រូបតែងប៉ងប្រាថ្នាយ៉ាងណារស់នៅប្រកបដោយសុភមង្គល ក្តីសុខក្នុងក្រុមគ្រួសារ ទោះបីមានឬក្រ លំបាកយ៉ាងណា ប៉ុន្តែអ្វីៗបានត្រឹមការផ្សង ។ គួរអោយអាណិតនិងសង្វេកណាស់ បុរសជាប្តីនិងជាជនដៃដល់បានប្រើហិង្សាម្តងហើយម្តងទៀត លើប្រពន្ធខ្លួនឲ្យរបួសធ្ងន់ធ្ងរទុកចោលរហូតដាច់ខ្យល់ផុតដង្ហើមនៅឯវាលស្រែ នៅពេលដែលស្ត្រីរងគ្រោះបានចេញទៅរកក្តាមប្រកបរបរចិញ្ចឹមគ្រួសារ ។
ករណីនេះ ត្រូវបានអ្នកជិតខាងគ្រួសារកើតហេតុនិយាយឲ្យដឹងថា កាលពីក្បាលព្រលប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យជាប្តីបានប្រើអំពើហិង្សាវាយដំទៅលើស្ត្រីជាប្រពន្ធម្ដងរួចមកហើយ ។ អ្នកជិតខាងឈ្មោះ ឌុច ពេជ្រ ភេទប្រុស អាយុ៥៦ឆ្នាំ បានចូលទៅជួយឃាត់ ថាកុំឲ្យប្រើហិង្សារបែបនេះ ប៉ុន្តែត្រូវជនសង្ស័យថា កុំចេះដឹងរឿងខ្ញុំ ខណៈបានឃើញជនសង្ស័យកាន់ដំបងប៉ុនកដៃ ប្រវែងប្រមាណជាង១ម៉ែ្រត និងដៃម្ខាងទៀតកាន់កាំបិតផ្គាក់ ។
ប្រភពព័ត៌មានពីឈ្មោះ សន សុខឃីម ដែលត្រូវជាប្អូនស្រីសពជនរងគ្រោះបានឲ្យដឹងថា នៅម៉ោងរំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្រាប់តែបងថ្លៃដែលជាជនសង្ស័យបានប្រាប់ថា ឲ្យគាត់ទៅមើលបងឯងរួចយកទៅមន្ទីរពេទ្យផង ព្រោះអញវាយបាក់ដៃទុកចោលនៅឯវាលស្រែខាងកើតភូមិឯណោះ ហើយបានតបវិញថា យប់ជ្រៅហើយទៅមើលមិនកើតទេ ជនសង្ស័យក៏ចាកចេញបាត់រហូតទៅ ។
ប្រជាពលរដ្ឋដើរទៅស្រែបានឃើញសពជនរងគ្រោះដេកស្លាប់នៅក្នុងស្រែ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុច វាលស្រែ ស្ថិតក្នុងភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល បង្កឲ្យផ្អើលឆោឡោហើយបានរាយការណ៍ប្រាប់សមត្ថកិច្ច ។
សមត្ថកិច្ចបានឲ្យដឹងថា តាមការពិនិត្យធ្វើកោសលវិច័យឃើញថា សពស្ត្រីរងគ្រោះក្នុងភាពបាក់ដៃ និងផ្នែកក្បាលមានស្នាមកាប់ជម្រៅជ្រៅដល់លលាដ៍ក្បាលទៀតផង ។ ក្រោយពិនិត្យចប់សព្វគ្រប់បានប្រគល់សពទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។ ចំពោះករណីនេះកម្លាំងផ្នែកជំនាញបានកសាងសំណុំរឿង ដើម្បីស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យចាត់ការតាមនីតិវិធី ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ ឃុត សុផល ភេទប្រុសអាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខរោងចក្រ (រត់គេចខ្លួនបាត់ស្រមោល) ។ រីឯស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ យ៉ាត ស្រីពៅ ភេទស្រីអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកក្ដាមលក់ ។ ជនសង្ស័យ និងជនរងគ្រោះ មានទីលំនៅភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ៕ ដោយ ៖ ជាយក្រុង