កម្លាំងសន្តិសុខវៀតណាមបាន ស្វែងរកតាមចាប់ខ្លួនអ្នកទោសដែលបានហែកគុករត់ចេញ ដោយសុវត្ថិភាព១១៩នាក់ ពេលថ្មីៗនេះ។ សារព័ត៌មានវៀតណាម (vnexpress) នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានផ្សាយថា អ្នកទោស១១៩នាក់ បានហែកគុករត់ពីពន្ធនាគារមួយកន្លែង ស្ថិតនៅក្នុងខេត្ត តៀនយ៉ាង ភាគខាងត្បូងរបស់វៀតណាម ។ ប៉ុន្តែក្នុងចំណោមអ្នកទោសទាំងនោះជាងពាក់កណ្តាល ត្រូវប៉ូលិសតាមចាប់បានត្រឡប់មកវិញ ។
ប្រភពបញ្ជាក់ថា មណ្ឌលកែប្រែ ស្តារនីតិសម្បទាមួយកន្លែងស្ថិតនៅក្នុងស្រុក ចូវថាញ ដាក់អ្នកទោសសរុប ៦៥០នាក់ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នកទោសបាននាំគ្នាវាយបំបែកទ្វារ និងវាយប្រហារទៅលើឆ្មាំគុកនៅទីនោះ មុនពេលពួកគេនាំគ្នារត់គេចខ្លួន ។
អ្នកទោសបានសម្រាតខោអាវសម្គាល់ថាអ្នកទោសនោះចោលអស់ ហើយទម្លុះរបងចូលផ្ទះអ្នកស្រុកក្បែរនោះ លួចបានម៉ូតូ២គ្រឿង ឌុបគ្នាជិះរត់គេចខ្លួន ។ ម៉ូតូមួយគ្រឿង ពួកគេជិះគ្នាប្រហែល៤ទៅ៥នាក់ ឆ្ពោះទៅកាន់ផ្លូវហាយវ៉េ ផ្លូវជាតិលេខ ១អេ ។ ពួកអ្នកទោសទាំងនេះ បន្តចូលហាងលក់ខោអាវ ហើយលួចបានអាវធំជាច្រើន ។ អ្នកទោសខ្លះទៀតរត់ឡើងរថយន្តក្រុង ធ្វើដំណើរទៅកាន់ទីក្រុងហូជីមិញតែម្តង ។
ប៉ូលិសជាច្រើនរយនាក់បានដាក់ពង្រាយនៅតាមវិថីសំខាន់ៗ បិទចរាចរណ៍ ដើម្បីចាប់អ្នកទោសដែលរត់គេចខ្លួនទាំងនោះ ។ រហូតដល់ម៉ោង១និង៣០នាទីរសៀល ថ្ងៃដដែល អ្នកទោស៥៥នាក់ត្រូវបានចាប់ខ្លួនត្រឡប់មកវិញ ។ ប៉ូលិសនៅបន្តស្វែងរកចាប់អ្នកដែលនៅសេសសល់បន្ថែមទៀត ។
គួររំលឹកថា កាលពីខែសីហា ឆ្នាំ២០១៨ អ្នកទោសភាគច្រើនជាអ្នកប្រើប្រាស់គ្រឿងញៀនចំនួន២០០នាក់បានហែកគុករត់ខ្លួន ។ អ្នកទោសនិយាយថា ពួកគេរងការធ្វើទារុណកម្មធ្ងន់ធ្ងរ បង្ខំឲ្យលុតជង្គង់ច្រើនម៉ោង និងវាយដំនៅត្រង់ខ្នងពួកគេ ។
មន្ត្រីវៀតណាមបានបញ្ជាក់ថា នៅក្នុងប្រទេសនេះ មានមណ្ឌលកែប្រែ ស្តារនីតិសម្បទា ប្រហែល១៣២កន្លែង ដាក់អ្នកទោសញៀនថ្នាំប្រហែល ២២០ ០០០នាក់ ។
អ្នកញៀនថ្នាំនៅក្នុងប្រទេសនេះ ត្រូវបានគេចាត់ទុកថា ជា«ទង្វើអាក្រក់នៅក្នុងសង្គម» ។ ម្ល៉ោះហើយ អ្នកដែលញៀនថ្នាំ ពុំសូវត្រូវបានគេយកចិត្តទុកដាក់ អប់រំកែប្រែ បន្សាបថ្នាំវិញនោះទេ ៕