រថយន្តឡិចស៊ីស RX300 បុកឃឿនផ្លូវពេញមួយទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តឡិចស៊ីស RX300 បើកលឿនពេក ជ្រុលទៅបុកឃឿនផ្លូវពេញមួយទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងច្រង៉ាង។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង២និង៣០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចមុខអគារសន្តិភាព តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកឡិចស៊ីស RX300 មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AG-6714 បើកបរដោយបុរសម្នាក់ និងមានរួមអ្នកដំណើរ២-៣នាក់ បើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតមកស្ដាំដៃ ជ្រុលទៅបុកឃឿនផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងច្រង៉ាង រីឯអ្នកបើកបរនិងអ្នករួមដំណើរ រងរបួសស្រាល បាននាំគ្នាគេចខ្លួនពីកន្លែងកើតហេតុបាត់។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងសមត្ថកិច្ចជំនាញចរាចរចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print