ភ្នំពេញ:ចៅក្រម ជា សុខហៀង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ហឹង ប៊ុនថន ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី៣០ មិថុនា ២០១៥ នេះបាន បើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំជាបណ្តោះអាសន្នរបស់ជនជាប់ចោទ៨នាក់រួមមាន
1. ឈុត ឆាត ប្រុស ២៤ឆ្នាំ
2. លាត់ លីហេង ប្រុស ២២ឆ្នាំ
3. លីវ ឃី ប្រុស ២៤ឆ្នាំ
4. ច្រាញ់ ម៉ុុត ប្រុស ២៤ឆ្នាំ (និស្សិត)
5. ឃុន ណាគង់ ប្រុស ២៩ឆ្នាំ (គ្រូបង្រៀន)
6. អាន ចាន់ ប្រុស ៣៥ឆ្នាំ
7. ច័ន្ទ ស្មា ប្រុស ២៧ឆ្នាំ
8. ឈឹម ស្មាត់ ៥៦ឆ្នាំ
ជនជាប់ចោទត្រូវបានតុលាការចោទប្រកាន់ពីបទ រួមគំនិតក្បត់ តាមមាត្រ៤៥៣នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅអំឡុងខែតុលា ឆ្នាំ២០១៤
ជនជាប់ចោទត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃ២២ និង២៣ តុលា ២០១៤ នៅម្តុំវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ។
ការបើកសវនាការជម្រះក្តីលើបណ្តឹងសុំនៅក្រៅឃុំនេះធ្វើឡើងតបតាមបណ្តឹងរបស់លោកមេធាវី ជួង ជូងី ដែលជាមេធាវីការពារក្តីអោយជនជាន់ចោទទាំង៨នាក់ខាងលើ។
នៅក្នុងសវនាការជនជាប់ចោទបានឆ្លើយបដិសេធចំពោះការចោទប្រកាន់របស់តំណាងអយ្យការទាំងស្រុង ហើយសំណូមពរអោយចៅក្រមជំនុំជម្រះដោះលែងពួកគេអោយមានសេរីភាពវិញ ហើយពួកគេសុខចិត្តតំកល់ប្រាក់ក្នុងម្នាក់ៗ ៤ទៅ៦លានរៀល និងគោរពតាមសេចក្តីបង្គាប់របស់តុលាការជានិច្ច ដោយមិនគេចវេសពីការត្រូវកោះហៅរបស់តុលាការនោះទេ។ ពួកគេបន្តថា ពួកគេចង់ត្រលប់ទៅជួបជុំក្រុមគ្រួសារវិញដើម្បីប្រកបរបរចិញ្ចឹមជីវិតតាមផ្លូវសុចរិត និងអ្នកខ្លះសុំទៅបន្តការសិក្សារបស់ខ្លួនវិញដើម្បីទទួលបានចំណេះដឹងក្នុងការជួយអភិវឌ្ឍជាតិក្នុងនាមជាពលរដ្ឋល្អម្នាក់។ ពួកគេអះអាងថា នឹងមិនប្រព្រឹត្តអំពើខុសឆ្គងតទៅទៀតទេនៅថ្ងៃក្រោយ។
តំណាងអយ្យការ បានសន្និដ្ឋានថា ខ្លួនមិនយល់ព្រមអោយជនជាប់ចោទទាំង៨នាក់នៅក្រៅឃុំជាបណ្តោះអាសន្ននោះទេព្រោះតែបទល្មើសរបស់ជនជាប់ចោទបានប្រព្រឹត្តជាបទព្រហ្មទណ្ឌដែលអាចបង្កអោយមានអស្ថេរភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងសង្គមជាតិ ហើយតំណាងអយ្យការសុំរក្សាទុកជនជាប់ចោទទាំង៨នាក់នេះទុកអោយតុលាការបើកសវនាការជំនុំជម្រះនៅថ្ងៃទី៧ ខែកក្កដា ២០១៥ ខាងមុខនេះ។
លោក ជួង ជូងី មេធាវីការពារក្តីអោយជនជាប់ចោទ បានអះអាងថាកូនក្តីលោកមិនទាន់ត្រូវបានតុលាការរកឃើញតាមបទចោទជាក់ស្តែងណាមួយដែលបញ្ជាក់ថាកូនក្តីលោកធ្វើអោយមានអស្ថេរភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងសង្គមជាតិនោះទេហើយលោកសន្យាថា កូនក្តីលោកនឹងចូលខ្លួនតាមការកោះហៅរបស់តុលាការគ្រប់ពេលដោយមិនគេចវេស។ លោកបានបន្តថា កូនក្តីលោកគឺសុំនៅក្រៅឃុំដើម្បីទៅរកស៊ីចិញ្ចឹមកូនប្រពន្ធ ម្តាយឪពុក និងសិក្សារៀនសូត្រដើម្បីជួយជាតិគឺមិនមានបំណងទៅចូលរួមសកម្មភាពអសន្តិសុខក្នុងសង្គមនោះទេ។
ដោយឡែក លោក ជា សុខហៀង ប្រធានក្រមប្រឹក្សាជំនុំជម្រះបានប្រកាសសាលក្រមបដិសេធការប្តឹងសុំនៅក្រៅឃុំរបស់ជនជាប់ចោទទាំង៨នាក់ខាងលើតបតាមការស្នើសុំរបស់តំណាងអយ្យការ ដោយច្រានចោលបណ្តឹងសុំរបស់មេធាវី ការពារក្តីជនជាប់ចោទ។