ភ្នំពេញៈ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានកោះប្រជុំពិភាក្សាបន្ទាន់ជាមួយគណៈកម្មការប្រត្តិបត និងមន្ត្រី សហព័ន្ធកីឡាជាតិ ជំនាញផ្នែលកីឡា ដោយចំណាយពេលមួយរសៀលថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៥ នៅទីស្នាក់ ការ NOCC ដើម្បីពិភាក្សាជុំវិញ នៅលើសេចក្តីព្រាងអំពី ផែនការមេឆ្ពោះទៅ ធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ ប្រកួត កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ មានកម្រាស់ចំនួន២៥ទំព័រនិង ៥មាតិកាធំៗលើ៣១ចំណុចសំខាន់ៗ សម្រាប់ លើកយកទៅពិភាក្សា និង ផ្លាស់ប្តូរ គំនិតយោបល់ ដឹកនាំកិច្ចប្រជុំពិភាក្សា ដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍និងជាប្រធាន NOCC និងមានការចូលរួមពីផ្នែកពាក់ព័ន្ធផ្សេងៗជាច្រើនអ្នកទៀត។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្ហាញជួនក្នុងកិច្ចពិភាក្សា អំពី សេចក្តីព្រាងនៅផែនការមេឆ្ពោះទៅកាន់ការធ្វើជាម្ចាស់ផ្ទះ ដែលប្រទេសកម្ពុជា ទទួលបានសិទ្ធិរៀបចំ ព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ។
សេចក្តីព្រាងដែលមាន កម្រាស់២៥ទំព័រនិង៥ មាតិកាធំៗលើ៣១ចំណុចសំខាន់ៗដើម្បីបានផ្លាស់ប្តូរយោបល់គ្នាជាមុនសិន ដើម្បីប្រយោជន៍រកឲ្យឃើញចំណុច ល្អៗ រវាងមន្ត្រីគណៈកម្មការប្រតិបត្តិNOCCនិងមន្ត្រីសហព័ន្ធកីឡាជាតិ អ្នកជំនាញផ្នែកកីឡានីមួយៗ ឈានដល់ ការសម្រេចជាឯកច្ឆន្ទៈ នាថ្ងៃអនាគត់។
នៅក្នងផែនការមេខាងលើនេះ មាតិកាធំចំនួន៥ដូចជា ទី១ប្រវត្តិនៃការចូលរួមប្រកួតកីឡាស៊ីហ្គេម របស់ប្រទេសកម្ពុជានាពេលកន្លងទៅ ទី២លក្ខណៈទូទៅក្នុងការរៀបចំនៃការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ទី៣ ផែនការ មុនព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ទី៤ផែនការក្នុងអំឡុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនៅកម្ពុជា និងទី៥ ផែនការក្រោយព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា។
នៅចន្លោះមាតិកានីមួយៗ សរុបមានចំនួន៣១ចំណុចសំខាន់នោះ សុទ្ធតែបានសរសេរលម្អិតបញ្ជាក់ច្បាស់ អំពីលក្ខណៈសម្បត្តិនិងចក្ខុវិស័យ ក្នុងការប្រព្រឹត្តិទៅ នៃផែនការយុទ្ធសាស្ត្រ យកប្រៀបឈ្នះ ដើម្បីសម្រេចឲ្យបាន ក្នុងការប្រកួតដណ្តើមយកមេដាយ មាស មេដាយប្រាក់ និងមេដាយសំរឹទ្ធិជួនប្រទេសជាតិ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធាន NOCC និងជាប្រធាននៃកិច្ចពិភាក្សា បានមានប្រសាសន៍ថា ចំពោះផែនការមេឆ្ពោះទៅធ្វើជាម្ចាស់រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជានេះ ពិតណាស់ថា មានសារប្រយោជន៍សំខាន់ដល់សង្គមជាតិទាំងមូល។ លោករដ្ឋមន្ត្រី បានលើកជា ឧទាហណ៍និងផ្តល់និយមន័យចំពោះការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ ដែលប្រទេស ជាច្រើន គេធ្វើ បានជោគជ័យរួចជាស្រេចមុនយើងទៅហើយដែរ។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា បច្ចុប្បន្នសង្គមកម្ពុជា កំពុងរងនូវការវាយលុក ពីសំណាកឃាតកគ្រឿង ញៀន ដូច្នេះការរៀបចំ ផែនការមេឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ ជាសញ្ញាមួយឆ្ពោះទៅបោសសំអាតគ្រឿងញឿនឲ្យអស់ពីលើទឹកដីប្រទេសកម្ពុជា។ ពីព្រោះវារឿងធម្មតាទេ កាលណាមាន ភ្ញៀវមកលេងផ្ទះយើងហើយ ដាច់ខាតយើងត្រូវតែសម្អាតផ្ទះជា មុនភ្ញៀវចូលចូលដល់ក្នុងផ្ទះ របស់យើង។ ដូច្នេះផែនការមេនេះ ត្រូវពិភាក្សាគិតគួរ រកប្រធានបទណាមួយឲ្យសមស្រប បាញ់ឆ្ពោះទៅរក អ្វីមួយដែលកំពុងកើតឡើងក្នុងប្រទេស របស់យើង ព្រោះពេលនេះ យើងមានឱកាស អាចកំណត់ទៅលើជោគវាសនា អ្វីដែលជាភាពអសកម្មកើតមានរបស់យើង ដោយសារយើងជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះឡើង។
ពាក់ព័ន្ធជាមួយការព្រាងនៅផែនការមេឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣នេះដែរ នាយឧត្តសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនឹង ជាសមាជិកប្រត្តបត្តិNOCCនិងប្រធានសហព័ន្ធ កីឡា បាល់ទាត់កម្ពុជា បានមានប្រសាសន៍លើកឡើងក្នុងកិច្ចពិភាក្សាថា ការធ្វើផែនការមេសម្រាប់កីឡាស៊ីហ្គេម មាន សារប្រយោជន៍សំខាន់ខ្លាំងណាស់ នឹងឈានទៅសម្រេចឲ្យបាននូវជោគជ័យ ជួនប្រទេសកម្ពុជា ដើម្បីសុខដុមរម្យនាយកមកជួនជាតិមាតុភូមិទាំងមូល។
នាយឧត្តមសេនីយ៍សៅ សុខា មានប្រសាសន៍លើកឡើងនៅត្រង់មាតិកាទី៣ ដែលនិយាយអំពី ផែនការមេ មុនព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ចំណុចទី២ ការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធកីឡា លោក បានផ្តល់មតិយោបល់ក្នុងកិច្ចពិភាក្សាថា ប្រសិនបើយើងអាចកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា នៅតាមបណ្តាខេត្ត ក្រុងឆ្ងាយៗ គឺជាការល្អ សម្រាប់សង្គមជាតិ។
លោកបានលើកឡើងនៅខេត្ត ក្រុងសំខាន់ៗ ដូចជាទី១ខេត្តសៀមរាម ស្ថិតនៅភាគខាងជើង ទន្លេសាប និងជាតំបន់ទេសចរវប្បធម៌ប្រវត្តិសាស្ត្រ ទី២ខេត្តបាត់ដំបង ជាកន្លែងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំរបស់កម្ពុជា ទី៣ខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ ទី៤ខេត្តព្រះសីហនុនិងខេត្តកំពតដែលស្ថិតនៅតំបន់េឆ្នរ ដ៏ស្រស់ត្រកាល របស់ កម្ពុជាផងដែរ។
ទោះបីយ៉ាងណាក៏ដោយ លោក ថោង ខុន មានអះអាងថា ចំពោះសេចក្តីព្រាងនៅផែនការមេឆ្ពោះទៅធ្វើ ម្ចាស់រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នេះមិនទាន់សម្រេចជាផ្លូវការណ៍នោះទេ គឺត្រូវឆ្លងកាត់ការធ្វើសិក្ខាសាលា ច្រើនដងទៀត ដើម្បីស្វែងរកគន្លឹះល្អៗក្នុងសេចក្តីព្រាងនិងចំណុចវិជ្ជមានឲ្យឃើញ របស់ផែនការមេ ដែល គណៈកម្មាធិការជាតិនិងមន្ត្រីសហព័ន្ធកីឡាជាតិ រួមជាមួយអ្នកជំនាញការជាច្រើន បានសហការគ្នា ខិតខំចំណាយ ពេលវេលាបង្កើតឡើងនូវផែនការមេដ៏ធំសម្រាប់ប្រទេសជាតិយើងទាំងអស់គ្នា៕