ខេត្តស្ទឹងត្រែង ៖ កូនផ្សោតទី១២បានលេចរូបរាងឃើញនៅក្នុងអន្លង់សត្វផ្សោតត្បូងខ្លា ក្នុងភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នៅអំឡុងម៉ោង៨៖៣០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ នេះបើយោង តាមការឲ្យដឹងពីអង្គការ WWF ។
យោងតាមគេហទំព័របស់អង្គការ WWFផ្សាយឲ្យដឹងទៀតថា ក្រុមការងារផ្នែកស្រាវជ្រាវនៃអង្គការ WWF និងរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែងបានចុះទៅពិនិត្យអង្កេតកូនផ្សោតដែលទើបកើតថ្មី ក្រោយពេលទទួលបានព័ត៌មានពីក្រុមការងារឆ្មាំទន្លេប្រចាំប៉ុស្តិ៍កោះជ្រឹម កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ក្រោយពេលចុះពិនិត្យ ក្រុមការងារស្រាវជ្រាវ ពិតជាបានប្រទះឃើញកូនផ្សោតកើតថ្មីនោះ ហើយក្រុមការងារក៏បានធ្វើការអង្កេត និងថតរូបកូនផ្សោត និងមេរបស់វា។ កូនផ្សោតកើតថ្មីនោះ មានអាយុប្រហែលជាប្រាំថ្ងៃ ហើយនៅក្នុងហ្វូងសត្វផ្សោតធំចំនួនប្រមាណជាប្រាំមួយក្បាល។
ក្រុមការងារផ្នែកស្រាវជ្រាវនៃអង្គការ WWF អះអាងថា កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតទី១២ហើយ ដែលបានកត់ត្រាថា បានកើតនៅក្នុងឆ្នាំ២០១៩ ចាប់ពីខែមករា រហូតដល់ខែវិច្ឆិកានេះ ដោយក្នុងនោះកូនផ្សោតចំនួនប្រាំមួយក្បាលត្រូវបានកត់ត្រាថាបានកើតនៅក្នុងខេត្តស្ទឹងត្រែង និងកូនផ្សោតចំនួនប្រាំមួយក្បាលត្រូវបានកត់ត្រាថាបានកើតនៅក្នុងខេត្តក្រចេះ ៕ ដោយ ៖ ជាយក្រុង