អំពើហិង្សាក្នុងគ្រួសា គឺជាបញ្ហាស្មុគស្មាញបំផុតនៅប្រទេសជាច្រើនលើពិភពលោក ។ ក្នុងនោះស្ត្រីគឺជាជនរងគ្រោះដោយផ្តាល់នៅក្នុងអំពើហិង្សា ក្នុងគ្រួសារ មិនត្រឹមតែរងការវាយដំ ស្ត្រីមួយចំនួន ក៏រងការប្រើអាវុធដើម្បីវាយប្រហារ ដូចជាកាំភ្លើង កាំបិទជាដើម។
តាមតួលេខរបស់អង្គការសហប្រជាជាតិ មានស្ត្រីដល់ទៅ៣៥ភាគរយនៅលើពិភពលោក បានក្លាយជាជនរងគ្រោះ ក្នុងអំពើហិង្សា ក្នុងគ្រួសារ។ អំពើហិង្សាក្នុងគ្រួសារ មិនត្រឹមតែកើនមាននៅប្រទេសអ្នកក្រ នោះឡើយសូម្បីតែប្រទេសអ្នកមាន អាមរិក អឺរ៉ុប ក៏មានអំពើហិង្សា កើនឡើងផងដែរ។ តាមលទ្ធផលស្រាវជ្រាវ មានស្ត្រីអាមេរិក១០លាននាក់ជាជនរងគ្រោះក្នុងអំពើហិង្សាក្នុងគ្រួសារ។ តាមលទ្ធផលស្រាវជ្រាវ ក្នុងចំណោមស្ត្រីអាមេរិក ៤នាក់ គឺមានម្នាក់រងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ។ ជនរងគ្រោះដោយអំពើហិង្សានោះបានធ្វើឲ្យវិស័យសុខាភិបាលអាមេរិក ត្រូវចំណាយប្រាក់អស់ ដល់ទៅ៥,៨លានដុល្លារក្នុងមួយឆ្នាំ ។
ជាមួយគ្នានេះ បារាំងបង្ហាញផែនការទប់ស្កាត់នឹងអំពើហិង្សាក្នុងគ្រួសារ ចំថ្ងៃទិវាពិភពលោកលុបបំបាត់អំពើហិង្សាលើស្ត្រី ។ ថ្ងៃទី ២៥វិច្ឆិកា ជាទិវាលុបបំបាត់អំពើហិង្សាលើស្ត្រីពិភពលោក។ អង្គការសហប្រជាជាតិបានបើកយុទ្ធនាការពីថ្ងៃនេះរហូតដល់ថ្ងៃទី១០ធ្នូ ដើម្បីបំផុសមតិសាធារណៈពិភពលោក ឱ្យប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រី។ ចំណែកនៅប្រទេសបារាំងវិញ រដ្ឋាភិបាលបានលាតត្រដាងអំពីវិធានការជិត៥០ចំណុចដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រី ។
ពាក្យថាហិង្សាមិនមែនរាប់តែការវាយដំលើរាងកាយមួយមុខទេ។ ហិង្សាលើស្ត្រី ដែលពិភពលោកចង់លុបបំបាត់ឱ្យអស់ គឺសំដៅទៅអំពើហិង្សាលើរាងកាយ អំពើហិង្សាលើផ្លូវភេទ និងអំពើហិង្សាលើផ្លូវចិត្ត មានជាអាទិ៍ ៖
-អំពើហិង្សារបស់ដៃគូជីវិត (វាយដំ គំរាមកំហែងធ្វើបាបផ្លូវចិត្ត បង្ខំឱ្យប្រពន្ធរួមដំណេក សម្លាប់…)
-អំពើហិង្សា ឬ ការបៀតបៀនផ្លូវភេទ ដោយបុរស (រំលោភ បង្ខំឱ្យបម្រើផ្លូវភេទ រៀបការដោយបង្ខំ បៀត បៀនផ្លូវភេទតាមទីសាធារណៈ តាមផ្លូវ តាមប្រព័ន្ធអ៊ីនធ័រនែត បំពារបំពានឧក្រិដ្ឋ)
-ជួញដូរមនុស្ស (មកធ្វើជាទាសករ មកជួញដូរផ្លូវភេទ)។ កាត់ប្រដាប់ភេទស្ត្រី រៀបការដោយបង្ខំ ជាដើម។
នៅលើពិភពលោកយើងនេះ មានស្ត្រីម្នាក់ក្នុងចំណោមបីនាក់ រស់រងអំពើហិង្សាផ្លូវកាយ និងផ្លូវភេទ ពីបុរសជាប្តី ពីបុរសជាដៃគូជីវិត ឬអំពើហិង្សាផ្លូវភេទពីសំណាក់បុរសដទៃផ្សេងទៀត។ មានស្ត្រីជាភរិយាគេប្រមាណតែ៥២%ប៉ុណ្ណោះនៅលើភពផែនដីទាំងមូលនេះ ដែលមានសិទ្ធិសេរីភាព យ៉ាងពេញលេញក្នុងការសម្រេចចិត្ត ដោយខ្លួនឯង លើជីវិតផ្លូវភេទ លើជម្រើសប្រើវិធីពន្យារកំណើត ឬលើការថែទាំងសុខភាព។
ស្ត្រីនិងយុវតី ជាង២០០លាននាក់ ត្រូវរងគំនាបប្រពៃណីទំនៀមទម្លាប់កាត់ប្រដាប់ភេទ។ ៧៥០លាននាក់ រៀបអាពាហ៍ពិពាហ៍ មុនថ្ងៃខួបកំណើតទី១៨ឆ្នាំរបស់ខ្លួន (មុនអាយុដែលគេចាត់ទុកថាជាមនុស្សធំពេញវ័យ) ។
នៅក្នុងឆ្នាំ២០១៧ ក្នុងចំណោមស្ត្រីដែលស្លាប់ដោយការធ្វើឃាត ពាក់កណ្តាលជាឃាតកម្មដែលបង្កឡើងដោយដៃគូជីវិតរបស់ស្ត្រី ឬដោយក្រុមគ្រួសារ។ ស្ថានភាពឃាតកម្មបែបនេះ មានត្រឹមតែ១លើ២០ករណីប៉ុណ្ណោះចំពោះបុរស ។
នៅលើពិភពលោកយើងនេះ ជនរងគ្រោះក្នុងសកម្មភាពជួញដូរមនុស្ស ចំនួន៧២%ជាមនុស្សស្រី និងក្មេងស្រី។ ហើយបីភាគបួន ត្រូវបានគេបង្ខំឱ្យរកស៊ីលក់ខ្លួន ។
បើតាមការសិក្សារបស់ធនាគារពិភពលោក នៅខែកុម្ភៈឆ្នាំ២០១៨ បានបង្ហាញថាមានស្ត្រី ជាង១ពាន់លាននាក់នៅលើពិភភពលោកមិនបានទទួលការការពារតាមផ្លូវច្បាប់ ពីទង្វើហិង្សាផ្លូវភេទ និងក្នុងគ្រួសារទេ។
បើតាមតួលេខរបស់ភ្នាក់ងារសារព័ត៌មានបារាំង គិតពីឆ្នាំ២០១៩មកដល់ពេលនេះ មានស្រីយ៉ាងហោច១១៧នាក់បានស្លាប់ ដោយស្នាដៃរបស់ដៃគូជីវិត ឬអតីតគូកំណាន់។ ក្នុងមួយឆ្នាំៗ មានស្ត្រីពេញវ័យប្រមាណ២១៣០០០នាក់ ជាជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ (ប្តីប្រពន្ធ) លើផ្លូវកាយនិងផ្លូវភេទ។ នេះបើតាមតុល្យការផ្លូវការបារាំង ។
តាំងពីថ្ងៃសៅរ៍និងបន្តមកដល់ថ្ងៃចន្ទ ចលនាការពារស្ត្រីបាននាំគ្នាធ្វើបាតុកម្ម នៅតាមទីក្រុងធំៗ ស្ទើរទូទាំងពិភពលោក។ នៅប្រទេសបារាំង ចលនាការពារស្ត្រីប្រឆាំងនឹងអំពើហិង្សាបានទទួលជោគជ័យយ៉ាងខ្លាំង និងបានជំរុញឱ្យរដ្ឋាភិបាលមានវិធានការ។
ក្រោមសម្ពាធសាធារណៈ រដ្ឋាភិបាលបានបើកកម្មវិធីពិគ្រោះ ពិចារណាតាំងពីដើមខែកញ្ញា រកវិធីទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងយុវតី។ នៅក្នុងថ្ងៃបិទបញ្ចប់ ការពិគ្រោះយោបល់ នៅថ្ងៃចន្ទទី២៥នេះ និងជាការផ្តល់ភាពសំខាន់ដល់ទិវាពិភពលោកដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រីផង ប្រមុខរដ្ឋាភិបាលបារាំងបានប្រកាសអំពីវិធានការប្រមាណ៤០ចំណុច ដែលមានទម្រង់និងតម្លៃតាមផ្លូវច្បាប់ ដើម្បីការពារស្ត្រីពីអំពើហិង្សាក្នុងគ្រួសារ ។
វិធានការខ្លះត្រូវបាន គេស្គាល់រួចមកហើយ។ វិធានការខ្លះនឹងមានចែងក្នុងសំណើច្បាប់។វិធានការទាំងនោះរាប់ឃើញមានតាំងពី ការបង្កើតជំរក១០០០កន្លែងសម្រាប់ស្ត្រីរងគ្រោះ។ ការទទួលបន្ទុកព្យាបាលរោគចិត្តរបស់បុរស រឹបអូសអាវុធពីបុរសហិង្សានៅពេលស្ត្រីប្តឹង ដល់ការបង្កើតលេខទូរស័ព្ទពិសេស ទាក់ទងបានគ្រប់ម៉ោងគ្រប់ថ្ងៃ សម្រាប់ស្តាប់និងជួយជនរងគ្រោះ ឱ្យហ៊ាននិយាយនិងបរិហារទង្វើរបស់បុរស ៕