កំពង់ឆ្នាំង+កណ្តាល ៖ នៅទីបំផុតជនប្រព្រឹត្តអំពេីល្មេីសត្រូវបានផ្តន្ទាទោសដោយច្បាប់ ។ ប្តីឃោឃៅប្រេីហិង្សាវាយសម្លាប់ប្រពន្ធអោយរបួសធ្ងន់រហូតដាច់ខ្យល់ស្លាប់ទុកចោលនៅវាលស្រែ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្ដាលកាលពី៥ថ្ងៃមុន ត្រូវបានចាប់ខ្លួនហេីយ ដោយកម្លាំងនគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ។
ក្រោយកើតករណីនេះ ជនសង្ស័យបានរត់គេចខ្លួនពីច្បាប់ ។ ទោះយ៉ាងណា សមត្ថកិច្ចបានកំណត់ទិសដៅបន្តស្វែងរក រហូតដឹងថាជននេះបានលាក់ខ្លួននៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នៅតាមកោះតូចៗឆ្លងទៅចំណុចភូមិកោះឬស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងបន្តរុករកនៅឆ្នុកទ្រូ ទើបដឹងតម្រុយថា ជនសង្ស័យបានបន្តគេចខ្លួន ពួនសំងំក្នុងព្រៃលិចទឹក។
លុះមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចរួមជាមួយប្រជាពលរដ្ឋនៅបន្តស្វែងរកហើយបានរកឃើញ ទីកន្លែងលាក់ខ្លួន របស់ជនសង្ស័យមកស្នាក់នៅ កម្លាំងប៉ុស្តិ៍ និងមន្ត្រីជំនាញខេត្តទាំងពីរ បានហ៊ុមព័ទ្ធមួយយប់ទល់ភ្លឺ រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា កម្លាំងផ្នែកជំនាញស្រុក និងការិយាល័យព្រហ្មទណ្ឌខេត្ត បន្តស៊ើបអង្កេតរកជនសង្ស័យ រហូតដល់ពេលល្ងាច និងពេលយប់ ដោយបានប្រើប្រាស់បន្ថែម ទូកម៉ាស៉ីនចំនួន០៥គ្រឿង ពេលព្រលប់សមត្ថកិច្ចរួមជាមួយប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានស្វែងរក និងឃាត់ខ្លួនជនសង្ស័យជាប្ដី ដែលសម្លាប់ប្រពន្ធខ្លួនឯង។
គួររំឭកថា សពជនរងគ្រោះត្រូវបាន ប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់នៅវាលស្រែ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចវាលស្រែ ស្ថិតក្នុងភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល បង្កឲ្យផ្អើលឆោឡោហើយបានរាយការណ៍ប្រាប់សមត្ថកិច្ច ។
សមត្ថកិច្ចបានឲ្យដឹងថា តាមការពិនិត្យធ្វើកោសលវិច័យឃើញថា សពស្ត្រីរងគ្រោះក្នុងភាពបាក់ដៃ និងផ្នែកក្បាលមានស្នាមកាប់ជម្រៅជ្រៅដល់លលាដ៍ក្បាលទៀតផង ។ ក្រោយពិនិត្យចប់សព្វគ្រប់បានប្រគល់សពទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ ឃុត សុផល ភេទប្រុសអាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខរោងចក្រ ។ ចំណែកស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ យ៉ាត ស្រីពៅ ភេទស្រីអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកក្ដាមលក់ ។ ជនសង្ស័យ និងជនរងគ្រោះ មានទីលំនៅភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ៕ ដោយ ៖ ជាយក្រុង