ក្រោយពេលលោកត្រាំចុះហត្ថលេខាលើច្បាប់ គាំទ្រក្រុមបាតុករហុងកុង នៅព្រឹកថ្ងៃទី២៨ខែវិច្ឆិកានេះ ក្រសួងការបរទេសចិនបានចេញសេចក្តីប្រកាសថា អាមេរិកមានចេតនាអាក្រក់ មកលើចិន ហើយគម្រោងអាក្រក់ទាំងនោះនឹងត្រូវបរាជ័យជាមិនខាន។
ប្រព័ន្ធផ្សព្វាផ្សាយចិនបានផ្សាយថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្តេជ្ញា ការពារគោលនយោបាយប្រទេសមួយរបបដឹកនាំពីរ ហើយការដែលលោកត្រាំ ចុះហត្ថលេខាលើច្បាប់ស្តីពីសិទ្ធិមនុស្សនៅកោះហុងកុង ប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងប្រទេសទាំងពីរ។
សារព័ត៌មាន CNBC បានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងការពារជាតិចិនបានបញ្ជាក់ថា «យើងសូមបញ្ជាក់ទៅកាន់អាមេរិក និងអ្នកនយោបាយមួយចំនួននៅកោះហុងកុងដែលត្រូវអាមេរិក អូសទាញថា កំវាយតម្លៃទាបចំពោះការសម្រេចរបស់យើង ក្នុងការធានាដល់សន្តិសុខស្ថេរភាព នៅកោះហុងកុង។ សូមកំឲ្យតម្លៃទាបចំពោះការប្តេជ្ញាការពារ នយោយ ប្រទេសមួយរបបគ្រប់គ្រងពីរ ។យើងនិងការពារអធិបតេយ្យ ប្រទេសជាតិរបស់យើង»។
ការលើកឡើងខាងលើរបស់ចិនក្រោយពេលដែលលោកត្រាំ ចុះហត្ថលេខាលើច្បាស់ ស្តីពីហុងកុង អាចធ្វើឲ្យទំនាក់ទំនងអាមេរិក-ចិន កាន់តែតានតឹង។ បន្ទាប់ពីសភាអាមេរិក បានអនុម័តរួចមក រហូតមកដល់ពេលនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខា ដើម្បីឲ្យក្លាយទៅជាច្បាប់ពេញលេញ ស្តីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកោះហុងកុង។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា បានចុះហត្ថលេខាលើច្បាប់គាំទ្រដល់ក្រុមបាតុកម្មហុងកុង បើទោះជាទីក្រុងប៉េកាំង បានប្រឆាំងយ៉ាងណាក្តី ។ សារព័ត៌មានរ៉យទ័រ បានផ្សាយថា សកម្មភាពខាងលើរបស់អាមេរិក នឹងបង្កឲ្យមានភាពតានតឹងជាថ្មី ហើយវានឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀង បញ្ចប់សង្គ្រាមពាណិជ្ជកម្ម រវាងមហាអំណាចទាំង២នេះថែមទៀតផង។ ច្បាប់ស្តីពីសិទ្ធិមនុស្សហុងកុង ត្រូវបានសភាអាមេរិកអនុម័ត កាលពីសប្តាហ៍កន្លងមក ដោយទទួលបានការគាំទ្រខ្ពស់បំផុត។
ច្បាប់ខាងលើ បានស្នើដល់រដ្ឋាភិបាលអាមេរិក ត្រូវតែចេញរបាយការណ៍ ស្តីពីការវាយតម្លៃលើច្បាប់សិទ្ធិមនុស្ស នៅហុងកុង ថាតើតំបន់នោះមានសិទ្ធិស្វ័យភាពគ្រាប់គ្រាន់ ដើម្បីឲ្យអាមេរិកផ្តល់អាទិភាព ក្នុងវិស័យពាណិជ្ជកម្មដែរឬទេ? ច្បាប់ខាងលើរបស់អាមេរិក ក៏បានដាក់ទណ្ឌកម្មទៅលើបុគ្គល ដែលបំពានសិទ្ធិមនុស្ស នៅហុងកុងផងដែរ។
លោក ត្រាំ បាននិយាយនៅក្នុងសេចក្តីប្រកាសថា «ខ្ញុំបានចុះហត្ថលេខាលើច្បាប់ខាងលើ ដោយសារតែការគោរពដល់ប្រធានាធិបតី ស៊ី ជីនពីង និងពលរដ្ឋចិន និងហុងកុង។ ច្បាប់ខាងលើសង្ឃឹមថា ទីក្រុងប៉េកាំង និងថ្នាក់ដឹកនាំកោះហុងកុង នឹងស្វែងរកដំណោះស្រាយសមស្របណាមួយ ដើម្បីបញ្ចប់វិវាទ នៅកោះហុងកុង»។
បាតុកម្មនៅហុងកុង បានផ្ទុះឡើង ចាប់តាំងពីខែមិថុនា រហូតមកទល់នឹងពេលនេះ ក៏មានបាតុករ ៤.៦០០នាក់ ត្រូវបានចាប់ខ្លួន និងរបួសជាច្រើន។
ក្រុមអ្នកឯកទេសលើកឡើងថា អាមេរិកគ្រោងចេញច្បាប់គាំទ្រក្រុមបាតុករយូណាសមកហើយ តែអាមេរិករងចាំមើលលទ្ធផលបោះឆ្នោតឃុំសង្កាត់នៅកោះហុងកុង ថាតើ ភាគីប្រជាធិបតេយ្យឬ ភាគីគាំទ្រចិន ជាអ្នកឈ្នះ ។
លទ្ធផលនៃការបោះឆ្នោតឃុំ សង្កាត់ពេលនេះជាសក្ខីកម្មមួយដែលបញ្ជាក់ថា ពលរដ្ឋហុងកុងភាគច្រើនបានបន្តគាំទ្របុព្វហេតុរបស់ក្រុមអ្នកប្រជាធិបតេយ្យដែលបានចុះផ្លូវធ្វើបាតុកម្មតាំងពី ៦ខែកន្លងមក។ បុព្វហេតុនោះ គឺសេរីភាព និងប្រជាធិបតេយ្យដោយទទូចឲ្យរដ្ឋអំណាចកណ្តាលនៅចិនដីគោកគោរពឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រទេសមួយប្រព័ន្ធពីរសម្រាប់ដែនដីស្វយ័តហុងកុង។ ពិតណាស់ក្នុងរយៈពេល ៦ខែកន្លងទៅ ហុងកុងបានធ្លាក់ក្នុងវិបត្តិនយោបាយមួយយ៉ាងជ្រៅតាមរយៈក្បួនបាតុកម្មបង្កប់ដោយអំពើហិង្សាគ្មានរលួសថ្ងៃរបស់ក្រុមសកម្មជនអ្នកប្រជាធិបតេយ្យ។
តែសម្រាប់ពលរដ្ឋហុងកុងទូទៅវិញ ពួកគេបានប្រើសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ពេលនេះដើម្បីគាំទ្របុព្វហេតុរបស់ក្រុមសកម្មជនអ្នកប្រជាធិបតេយ្យ និងដើម្បីចង់ព្រមានរដ្ឋអំណាចហុងកុងដែលមានទំនោររកចិនដីគោកថា ពួកគេមិនចង់ឃើញហុងកុងក្លាយជារដ្ឋប៉ូលិស និងរបបផ្តាច់ការឡើយ។ លោក Wu Chi-wai ប្រធានគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដ៏ធំនៅហុងកុងបានបញ្ជាក់ថា ដល់ពេលដែលរដ្ឋអំណាចហុងកុងត្រូវប្រឈមមុខនឹងមតិមហាជនដោយស្មោះត្រង់។ លោកស្រីការី ឡាំដែលជាប្រមុខរដ្ឋអំណាចហុងកុងមិនបានប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោតទេ តែបានថ្លែងថា លោកស្រីនឹងស្តាប់តាមមតិរបស់ប្រជាពលរដ្ឋ និងយកមតិនោះទៅគិតគូរដោយម៉ត់ចត់ជាទីបំផុត។
បញ្ហានៅត្រង់ថា លោកស្រីការី ឡាំមិនបានលំអិតបន្ថែមលើអ្វីដែលលោកស្រីចង់ធ្វើនោះទេ។ តែក្រុមប្រឆាំងបានរម្លឹកប្រាប់លោកស្រីឲ្យដោះស្រាយលើការទាមទារចំនួន ៥ របស់ពួកគេ ពិសេសបង្កើតឲ្យមានឡើងវិញនូវប្រព័ន្ធបោះឆ្នោតសកលសម្រាប់ជ្រើសរើសប្រមុខដឹកនាំហុងកុង និងបើកការស៊ើបអង្កេតស្តីពីអំពើហិង្សារបស់ប៉ូលិសលើក្រុមបាតុករ។ ប្រតិកម្មពីចិនដីគោកវិញ អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងនារសៀលថ្ងៃចន្ទ ទី២៥ វិច្ឆិកាថា ក្រុងប៉េកាំងនៅបន្តគាំទ្រលោកស្រីការី ឡាំជាប្រមុខដឹកនាំហុងកុង។
តើលទ្ធផលបោះឆ្នោតពេលនេះនឹងធ្វើឲ្យស្ថានការណ៍ហុងកុងវិវឌ្ឍក្នុងផ្លូវណា?។ លោក Willy Lam អ្នកវិភាគនយោបាយហុងកុងបានយល់ឃើញថា លទ្ធផលនេះអាចនឹងពន្លឿនការលាចុះពីតំណែងរបស់លោកស្រីការី ឡាំ និងក៏អាចធ្វើឲ្យវិបត្តិកាន់តែធ្លាក់ធ្ងន់ធ្ងរថែមទៀតដែរ។ តាមលោក Willy Lam ក្រុមបាតុករអ្នកប្រជាធិបតេយ្យនឹងប្រើលទ្ធផលបោះឆ្នោតនេះដើម្បីបន្តការតស៊ូកាន់តែខ្លាំងជាងមុន។ តែគេត្រូវដឹងថា ចិនដីគោកក៏នឹងមិនធ្វើសម្បទានអ្វីទាំងអស់៕