ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ដែលជាប្រធាន អនុប្រធានមុខព្រួញខេត្តកំពង់ស្ពឺ កណ្តាល និងរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំក្រសួងជាច្រើនរូបទៀត បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសារាចរលេខ ១១ សរណន ចុះថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៩ របស់រាជរដ្ឋាភិបាល ស្តីពី «ការចាត់វិធានការថែរក្សាទឹកទុក នៅសាលប្រជុំខេត្តកំពង់ស្ពឺ» ។
កិច្ចប្រជុំផ្សព្វផ្សាយសារាចរខាងលើនេះ មានការអញ្ជើញចូលរួមពីលោក វ៉ី សំណាង អភិបាលនៃ គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ មន្ទីរនានាជុំវិញរដ្ឋបាលខេត្ត អភិបាល នៃគណៈអភិបាលស្រុក-ក្រុង ប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ និងប្រធានសហគមន៍កសិករប្រើប្រាស់ទឹកទូទាំងខេត្ត សរុបប្រមាណជិត ៣០០ នាក់ ។
ជាកិច្ចចាប់ផ្តើមលោកអភិបាលខេត្ត ជំនួសមុខឲ្យថ្នាក់ដឹកនាំ មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធទាំងអស់ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោករដ្ឋមន្រ្តី និងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយសារាចររបស់រាជរដ្ឋាភិបាល នាថ្ងៃនេះ ។ លោកអភិបាលខេត្ត ក៏បានធ្វើសេចក្តីរាយការណ៍ពីភាពរីកចំរើន និងបញ្ហាប្រឈមមួយ ចំនួនពាក់ព័ន្ធនឹងគ្រោះទឹកជំនន់ ការខ្វះខាតទឹកសម្រាប់ការងារបង្កបង្កើនផល និងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត នាបណ្តាឆ្នាំកន្លងមក ។ ជាមួយគ្នានេះ ដើម្បីឲ្យគោលនយោបាយទឹកសម្រាប់ការងារបង្កបង្កើនផលមានភាពកាន់តែល្អ និងប្រសើរឡើង លោកអភិបាលខេត្ត ក៏បានធ្វើសំណូមពរចំពោះឯកឧត្តមរដ្ឋមន្រ្តីបង្កើតឡើងនូវអាងទឹក ប្រព័ន្ធធារាសាស្រ្តឲ្យបានច្រើន និងសាងសង់នូវស្ថានីយបូមទឹកខ្នាតធំមួយកន្លែង ដើម្បីផ្គត់ផ្គង់ទឹកដល់ស្រុកចំនួន ៣ របស់ខេត្តផងដែរ ។
លោក លឹម គានហោ ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងទាំងអស់ បានថ្លែងអំណរគុណចំពោះលោកអភិបាលខេត្ត ដែលបានបង្កលក្ខណៈងាយស្រួលដល់ក្រសួងធនធានទឹក និងឧតុនិយម ចុះមកធ្វើការផ្សព្វផ្សាយនូវសារាចរនេះ ។ ការប្រែប្រួលអាកាសធាតុ ជាប្រធានបទមួយដ៏សំខាន់សម្រាប់ពិភពលោកទាំងមូល ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ ពិសេសលើបញ្ហាសន្តិសុខទឹក ជាក់ស្តែង ចាប់ពីបច្ចុប្បន្នរហូតដល់ពេលមានភ្លៀងធ្លាក់សារជាថ្មីនៅក្នុងឆ្នាំ ២០២០ ខាងមុខ ។ បន្ទាប់ពីទទួលបាននូវសារាចរ ក្នុងនាម លោករដ្ឋមន្រ្តីជាប្រធានស្ថាប័ន បានចាត់តាំងថ្នាក់ដឹកនាំក្រសួងដែលទទួលមុខព្រួញទាំង ២៥ រាជធានី ខេត្ត ចុះធ្វើការផ្សព្វផ្សាយជូនអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ យកទៅអនុវត្ត ពិសេសបងប្អូនប្រជាពលរដ្ឋឲ្យយល់ជ្រួតជ្រៀប និងទូលំទូលាយពីសារៈសំខាន់របស់ទឹក ក្នុងន័យធ្វើយ៉ាងចូលរួមគ្រប់គ្រង និងថែរក្សាទឹកឲ្យបានល្អប្រសើរ ចៀសវាងមានសភាពការណ៍កើតឡើងដូចនាឆ្នាំ ២០១៥-២០១៦ ។
ចំពោះសំណូមពររបស់លោកអភិបាលខេត្ត ឯកឧត្តមរដ្ឋមន្រ្តីបានសម្រេចផ្តល់ជូន ស្ពានបេតុងមួយកន្លែង កាត់ប្រឡាយមេរលាំងជ្រៃខាងជើង ត្រង់ចំណុចភូមិទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បារមន និងចាត់អ្នកបច្ចេកទេស ចុះធ្វើការសិក្សាជាបន្ទាន់ក្នុងការតម្លើងស្ថានីយបូមខ្នាតធំមួយគ្រឿង សម្រាប់ជួយ ដល់ស្រុកសំរោងទង គងពិសី និងស្រុកបសេដ្ឋ ។ សមិទ្ធផលដែលកើតមានឡើងនៅពេលនេះ គឺដោយ សារប្រទេសជាតិយើងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា មានការរីកចំរើនលើគ្រប់វិស័យ ដែលយើងទាំងអស់គ្នាត្រូវចូលរួម ថែរក្សា និងការពារឲ្យបាន៕
ដោយ៖ សុខ ខេមរា