ខេត្តព្រះវិហារ ៖ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញនេះ លោក នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ នឹងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះទៅដល់ទីតាំង «សាលារៀនអូរជុញ» ដោយផ្ទាល់ ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាអូរជុញ ក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ។
សូមអបអរសាទរអគារសិក្សាថ្ម ២ខ្នង ស្នើនឹង១២បន្ទប់ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលាបឋមសិក្សាអូជុញ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីម្សិលមិញបានចាត់ឲ្យលោក គន់ គីម អនុប្រធានទី ១ គណៈកម្មាធិ ការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ចុះទៅពិនិត្យស្វែងយល់ពីតម្រូវការចាំបាច់ និងសង់អគារសិក្សាជាបន្ទាន់សម្រាប់ការសិក្សារបស់សិស្ស ក្រោយពីទទួលព័ត៌មានថាសិស្សានុសិស្សអង្គុយរៀនលើកម្រាលតង់ក្រោមដើមឈើតាមរយៈការបង្ហោះសារដោយលោកគ្រូ-អ្នកគ្រូនៃសាលាបឋមសិក្សាអូរជុញ ខេត្តព្រះវិហារ ៕