ប្រទេសរស្សុី៖ អាមេរិកកាន់តែបារម្ភក្រោយពេលរុស្ស៊ីទទួលបានជោគជ័យ ក្នុងការសាកល្បងមីស៊ីលឆ្លងទ្វីបគ្មានគូប្រៀប សូម្បីតែអាមេរិក ក៏មិនអាចទប់ទល់បានឡើយ ។ សកម្មភាពទាំងនោះហើយធ្វើឲ្យអាមេរិកកាន់តែបារម្ភ ពីការចាញ់ប្រៀបរុស្ស៊ី ក្នុងវិស័យអាវុធ ។
ចំណុចទាំងនោះហើយបានជា អាមេរិក សម្រេច ដកខ្លួនចេញពីសន្ធិសញ្ញា អាវុធ ជាមួយរុស្ស៊ី ដើម្បីបង្កើនការផលិតអាវុធជាថ្មី ។ កន្លងមក លោកត្រាំបានប្រកាសថា អាមេរិកចាញ់រុស្ស៊ី នៅក្នុងវិស័យផលិតអាវុធល្បឿនលឿនជាងសំឡេង។
ជាមួយគ្នានេះ កងកម្លាំងកាំជ្រួចមីស៊ីលយុទ្ធសាស្ត្ររបស់រុស្ស៊ី កាលពីថ្ងៃទី២៨ខែវិច្ឆិកាបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ICBM ប្រភេទ Topol ដោយបាញ់ចេញពីទីតាំង Kapustin Yar ស្ថិតនៅតំបន់ Astrakhan នៅភាគខាងត្បូងរុស្ស៊ី។
តាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ក្បាលគ្រាប់មីស៊ីលបានបាញ់ចំគោលដៅដែនបានកំណត់ទុក នៅតំបន់ Sary Shagan ស្ថិតនៅតំបន់ស្វ័យភាព Kazakhstan ។
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការពារជាតិបានបញ្ជាក់យ៉ាងច្បាស់ថា «នៅថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងកាំជ្រួចមីស៊ីលយុទ្ធសាស្ត្ររបស់រុស្ស៊ីបានបាញ់មីស៊ីលឆ្លងទ្វីប Topol ដោយបាញ់ចេញពីទីតាំង Kapustin Yar ទៅចំគោលដៅដែលបានកំណត់ទុក»។
កាំជ្រួចមីស៊ីលឆ្លងទ្វីប Topol អាចបាញ់បានចម្ងាយដល់ទៅ១១ពាន់គីឡូម៉ែត្រអាចបំពាក់ក្បាល គ្រាប់បរមាណូ ១មីហ្គាតុន ។
ប្រភពព័ត៌មានបានឲ្យដឹងថា កាំជ្រួចមីស៊ីល មាន ៣ជាន់ បំពាក់ក្បាលគ្រាប់មានកម្លាំងផ្ទុះស្មើ៥សែនតោន រំសេវ TNT ។ មីស៊ីល Topol របស់រុស្ស៊ី មានទំហំនិងរូបរាងដូចជាមីស៊ីលឆ្លងទ្វីបរបស់អាមេរិក Minuteman ។ ចំណុចពិសេសរបស់មីស៊ីលរុស្ស៊ីគឺ គ្មានគូប្រៀបឡើយនៅលើពិភពលោកនេះ។ មិនតែប៉ុណ្ណោះមីស៊ីលវាយប្រហារចំគោលដៅខ្ពស់ដោយប្រើរយៈពេលខ្លីបំផុត។ មីស៊ីល Topol របស់រុស្ស៊ីអាចបាញ់ចេញពីជើងទម្រ ចល័ត ក៏ដូចជា ជើងទម្រ នៅក្នុងរូងក្រោមដីផងដែរ។
កន្លងមក កាលពី ទី៣០ ខែតុលា ឆ្នាំ២០១៩ រុស្ស៊ី ធ្វើតេស្ដមីស៊ីលអន្តរទី្វប ICBM ដោយជោគជ័យចេញពីនាវាមុជទឹកដើរដោយថាមពលបរមាណូ។ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា៖ យោធារបស់ខ្លួនបានបាញ់សាកល្បងដោយ ជោគជ័យនូវមីស៊ីលបាលិស្ទីគអន្តរទ្វីបមួយគ្រាប់ ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែល ត្រូវបានផលិតឡើង ដើម្បីកម្ទេចប្រព័ន្ធការពារដែនអាកាសលោកខាងលិច។
យោងតាមក្រសួងការពារជាតិរុស្ស៊ី មីស៊ីលខាងលើដែលត្រូវបានធ្វើតេស្ដគឺជាប្រភេទមីស៊ីល Bulava ដោយ វាត្រូវបានបាញ់ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរស៊េរីថ្មី Prince Vladimir ព្រមទាំងហោះ បានចំងាយរាប់ពាន់គីឡូម៉ែត្រ។ នាវាមុជទឹក Prince Vladimir ទំនងជានឹងត្រូវដាក់ឱ្យដំណើរការនៅ ដំណាច់ឆ្នាំ២០១៩នេះ។
គួរបញ្ជាក់ថា Bulava ត្រូវបានតេស្ដមីស៊ីលចេញពីតំបន់សមុទ្រស ស្ថិតនៅភាគពាយព្យនៃតំបន់ Arkhangelsk ឆ្ពោះទៅកាន់តំបន់ធ្វើតេស្ដមីស៊ីល Kura នៃតំបន់ភាគខាងកើតចុងបំផុតប្រទេសរុស្ស៊ី។ Bulava គឺជាប្រភេទ មីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរពី ៦ដល់១០គ្រាប់ ហើយ អាចបាញ់បានចំងាយ ៨,៣០០គីឡូម៉ែត្រ៕
ដោយ៖ មែវ សាធី