ប្រទេសបារាំង៖ ភ្នាក់ងារព័ត៌មានរ៉យទ័របានផ្សាយថា ទន្លេ Riviera ទឹកបានហូរកួចយ៉ាងខ្លាំង ខណៈនៅក្នុងតំបន់នោះ មានភ្លៀងធ្លាក់ខ្លាំងអូសបន្លាយពេល១សប្តាហ៍មកហើយ ។ ជំនន់ទឹកភ្លៀងបានវាយប្រហារតំបន់ភាគខាងត្បូងប្រទេសបារាំង បានសម្លាប់មនុស្សយ៉ាងតិច២នាក់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ។
ស្ថានភាពអាកាសធាតុត្រជាក់នៅក្នុងតំបន់ក៏បានបណ្តាលឲ្យមនុស្ស៦នាក់មកហើយបានបាត់បង់ជីវិតកាលពីសប្តាហ៍មុន ។ ប្រភពបានបន្តថា នៅតំបន់ Var បុរសគង្វាលសត្វចៀមម្នាក់ ត្រូវទឹកហូរកួចទៅជាមួយរថយន្តរបស់គាត់ ខណៈកំពុងព្យាយាមបើកឆ្លងកាត់ផ្លូវទឹកហូរ ដើម្បីទៅរកសត្វចៀម ។
សាកសពរបស់គាត់ ត្រូវបានរកឃើញជាមួយនឹងរថយន្ត នៅចម្ងាយប្រហែល៣០០ម៉ែត្រ ពីទីកន្លែងដែលជួបគ្រោះថ្នាក់នោះ កាលពីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ។ ចំណែកបុរសម្ចាស់ក្រោលសត្វម្នាក់ទៀត ត្រូវបានគេរកឃើញសាកសពបន្ទាប់ពីត្រូវទឹកហូរកួចយករូបគាត់ ខណៈកំពុងតាមឃ្វាលសត្វរបស់គាត់ ។
តំបន់ Var និង Alpes-Maritimes ទាំង២កន្លែងនេះ ស្ថិតនៅក្នុងកម្រិតព្រមានអាសន្នពណ៌ក្រហមអំពីគ្រោះទឹកជំនន់នៅឡើយ បង្កឲ្យអាក់ខានការធ្វើដំណើរតាមផ្លូវដែក និងបិទចរាចរណ៍ផ្លូវមួយខ្សែក្នុងតំបន់អស់រយៈពេល៤ម៉ោង កាលពីល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩។
បញ្ហាអាកាសធាតុអាក្រក់នេះផងដែរ នៅបានបណ្តាលឲ្យអាក់ខានដល់ព្រឹត្តិការណ៍វប្បធម៌ និងកីឡា ក្នុងនោះមានការលុបចោល ព្រឹត្តិការណ៍ប្រកួតបាល់ទាត់នៅទីក្រុង Manco ជាដើម ។កាលពីអំឡុងសប្តាហ៍មុន ភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យមនុស្សស្លាប់រហូតដល់៦នាក់ ស្ថិតនៅក្នុងតំបន់ Var របស់ប្រទេសបារាំងនោះផងដែរ៕
ដោយ៖ មែវ សាធី