ខេត្តសៀមរាប ៖ អ្នកនាំរដ្ឋបាលខេត្តសៀមរាប គិតត្រឹមវេលាម៉ោង១៩៖០០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសង្គ្រោះបានរកជន រងគ្រោះដែលបានធ្លាក់កប់ក្នុងគំនរ សំណង់ចំនួន១៦អង្គ/នាក់ (ព្រះសង្ឃ២អង្គ) ក្នុងនោះ ៖ រងរបួសធ្ងន់០៤នាក់ (ជាងសំណង់ ០៣នាក់ និងប្រជាការពារ ០១នាក់) , ស្លាប់ចំនួន ០៣នាក់ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ,រងរបួសស្រាលចំនួន០៩អង្គ/នាក់ (ព្រះសង្ឃ o២អង្គ ប្រជាការពារ ០១នាក់ និងជាងសំណង់០៦នាក់) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។
តាមការផ្ទៀងផ្ទាត់ជាមួយកម្លាំងរួមឃើញថា ជនរងគ្រោះត្រូវបានរកឃើញ និងសង្គ្រោះ គឺពុំមានជនរងគ្រោះនៅសេសសល់ឡើយ ។ យ៉ាងណាក្រុមការងារនៅតែធ្វើកិច្ចប្រតិបត្តិការដោយការ ប្រយ័ត្នប្រយែង ដោយហេតុថាអាច មាននៅសល់ជនរងគ្រោះជាយថាហេតុ ។
ចំពោះឧបទ្ទវហេតុបាក់រលំអគារដែលកំពុងដំណើរការចាក់បេតុងសាងសង់សាលាធម្មសភា បានកើតឡើងម៉ោង ១៤៖១៥នាទីរសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ។ សាលាធម្មសភាមានទំហំទទឹង៣០ម៉ែត្រ បណ្តោយ៤០ម៉ែត្រ និងកម្ពស់៨ម៉ែត្រ ស្ថិតនៅវត្តប្រាសាទ គោកចក ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
កម្លាំងចម្រុះដែលបានចូលរួមរុករកជនរងគ្រោះរួមមាន ៖ នគរបាល កងរាជអាវុធហត្ថ ប្រជាការពារ យោធា ព្រះសង្ឃ ប្រជាពលរដ្ឋ ។ ជាលទ្ធផលរុករកឃើញជនរងគ្រោះ១៦នាក់ដែលកប់ក្រោមអគារបាក់រលំនេះ ៕ ដោយ ៖ជាយក្រុង