ពលរដ្ឋហ្វីលីពីន​រាប់សែននាក់ត្រូវជម្លៀស​ទៅកាន់តំបន់សុវត្ថិភាពដោយព្យុះKammuri

ចែករំលែក៖

ប្រទេសហ្វីលីពីន៖ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩ បានផ្សាយថា ព្យុះទីហ្វុង កាំមួរិ (Kammuri) បានបោកបក់មកដល់ទឹកដីនៃប្រទេសហ្វីលីពីន បន្ទាប់ពីអាជ្ញាធរបានជម្លៀសប្រជាជនប្រមាណ ២០០,០០០នាក់ និងព្រមានឲ្យប្រុងប្រយ័ត្នចំពោះទឹកជំនន់ព្រមទាំងបាក់ដីថែមទៀតនោះ។ ការវាយប្រហារនៃព្យុះទីហ្វុងនេះ កើតមានឡើងចំពេលដែលហ្វីលីពីនកំពុងធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (SEA Games)។

ព្យុះទីហ្វុង Kammuri ដែលជាព្យុះទីហ្វុងទី ២០ ក្នុងឆ្នាំ២០១៩នេះ បានធ្វើដំណើរមកដល់ភាគខាងកើតហ្វីលីពីន ហើយកំពុងតែបន្តបោកបក់ ឆ្លងកាត់ភាគកណ្តាលប្រទេសនេះ ឆ្ពោះចេញទៅកាន់ភាគខាងលិច។ ទីភ្នាក់ងារឧតុនិយមហ្វិលីពីន បានឲ្យដឹងថា ព្យុះនេះកំពុងមានកម្លាំងខ្យល់បក់ជាមធ្យម ១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង។

អាជ្ញាធរហ្វីលីពីនបានព្រមាន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីបំណាក់ដី រលកធំៗ និងទឹកជំនន់ ដែលបង្កឡើងដោយការធ្លាក់ភ្លៀងខ្លាំង។ ជាមួយគ្នានេះមុនការមកដល់នៃព្យុះទីហ្វុងខាងលើ មនុស្សខ្ទង់ ២០០,០០០នាក់ត្រូវបានជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព នៅតាមបណ្តាខេត្ត ដែលស្ថិតលើគន្លងផ្លូវធ្វើដំណើររបស់ព្យុះ។ ខណៈមានសេចក្តីរាយការណ៍ ពីការខូចខាតទ្រង់ទ្រាយតូចនៅតំបន់ខ្លះៗ ពុំទាន់មានការរាយការណ៍អំពីការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ឬមនុស្សរងគ្រោះថ្នាក់នៅឡើយទេ។

ដោយឡែកអាកាសយានដ្ឋានអន្តរជាតិ ធំបំផុតប្រចាំនៅទីក្រុងម៉ានីល នឹងត្រូវផ្អាកដំណើរការរយៈពេល ១២ម៉ោងគិតចាប់ពីថ្ងៃ ១១៖០០នាទីព្រឹករហូតដល់ម៉ោង ១១៖០០នាទីយប់ថ្ងៃអង្គារនេះ (ពេលវេលាក្នុងទីក្រុងម៉ានីល) ប៉ុន្តែការធ្វើដំណើរតាមផ្លូវអាកាស នឹងនៅតែបន្តជាធម្មតា នៅតាមតំបន់ដទៃទៀតដែលមិនរងការប៉ះពាល់។ ក្រៅពីនេះអគាររដ្ឋាភិបាលនិងសាលារៀន ក៏ត្រូវបានបិទទ្វារផងដែរ នៅតាមតំបន់រងការប៉ះពាល់។

ពាក់ព័ន្ធព្រឹត្តិការណ៍ស៊ីហ្គេមវិញ កម្មវិធីប្រកួតមួយចំនួនត្រូវបានពន្យារពេល ជាពិសេសវិញ្ញាសាប្រកួត ដែលតម្រូវឲ្យធ្វើឡើងនៅលើផ្ទៃទឹក។គួរជម្រាបថា ជាមធ្យមក្នុងមួយឆ្នាំៗប្រទេសហ្វីលីពីនតែងរងការវាយប្រហារ ដោយខ្យល់ព្យុះយ៉ាងតិច ២០ ដែលតែងតែបានផ្តាច់យកជីវិតមនុស្សរាប់រយនាក់។ ព្យុះដែលអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តហ្វីលីពីន គឺកំពូលព្យុះទីហ្វុងឈ្មោះហៃយ៉ាន (Haiyan) ដែលបានបណ្តាលឲ្យមនុស្សស្លាប់ ឬបាត់ខ្លួនសរុបជាង ៧,៣០០នាក់កាលពីឆ្នាំ២០១៣៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print