រដ្ឋាភិបាលជប៉ុនចំណាយថវិកាទិញកោះសម្រាប់ទាហានអាមេរិក កំឲ្យរំខានដល់ពលរដ្ឋ

ចែករំលែក៖

ប្រទេសជប៉ុន៖ សំឡេងរំខាន​របស់យន្តហោះចម្បាំងអាមេរិក​បានធ្វើឲ្យពលរដ្ឋជប៉ុនតវ៉ាជាច្រើននាពេលកន្លងមក។ទាំងនោះហើយ​បានជាជប៉ុនចំណាយប្រាក់​ជិត​១៥០លានដុល្លារទិញកោះឲ្យអាមេរិកធ្វើសមយុទ្ធ។

កាលពីថ្ងៃទី​១២ខែធ្នូ​ រដ្ឋាភិបាលជប៉ុនបានប្រកាសថា ប្រទេសនេះ​នឹងទិញកោះដ៏ធំមួយគ្មានមនុស្សរស់នៅ ស្ថិតនៅនិរតីប្រទេសនេះទុកឲ្យទាហានអាមេរិក ធ្វើសមយុទ្ធ។

ប្រធានការិយាល័យរដ្ឋាភិបាលជប៉ុនលោក​ Yoshihide Suga ​បានឲ្យដឹងថា​រដ្ឋាភិបាលបានពិភាក្សា ជាមួយ​ម្ចាស់កម្មសិទ្ធិកោះ​ Mageshima ហើយបានផ្តល់តម្លៃទិញកោះគិតជាទឹកប្រាក់ចំនួន ១៤៦លានដុល្លារ​។

កន្លងមក រដ្ឋាភិបាលទីក្រុងតូក្យូនិងវ៉ាស៊ីនតោនបាន ព្រមព្រៀងគ្នា ផ្លាសប្តូរទីតាំងសម្រាប់ហ្វឹកហាត់​យន្តហោះចម្បាំង ​ទៅកាន់កោះ​ Mageshima វិញ​។ កោះនេះស្ថិតនៅចម្ងាយពីឆ្នេរសមុទ្រជប៉ុន​តែ​៣០គីឡូម៉ែត្រតែប៉ុណ្ណោះ​។

កម្លាំងទាហានអាកាសអាមេរិក ​ត្រូវបានហាមប្រាមហ្វឹកហាត់ហោះហើរនៅទីតាំងយោធា ដែលមានពលរដ្ឋរស់នៅច្រើន បង្កឲ្យមានសំឡេងរំខាន ។ ជប៉ុនអនុញ្ញាតឲ្យទាហានអាមេរិក​ហ្វឹកហាត់នៅ​តំបន់​ Iwo Jima ​មានចម្ងាយពីទីក្រុងតូក្យូ ១២០០គីឡូម៉ែត្រ​​ ប៉ុន្តែភាគីអាមេរិក​បានត្អូញត្អែថា​ឆ្ងាយពេក ពីទីតាំងយោធា​នៅទីក្រុង Iwakuni ។

ក្រោយពេលទិញកោះ​ Mageshima រដ្ឋាភិបាលជប៉ុន នឹងចាប់ផ្តើមសាងសង់ ទីតាំងយោធាថ្មី នៅទីនោះ ដើម្បីឲ្យយន្តហោះចម្បាំងអាមេរិក ហោះហើរនិងចុះចត។ មិនតែប៉ុណ្ណោះទីក្រុងតូក្យូមានគម្រោងបញ្ជូនទាហានអាមេរិក មួយចំនួនធំទៅឈរជើងនៅលើកោះនោះវិញ​ ជាការបំពេញតាមការចង់បានរបស់ពលរដ្ឋ រស់នៅជិតទីតាំងយោធាអាមេរិក​នៅ​ Okinawa ៕

...


ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print