បាតុកម្មបន្តកើតឡើងនៅក្នុងប្រទេសបារាំងជាថ្មីម្តងទៀត ក្រោយបាតុករអាវកាក់លឿងបានស្ងប់ស្ងាត់មួយរយៈ ។ ក្រុមបាតុករប្រឆាំងនិងគោលនយោបាយសោធននិវត្តន៍ របស់ប្រធានាធិបតីម៉ាក្រុង។មិនតែប៉ុណ្ណោះក្រុមបាតុករក៏បានទាមទារឲ្យប្រធានាធិបតីចុះចេញពីតំណែងផងដែរ ។
បាតុកម្មនៅទីក្រុងប៉ារីស ប៉ូលិស បានបាញ់ទឹកទៅលើក្រុមបាតុករ នារសៀលថ្ងៃទី៥ខែធ្នូ។ បាតុករជ្រុលនិយម មួយចំនួនក៏បានដុតបំផ្លាញរថយន្ត បាយកម្ទេចកញ្ជក់ បង្អូចស្ថានីយ៍រថយន្តក្រុង។ ប៉ុលិសជាង ៦ពាន់នាក់ បានចូលរួម ទប់ស្កាត់អំពើហិង្សាបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ។ នៅរសៀលថ្ងៃទី៥ខែធ្នូ មានបាតុករ៧នាក់ត្រូវបានចាប់ខ្លួន។ក្រុមបាតុករនៅទីក្រុងប៉ារីសក៏បានស្រែក ពាក់ស្លោកឲ្យប្រធានាធិបតី ម៉ាក្រុងលាលែងចេញពីតំណែង។
ពលរដ្ឋនិងពលករក្នុងវិស័យដឹកជញ្ជូន បារាំង បាននាំគ្នាដង្ហែរក្បួនបាតុកម្មកាលពីថ្ងៃទី៥ខែធ្នូ ដើម្បីដាក់គំនាប់ទៅលើប្រធានាធិបតី Emmanuel Macron ឲ្យត្រួតពិនិត្យឡើងវិញ នៅគោលនយោបាយ សោធននិវត្តន៍ ។ ការធ្វើបាតុកម្មនោះពីសំណាក់ពលករសេវាដឹកជញ្ជូនសាធារណៈ បង្កឲ្យរាំងស្ទះ អ្នកដំណើរត្រូវជាប់គាំង។
តាមតួលេខ ពលរដ្ឋបារាំង ជាង ៨សែននាក់ បាននាំគ្នាដង្ហែរក្បួនបាតុកម្មនៅបណ្តាទីក្រុងធំៗ ទូទាំងប្រទេស នៅក្នុងបាតុកម្មនោះមានការចូលរួមពីពលករផ្លូវដែក គ្រូបង្រៀន និង បុគ្គលិកមន្តីពេទ្យ ចូលរួមបាតុកម្មប្រឆាំង ប្រធានាធិបតីម៉ាក្រុង ពីគោលនយោបាយសោធននិវត្តន៍។
ការធ្វើបាតុកម្មនោះ បណ្តាលឲ្យបារាំងធ្លាក់នៅក្នុងសភាពជាប់គាំ ហើយអាចអូសបន្លាយជាច្រើនថ្ងៃ ដោយក្រុមបាតុករប្តេជ្ញាបន្តធ្វើបាតុកម្ម។ ក្រុមបាតុករលើកឡើងថា គោលនយោបាយសោធននិវត្តន៍ បានធ្វើឲ្យពលរដ្ឋរាប់លាននាក់ត្រូវធ្វើការយូជាងតែប្រាក់ និវត្តន៍តិចជាងមុន។
សេវាកម្មសាធារណៈ មានដូចជា រថយន្តក្រុង រថភ្លើង រងផលប៉ះពាល់ខ្លាំងជាងគេ ដោយមានអ្នកដំណើរជាច្រើនត្រូវជាប់គាំង។ ក្រៅពីនេះក៏មានជើងហោះហើរមួយចំនួន ត្រូវបានលុបចោលផងដែរ ក្រៅពីនេះក៏មានសាលារៀនមួយចំនួនក៏បានបិទទ្វារ ។ នេះជាបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនិងលោកម៉ាក្រុង បន្ទាប់ពីបាតុកម្ម អាវកាក់លឿង កាលពិឆ្នាំកន្លងមក ៕