វិស័យកសិកម្មនៅយេមែន គំរាមកំហែងប្រហារពីហ្វូងកណ្តូប

ចែករំលែក៖

កន្លងមកនៅក្នុងប្រទេសមួយចំនួន​ ដូចជារុស្ស៊ី​ និងបណ្តាប្រទេសតំបន់អារ៉ាប ​រងការវាយប្រហារ ដោយហ្វូងកណ្តូប រាប់ពាន់លានក្បាល​ចុះមកបំផ្លាញផលដំណាំ ។ នៅពេលនេះប្រទេសយេមែន ជាប្រទេស ក្រីក្រ ប្រឈមនិងសង្គ្រាម​ កង្វះស្បៀងអាហារ ពេលនេះកំពុងប្រឈម ការវាយប្រហារដោយហ្វូងកណ្តូបបំផ្លាញផលដំណាំ ។

មន្រ្ដីជំនាញ បានថ្លែងថា វិស័យកសិកម្ម នៅក្នុងប្រទេសយេមែន (Yemen) បានធ្លាក់ចុះកាន់តែខ្លាំងឡើង ចាប់តាំងពីការផ្ទុះសង្រ្គាមស៊ីវិល នាអំឡុងឆ្នាំ២០១៥ រវាងកងកម្លាំងរបស់លោក Abdrabbuh Mansur Hadi ដឹកនាំប្រទេសយេមែន និងក្រុមឧទ្ទាមហ៊ូធី។ សង្រ្គាមដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកនេះ ធ្វើឲ្យប្រជាពលរដ្ឋ នៅក្នុងប្រទេសនេះ​ ប្រហែល​១៤លាននាក់ កំពុងប្រឈមនឹងបញ្ហាខ្វះខាតស្បៀងអាហារ ។

មន្រ្ដីដដែល បានបន្ដថា តំបន់ Tihama ស្ថិតនៅភាគខាងលិច នៃប្រទេសយេមែន ជាកន្លែងអំណោចផលល្អ សម្រាប់វិស័យកសិកម្ម។ នៅឆ្នាំនេះ ដំណាំពោត នៅក្នុងតំបន់នោះ មានការលូតលាស់ ព្រោះមានភ្លៀងធ្លាក់គ្រប់គ្រាន់។ ប៉ុន្ដែនៅពេលរដូវរងារ​ បានចូលមកដល់  ហ្វូងសត្វកណ្ដូប​​រាប់លានក្បាល បានវាយប្រហារទៅលើដំណាំទាំងនោះ។ កត្ដាទាំងនេះ នឹងធ្វើឲ្យទិន្នផលដំណាំធ្លាក់ចុះយ៉ាងខ្លាំង ខណៈប្រទេសដែលហែកហួរ ដោយ សារសង្រ្គាមនេះ កំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារ។ ដោយឡែក ប្រជាពលរដ្ឋខ្លះ ក៏បានចាប់វាយកទៅលក់ ដែលមានតម្លៃ ក្នុងមួយបាវ ប្រហែល ចន្លោះពី១២ដុល្លារអាមេរិកឡើងទៅ ។

អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានព្រមានថា ប្រសិនបើ​អាជ្ញាធរ​ ក៏ដូចជា មន្រ្ដីជំនាញពាក់ព័ន្ធ នៅក្នុងប្រទេសយេមែននេះ មិនមានវិធានការណាមួយ ទប់ទល់នឹងហ្វូងកណ្ដូបនេះឲ្យទាន់ពេលវេលាទេនោះ គឺនៅក្នុងរដូវរងានេះ វានឹងបំផ្លិចបំផ្លាញនៅតំបន់កសិកម្មទាំងនោះ ។

លោក Adel Sheibani ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងកណ្ដូប នៅតំបន់វាលខ្សាច់ បានថ្លែងថា ដោយសារតែប្រទេសកើតមានសង្គ្រាម រដ្ឋាភិបាលយេមែន មិនអាចប្រតិបត្ដិការទប់ទល់នឹងសត្វកណ្ដូបនេះឲ្យមានប្រសិទ្ធភាពឡើយ។ រហូតមកដល់ពេលនេះ យើងកំពុងតែប្រឈមមុខនឹងឧបសគ្គជាច្រើន។ ដោយឡែក បញ្ហាចម្បង ​សម្រាប់ការងារគ្រប់គ្រងសត្វកណ្ដូបនោះ គឺបញ្ហាសន្ដិសុខ នៅក្នុងតំបន់ ហើយតំបន់ខ្លះ ក៏យើងមិនអាចចូលទៅដល់ដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print