ខេត្តពោធិ៍សាត់៖ កុមារាអាយុ ៧ឆ្នាំម្នាក់លង់ទឹកស្រះស្លាប់យ៉ាងសង្វេក ខណៈត្រូវបានគេសង្ស័យចុះដកក្រអៅឈូក ប៉ុន្តែនេះជាការធ្វេសប្រហែសរបស់អាណាព្យាបាលនោះផងដែរ ។
ហេតុការណ៍ក្មេងលង់ទឹកស្រះបណ្ដាលឲ្យស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៤ និង៥៥នាទី រសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចស្រះទឹកសហគមន៍ ស្ថិតក្នុងភូមិនិគមលើ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកាន កុមារារងគ្រោះ(ស្លាប់)ឈ្មោះ វឿន វីរ៉ាត់ អាយុ ៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិងក្នុងភូមិ.ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបន្តទៀតថា បន្ទាប់ទទួលបានសេចក្តីរាយការណ៍អំពីហេតុការណ៍ភ្លាម សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការ ចុះស្រាវជ្រាវ និងធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ ទើបអាចសន្ថិដ្ឋានក្មេងចូលលេងទឹកស្រះកន្លែងរាក់ ដោយឃើញម្ខាងមានឈូកសង្ស័ចង់ទៅបេះឬដកក្រអៅឈូក ប៉ុន្តែចំកន្លែងជ្រៅក៍លង់បណ្ដាលឲ្យស្លាប់បែបនេះ សាកសពបានធ្វើកំណត់ហេតុប្រគល់ទទួលជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន