ភ្នំពេញ៖កន្លែងលក់ផ្លែឈើនៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ ខណ្ឌច្បារអំពៅ នៅតែបន្តការលក់យ៉ាងអនាធិបតេយ្យដដែល បើទោះបីជា លោក រស់ សុភ័គ្គ អភិបាលរងខណ្ឌច្បារអំពៅ ធ្លាប់ប្រជុំណែនាំ និង មានវិធានការរុះរើ ចេញម្តងរួចក៏ដោយ ។
អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវមួយនេះ ថ្លែងប្រាប់ នៅថ្ងៃទី៧ ខែធ្នូ នេះ ថា ចំណុចស្ពានគល់ព្រះមុនីវង្សចាស់នេះ គឺ ធំទូលំទូលាយណាស់ ងាយស្រួលក្នុងការធ្វើដំណើរ ។ ប៉ុន្តែដោយសារតែអ្នកលក់ផ្លែឈើ បានយកចំណីផ្លូវសាធារណៈ មកលក់ដូរ បង្កការកកស្ទះចរាចរណ៍ និង អាចបង្កគ្រោះថ្នាក់ចរាចរណ៍ ថែមទៀតផង ។
អ្នកធ្វើដំណើរដដែល សំណូមពរដល់អាជ្ញាធរខណ្ឌច្បារអំពៅ មេត្តាមានវិធានការអោយមានប្រសិទ្ធភាពផង កុំណែនាំហើយ ក្រោយមកអ្វីៗវិលមករកសភាពដូចដើមវិញ ដូច្នេះ ។
ជុំវិញបញ្ហានេះ លោក រស់ សុភ័គ្គ អភិបាលរងខណ្ឌច្បារអំពៅ ថ្លែងប្រាប់ ថា លោកនឹងអោយកម្លាំងចុះពិនិត្យមើលករណីនេះ ។
ទោះបីយ៉ាងណា ពេលនេះ វិធានការមានប្រសិទ្ធភាព គឺ គ្មានឡើយ ដោយអ្វីៗវិលមករកសភាពដូចដើម ការលក់អនាធិបតេយ្យ នៅដដែល ។
កាលពីពេលកន្លងទៅ ក៏ធ្លាប់មានបញ្ហាផងដែរ ដោយអ្នកលក់ផ្លែឈើនៅគល់ស្ពានអំពៅ នេះ បានជំរិតទារប្រាក់អ្នកលក់ដូរតូចតាច រួចកើតមានអំពើហិង្សា ដោយយកឈ្មោះ លោក គួច ចំណាន ប្រធានផ្សារច្បារអំពៅ ជាខ្នងបង្អែក ផងដែរ តែលោក គួច ចំណាន បានបដិសេធ ករណីនេះ ៕