ប្រទេសអ៊ឺរ៉ង់៖ អ៊ីរ៉ង់ដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស Bavar-373 ទៅកាន់ស៊ីរី ។សកម្មភាពខាងលើកើតឡើង ក្រោយពេលអ៊ីស្រាអែល បើកការវាយប្រហារតាមដែនអាកាសជាបន្តបន្ទាប់នៅលើទឹកដីស៊ីរី ពេលនេះអ៊ីរ៉ង់បានសម្រេចបញ្ជូនប្រព័ន្ធការពារមីស៊ីលផលិតក្នុងប្រទេសទៅកាន់ស៊ីរី ដើម្បីការពារទប់ស្កាត់រាល់ការវាយប្រហារ។
នៅពេលនេះកម្លាំងទាហាន អាកាសអ៊ីរ៉ង់បានបញ្ជូនប្រព័ន្ធការពារដែនអាស់ដ៏ទំនើបផលិតដោយបច្ចេកវិទ្យាអ៊ីរ៉ង់ផ្ទាល់ គឺមីស៊ីល Bavar-373ទៅកាន់ទីតាំងទ័ពអាកាស T-4 នៅភាគខាងកើតខេត្ត Homs ប្រទេសស៊ីរី។ សារព័ត៌មានអ៊ីរ៉ង់បានផ្សាយថា «ការវាយប្រហារតាមដែនអាកាសរបស់អ៊ីស្រាអែលទៅលើទីតាំងកម្លាំងទាហានអ៊ីរ៉ង់នៅស៊ីរី បានបង្ខំឲ្យអ៊ីរ៉ង់ ត្រូវតែបញ្ជូនប្រព័ន្ធការពារទៅកាន់ស៊ីរី។ ជាមួយគ្នានេះ ប្រព័ន្ធ ការពារ Bavar-373ជាប្រព័ន្ធការពារដ៏ទំនើបបំផុត អាចកម្ទេចគោលដៅហោះហើរបំបាំងកាយ។ អាចនិយាយបានថា Bavar-373ល្អជាង S-300 របស់រុស្ស៊ី»។
សកម្មភាពខាងលើ របស់អ៊ីរ៉ង់ ទទួលបានការគាំទ្រពីរុស្ស៊ី ក្នុងគោលដៅបញ្ចប់ការវាយប្រហារតាមដែនអាកាសពីទាហានអ៊ីស្រាអែល ទៅលើទីតាំងនានារបស់អ៊ីរ៉ង់ ក្នុងទឹកដីស៊ីរី។ ចំពោះរុស្ស៊ីក៏បានលើកឡើងថា ប្រសិនបើទីតាំងរុស្ស៊ីរងការវាយប្រហារ រុស្ស៊ីក៏នឹងបញ្ជូន មីស៊ីលការពារ ក្នុងនោះមានS-400ទៅការពារដូចគ្នា។
ប្រព័ន្ធមីស៊ីលការពារដែនអាកាស Bavar-373 ត្រូវបានអ៊ីរ៉ង់ អភិវឌ្ឍន៍កាន់តែទំនើបនិងមានប្រសិទ្ធិភាពខ្ពស់ ក្នុងការធ្វើសង្គ្រាម ។ ប្រព័ន្ធមីស៊ីលនេះអាចវាយប្រហារបានចម្ងាយដល់ទៅ២០០គីឡូម៉ែត្រ កម្ពស់ដល់ទៅ២៧គីឡូម៉ែត្រ ។
ការបញ្ជូនប្រព័ន្ធមីស៊ីលការពារខាងលើរបស់អ៊ីរ៉ង់ ធ្វើឲ្យអ៊ីស្រាអែលត្រូវតែប្រុងប្រយ័ត្ន បើមិនចង់ខាតបង់នោះទេ។ អ៊ីស្រាអែល នឹងត្រូវកាត់បន្ថយការវាយប្រហារ ទៅលើទីតាំងរបស់អ៊ីរ៉ង់នៅក្នុងទឹកដីស៊ីរី៕
ដោយ៖ មែវ សាធី