ទាហានរបស់អារ៉ាប៊ីសាអូឌីតដែលបានមកហ្វឹកហ្វឺន នៅក្នុងប្រទេសអាមេរិក បានបាញ់ប្រហារ នៅទីតាំងកងទ័ពអាកាស និងជើងទឹករបស់អាមេរិក នៅ Pensacola រដ្ឋ Florida បណ្តាលឲ្យកងទ័ពស្លាប់ និងរបួសជាង១០នាក់ ។
ការបាញ់ប្រហារនេះ បានកើតឡើង កាលពីថ្ងៃទី៦ ខែធ្នូ ដោយបានបណ្តាលឲ្យទាហាន៤នាក់ស្លាប់ ក្នុងនោះមានទាហានជាជនដៃដល់ផងដែរ។ ក្រៅពីនេះក៏មានទាហាន៨នាក់ផ្សេងទៀតរងរបួស ហើយត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យ។ នេះជាករណីបាញ់ប្រហារ ដោយកាំភ្លើងលើកទីពីរហើយ នៅក្នុងមូលដ្ឋានកងទ័ពអាមេរិក ក្នុងរយៈពេល១សប្តាហ៍កន្លងមកនេះ។
អភិបាលរដ្ឋFlorida លោក Ron Desantis បានប្រកាសឲ្យដឹងថា ទាហានរបស់អារ៉ាប៊ីសាអូឌីត ដែលមកហ្វឹកហាត់នោះ គឺជាអ្នកបាញ់ប្រហារ នៅក្នុងទីតាំងទាហានជើងទឹក Pensacola ។ រីឯទាហានជាដៃដល់នោះឈ្មោះ Mohammed Alshamrani។ ក្រុមអ្នកឯកទេស កំពុងតែបើកការស្រាវជ្រាវ ថាតើទាហានជាដៃដល់នោះ មានការជាប់ពាក់ព័ន្ធជាមួយនឹងក្រុមភេរវករដែរឬទេ។ ប៉ុន្ដែរហូតមកទល់នឹងពេលនេះ គេមិនទាន់មានការសន្និដ្ឋានច្បាស់លាស់នៅឡើយ។
ដោយឡែកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitter ថា លោកបានពិភាក្សាជាមួយព្រះមហាក្សត្រ អារ៉ាប៊ី សាអូឌីត ស្តីពីការបាញ់ប្រហារខាងលើនេះហើយ។ រីឯរាជទាយាទ ព្រះអង្គម្ចាស់ Bin Salman ក៏បានយាងចូលរួមរំលែកទុក្ខដល់គ្រួសារទាហានដែលរងការបាញ់សម្លាប់នេះផង ដែរ។ ព្រះអង្គម្ចាស់ បានបញ្ជាកថា ជនដៃដល់មិនមែន ជាអ្នកតំណាងដល់ប្រជាពលរដ្ឋអារ៉ាប៊ីសាអូឌីត នោះឡើយ។
នេះជាការបាញ់ប្រហារដោយកាំភ្លើងជាលើកទីពីរហើយ នៅក្នុងទីតាំងទាហានជើងទឹកអាមេរិក ក្នុងរយៈពេល១សប្តាហ៍កន្លងមកនេះ។ កាលពីថ្ងៃទី៤ ខែធ្នូ កន្លងទៅថ្មីៗនេះ ទាហានជើងទឹកអាមេរិក បានបាញ់សម្លាប់ ទាហានពីរនាក់ នៅក្នុងបន្ទាយទាហាន លើកោះហាវ៉ៃ ហើយទាហានជាដៃដល់ ក៏បានបាញ់សម្លាប់ខ្លួនឯងដែរ។
ជាមួយគ្នានេះដែរទាហានអាកាសអាមេរិក ប្រចាំនៅរដ្ឋ Florida ត្រូវបានជម្លៀសចេញដោយរងការគំរាមវាយប្រហារគ្រាប់បែក ។ កម្លាំងប្រឆាំងភេរវកម្មអាមេរិក ក៏បានទៅកាន់ទីតាំងទាហានខាងលើដើម្បីត្រួតពិនិត្យ។
ការព្រមានខាងលើ នៅវេលាម៉ោង៣រសៀលថ្ងៃទី៦ខែធ្នូ (ម៉ោងក្នុងតំបន់) ស្ថិតនៅទីតាំងទាហានអាកាស Patrick ក្នុងរដ្ឋ Florida អាមេរិក។ ការជម្លសទាហានចេញដោយសារតែការគំរាមខាងលើកើតឡើង ក្នុងពេលព្រមគ្នា នៃការបាញ់ប្រហារនៅទីតាំងទាហានជើងទឹក Pensacola ក្នុងរដ្ឋនេះដែរ បណ្តាលឲ្យទាហាន៤នាក់ស្លាប់និង ៨នាក់រងរបួស ការបាញ់ប្រហារនោះបង្កឡើងដោយទាហាន អារ៉ាប៊ី សាអូឌីត ដែលមកហ្វឹកហាត់នៅ ទីតាំងទាហានអាមេរិក។
ក្រោយការស្រាវជ្រាវ ស្វែងរក គ្រាប់បែក មិនឃើញ ទីតាំងទាហានអាកាស Patrick ក៏បានបើកឲ្យដំណើរការឡើងវិញ ជាធម្មតា។
ការដែលអាមេរិកបង្ខំឲ្យជម្លៀសទាហានទៅកាន់តំបន់មានសុវត្ថិភាព ដោយសារតែខ្លាច ការវាយប្រហារនៅទីតាំងទាហានជើងទឹកក្នុងរដ្ឋនេះ ជាសកម្មភាពភេរវកម្ម ហើយខ្លាចមានបក្ខពួកជាច្រើនបង្កប់ខ្លួននៅក្នុងទីតាំងទាហានអាកាសអាមេរិក ។ ទាំងនោះហើយទើបអាមេរិក ប្រុងប្រយ័ត្នជាមុន ៕