ដួង ម៉ានិច ប្រាប់ពីមូលហេតុចូលរួមពិធីបុណ្យកតញ្ញូ៣ឆ្នាំជាប់គ្នា

ចែករំលែក៖

ភ្នំពេញ៖ ពិធីបុណ្យកតញ្ញូជារៀលរាល់ឆ្នាំនាវត្តព្រះធាតុនាសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ នោះត្រូវបានប្រារព្វឡើងដើម្បីរំលឹកដល់គុណូបការៈដល់ដួងព្រលឹងបារមីដូនតាបុព្វបុរសខ្មែរគ្រប់ជំនាន់។ តារាសម្តែងស្រីល្បីឈ្មោះកញ្ញា ដួង ម៉ានិច ក៏ជាសិល្បករម្នាក់ដែលបានស្ម័គ្រចិត្ត និងទឹកចិត្តជ្រះថ្លាចូលរួមក្នុងពិធីបុណ្យនេះអមដោយការរៀបចំស្លៀកពាក់តុបតែក្នុងឈុតសម័យបុរាណដើម្បីបង្ហាញពីសិល្បៈវប្បធម៌ អរិយធម៌ខ្មែរ ដែលនេះគឺជាឆ្នាំទី៣ហើយដែលនាងចូលរួម។ 

ដួង ម៉ានិចបញ្ជាក់ថា នាងពិតជារំភើបរីករាយ ដែលបានចូលរួមក្នុងកម្មវិធីដ៏ធំមួយនេះ៣ឆ្នាំជាប់ៗគ្នា ក៏ជាការបង្ហាញពីការជឿជាក់និងដឹងគុណដល់បុព្វបុរសខ្មែរដែលបានបូជាគ្រប់បែបយ៉ាងដើម្បីប្រជាជន។ នាងថាជាការចូលរួមចំណែកជួយដល់ការថែរក្សានូវទំនៀមទម្លាប់ប្រពៃណី អត្តសញ្ញាណជាតិ តាមរយៈការគោរព ការស្លៀកពាក់ និងពិធីសាសនាសំខាន់របស់ខ្មែរ។ នាងថាការចូលរួមកម្មវិធីនេះបានជំរុញចិត្តរបស់នាងកាន់តែជ្រះថ្លា ស្ងប់ស្ងាត់ ចូលរួមសាងកុសល អំពើល្អក្នុងសង្គម។ នាងអរគុណសម្រាប់ការច្នៃម៉ូតយ៉ាងពិសេសពីក្រុមអ្នកជំនាញក្នុងឈុតជានាងនាគសម្រាប់ការចូលរួមបង្ហាញវត្តមានទាំង២ថ្ងៃទាំងថ្ងៃសែនក្រុងពាលី និងថ្ងៃពិធីថ្ងៃទី១០ ខែធ្នូឆ្នាំ២០១៩នេះ។ 

លោក ពៅ វី ដែលជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ដ៏ប្រណីតសម្រាប់តារាសម្តែង ដួង ម៉ានិច បញ្ជាក់ថា លោកពិតជាមានមោទនភាពដែលបានរចនាម៉ូតទាំងអស់ឡើងសម្រាប់បង្ហាញដល់មហាជន។ លោកថា ទាំងសំពត់ ស្បៃនាងនាគ ត្រូវបានរចនាត្បាញ ប៉ាក់ឌិតដោយដៃកូនខ្មែរពិតៗ ពិសេសគ្រឿងអលង្ការដែលលម្អដោយក្បាច់និងម៉ូតដកស្រងចេញពីចម្លាក់នៃប្រាសាទបុរាណខ្មែរ។ លោកថាឈុតទាំងនេះត្រូវបានគូរ និងរៀបចំប្រមាណ៦ ខែមុនពេលយកមកបង្ហាញនៅពេលនេះ។ អ្វីដែលអ្នកជំនាញរូបនេះចង់រំលឹកដាស់តឿនផងដែរនោះគឺស្នើឲ្យកូនខ្មែរដែលមានជំនាញលើការរចនាតុបតែងទាំងអស់រួមគ្នាបង្ហាញស្នាដៃ បញ្ចេញអ្វីដែលជាអត្តសញ្ញាណខ្មែរចេញមកជាសាធារណៈ មុនពេលដែលប្រទេសដទៃបង្ហាញ និងជៀសវាងការយល់ច្រឡំថាជាការចម្លងពីបរទេសវិញ។ 

គួរបញ្ជាក់ដែរថា ពិធីបុណ្យកតញ្ញូប្រចាំឆ្នាំឧទ្ទិសថ្វាយព្រះពុទ្ធជាម្ចាស់  ព្រះអាទិទេពទេវៈ ព្រះរាជវង្សានុវង្សនៃភុជង្គនាគី និងបុព្វបុរសខ្មែរចាប់ពីសតវត្សទី១ ត្រូវបានរៀបចំធ្វើជារៀងរាល់ឆ្នាំនាវត្តព្រះធាតុ នាងសង្កាត់រលួសខណ្ឌដង្កោដែលចាប់ពីថ្ងៃទី៩ខែធ្នូមានការរៀបចំពិធីសែនក្រុងពាលី នមសក្ការ សមាទានសីល និងសម្តែងធម៌ទេសនា ។ សម្រាប់ថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩នេះមានការរៀបចំរាប់បាតព្រះសង្ឃ១២០អង្គ កម្មវិធីឧទ្ទិសបួងសួង ការសម្តែងរបាំ ក្បាច់គុន.ល.៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print