ខេត្តកណ្តាល៖ អ្នកញៀនល្បែងបញ្ជល់មាន់៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបសង្វៀនជល់មាន់មួយកន្លែង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំទួលព្រេជ ស្រុកអង្គស្នួល កាលពីវេលាម៉ោង១៣ និង៤០នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ ។ ក្រៅពីធ្វើការឃាត់ខ្លួនអ្នកញៀនល្បែងខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតមាន់ជល់ខ្នាយដែក៤ក្បាល ,ម៉ូតូ៤គ្រឿង ,ជញ្ជីងសម្រាប់ថ្លឹងមាន់ចំនួន០១ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា អ្នកញៀនល្បែងបញ្ជល់មាន់ចំនួន៤នាក់ដែលត្រូវបានឃាត់ខ្លួននោះ ទី១-ឈ្មោះ ត្រេន ចំរើន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួក ទី២-ឈ្មោះ គឹម ធៀង ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ មានទីលំនៅក្នុងភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី៣-ឈ្មោះ ទូច សាន្ត ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរលេងភ្លេងការ មានទីលំនៅក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ និងទី៤-ឈ្មោះ វ៉ាន សុខលៀង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ប្រភពដដែលបានបន្តថា វត្ថុតាងដែលត្រូវបានដកហូតរួមមាន មាន់ជល់ខ្នាយដែកចំនួន០៤ក្បាល ,ម៉ូតូចំនួន០៤គ្រឿង ម៉ាកហុងដាគុបមូល០២គ្រឿង សង់កូរ៉េ០១គ្រឿង ហុងដាឌ្រីម ធុនសេ១២៥ ចំនួន០១គ្រឿង ,ជញ្ជីងសម្រាប់ថ្លឹងមាន់ចំនួន០១ ,ធុងស្ពេតត្រូ ពណ៌ស ចំនួន០២ ,អង្រុតសម្រាប់ក្រុងមាន់ចំនួន០៣ និងវត្ថុតាងមួយចំនួនទៀត ។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលបើកប្រតិបត្តិការសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលទទួលបានព័ត៌មានច្បាស់ការពីប្រជាពលរដ្ឋនៅភូមិព្រៃទទឹង ឃុំទួលព្រេជ ស្រុកអង្គស្នួល ថាមានអ្នកញៀនល្បែងជាច្រើននាក់កំពុងពពាក់ពពួនគ្នាភ្នាល់ល្បែងបញ្ជល់មាន់ ។ បន្ទាប់មកលោកវរសេនីយ៍ទោ មាន សំណាង អធិការនគរបាលស្រុក បានដឹកនាំកម្លាំងនគរបាលផ្នែកយុត្តិធម៌ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលទួលព្រេជ ចុះឡោមព័ទ្ធបង្ក្រាបឈានដល់ធ្វើការឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៤នាក់ និងវត្ថុតាងខាងលើនេះ ខណៈដែលអ្នកញៀនល្បែងជាច្រើនទៀតរត់គេចខ្លួនបាតជើងសព្រាត ។
ចំពោះជនសង្ស័យទាំង៤នាក់ខាងលើនេះ និងវត្ថុតាងពាក់ព័ន្ធ សមត្ថកិច្ចនគរបាលស្រុកបាន កសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ