លោក ជឿង ហ័រប៊ិញ (Truong HoaBinh) ឧប​នាយក​រដ្ឋមន្ត្រីប្រចាំការវៀតណាម នឹងធ្វើទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជាស្អែកនេះ

ចែករំលែក៖

 ភ្នំុពេញ ៖ លោក ជឿង ហ័រប៊ីញ ឧបនាយករដ្ឋមន្ត្រីប្រចាំការ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងដឹក​នាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងជួបប្រជុំទ្វេ ភាគីជាមួយលោកស្រីកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងជួបសម្តែងការគួរសម ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី , លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភាស្តីទី និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ  ប្រធានព្រឹទ្ធសភា ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌​មាន ក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា ដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ជឿង ហ័រប៊ីញ ឧបនាយករដ្ឋមន្ត្រីប្រចាំការមកកាន់ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១២ ដល់ ១៣ ខែធ្នូ ឆ្នាំ ២០១៩ស្អែកនេះ ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធ​សភា និងអធិការកិច្ច នឹងទទួលភារកិច្ចទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលនៃសាធារ​ណរដ្ឋសង្គម​និយមវៀតណាម ដែលដឹកនាំដោយ លោក ជឿង ហ័រប៊ិញ (Truong HoaBinh)ឧប​នាយក​រដ្ឋមន្ត្រីប្រចាំការ ដែលនឹងធ្វើទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១២ដល់ទី១៣ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងឱកាសទស្សនកិច្ចគណៈប្រតិភូនឹងជួបប្រជុំទ្វេភាគីជាមួយ លោកស្រីកិត្តិសង្គហបណ្ឌិតឧបនាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត នៅវិមានសន្តិភាព នៅថ្ងៃទី១២ ខែ​ធ្នូ ចាប់ពីម៉ោង ១៥៖៣០ រសៀល ។ លុះនៅល្ងាចថ្ងៃទី១២ ខែធ្នូ លោកស្រីឧបនាយករដ្ឋមន្រ្តី នឹងទទួលជប់លៀងសាយភោជន៍ជូនគណៈប្រតិភូនៅសណ្ឋាគារសុខាភ្នំពេញ។

ដោយឡែក នៅថ្ងៃទី១៣ ខែធ្នូ គណៈប្រតិភូនឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភាស្តីទី និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ៕ ដោយ ៖ សុខ ខេមរា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print