តាមរបាយការណ៍របស់អង្គការវាយតម្លៃពីប្រទេសដែលមានគ្រោះថ្នាក់បំផុតលើពិភពលោក ដើម្បីជួយដល់ពលរដ្ឋ បញ្ចៀសការធ្វើដំណើរទៅកម្សាន្តនៅទីនោះ ហើយស៊ូម៉ាលីគឺជាប្រទេសដែលគ្រោះថ្នាក់បំផុត សម្រាប់អ្នកទេសចរណ៍ សូម្បីតែស្នាក់នៅក្នុងសណ្ឋាគារដែលយាមល្បាតតឹងតែ ក៏មិនមានសុវត្ថិភាពនោះដែរ។
នៅពេលនេះក្រុមភេរវកម្មបានបើកការវាយប្រហារភេរវកម្ម នៅសណ្ឋាគារ ក្នុងរដ្ឋធានីរបស់សូម៉ាលី ស្លាប់ និងរបួសជាច្រើន។ សារព័ត៌មានស៊ីនហួ កាលពីល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ បានបញ្ជាក់ថា មនុស្សយ៉ាងតិច៤នាក់បានស្លាប់ និង៦នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍វាយប្រហាររបស់ក្រុមឧទ្ទាមទៅលើសណ្ឋាគារមួយកន្លែង ក្នុងរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី (Somalia) ។
តាមការផ្សាយរបស់ប្រភពព័ត៌មានក្នុងស្រុក Dalsan បានបញ្ជាក់ថា ក្រុមខ្មាន់កាំភ្លើងបានស្លៀកពាក់ឯកសណ្ឋានក្លែង ធ្វើជាប៉ូលិស ហើយចូលទៅបាញ់ប្រហារ នៅក្នុងសណ្ឋាគារ Syl ស្ថិតនៅក្នុងទីក្រុង Mogadishu របស់ប្រទេសសូម៉ាលី (Somalia) ។ ការបាញ់ប្រហារបានបញ្ចប់ ក្រោយមកការប៉ះទង្គិចគ្នាមួយរយៈពេលខ្លី រវាងក្រុមឧទ្ទាម និងកងកម្លាំងសន្តិសុខក្នុងតំបន់ ។
សមាជិកសភាពីរនាក់ និងអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃម្នាក់ ក៏បានរងរបួស នៅក្នុងហេតុការណ៍នោះផងដែរ។ ដោយឡែកក្រុមឧទ្ទាម Al Shabab ដែលជាក្រុមរ៉ាឌីកាល បានប្រកាសទទួលស្គាល់ការវាយប្រហារនេះ។
លោក Zakia Hussein ស្នងការរង នៃកងកម្លាំងប៉ូលិសសូម៉ាលី បានបញ្ជាក់ប្រាប់ប្រភពព័ត៌មានថា «យើងឮស្នូរសំឡេងផ្ទុះកាំភ្លើង ពេលយើងមកដល់ ហើយយើងដឹងថា ក្រុមឧទ្ទាម៥នាក់ បានចូលទៅខាងក្នុងសណ្ឋាគារ ។ ឥឡូវនេះយើងបាននិងកំពុងប្រយុទ្ធជាមួយពួកគេ នៅខាងក្នុងសណ្ឋាគារ ។ យើងអាចបញ្ជាក់ថា មនុស្ស៤នាក់បានស្លាប់ និង៦នាក់ផ្សេងទៀតរងរបួស, អ្នកស្លាប់អាចកើនឡើងជាងនេះ ខណៈមនុស្សជាច្រើននាក់ ស្ថិតនៅក្នុងសណ្ឋាគារ ក្នុងនោះមានទាំងសមាជិករដ្ឋសភាផងដែរ»។
ប្រភពព័ត៌មានក្នុងតំបន់ បានបញ្ជាក់ថា ជនវាយប្រហារ២នាក់ ត្រូវបានបាញ់សម្លាប់ នៅខាងក្រៅសណ្ឋាគារ ខណៈការបាញ់ប្រហារកំពុងកើតឡើង នៅខាងក្នុងសណ្ឋាគារនោះ។ មនុស្សជាង១០០នាក់ ត្រូវបានជម្លៀសខ្លួន ៕