រយៈពេលកន្លងមក អាមេរិកបានខិតខំទប់ស្កាត់ចិន ដោយខ្លាចចិនដណ្តើមមហាអំណាយោធាទីមួយពីអាមេរិក ។ នៅពេលនេះចិនបានលើកឡើងថា ចិនជាមហាអំណានៃសន្តិភាព មិនមែនយោធា ឬសង្គ្រាមនោះឡើយ។
បច្ចុប្បន្នចិនដើរតួនាទីយ៉ាងសំខាន់ នៅលើឆាកអន្តរជាតិ ក្នុងនោះមានទំនាក់ទំនងការបរទេស និង វិស័យសេដ្ឋកិច្ច ដោយចិនបានជួយដល់ប្រទេសជុំវិញពិភពលោក ឆ្លងផុតវិបត្តិសេដ្ឋកិច្ច និងមានសេដ្ឋកិច្ចរីកចំរើន ។
កត្តាទាំងនោះហើយ បានជាក្រុមអ្នកឯកទេសលើកឡើងថា នៅឆ្នាំ២០៣០ ចិននឹងក្លាយជាមហាអំណាចសេដ្ឋកិច្ច, នៅឆ្នាំ២០៤៩ ចិននឹងមានកម្លាំងយោធាខ្លាំងបំផុត លើពិភពលោក ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ចិនរីកចម្រើន យ៉ាងខ្លាំងប៉ុន្មានឆ្នាំចុងក្រោយនេះ លើគ្រប់វិស័យ ទាំងសេដ្ឋកិច្ចពាណិជ្ជកម្ម យោធា ក៏ដូចជា បច្ចេកវិទ្យា ។ មិនតែប៉ុណ្ណោះ ចិនមានគោលនយោបាយការបរទេស យ៉ាងរឹងមាំ ដោយបានជួយដល់ប្រទេសជាច្រើន នៅជុំវិញពិភពលោក និងទំនាក់ទំនងសេដ្ឋកិច្ចយោធាយ៉ាងរឹងមាំ ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា នៅឆ្នាំ២០៣០ ចិននឹងក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីមួយ លើកពិភពលោក ហើយនៅឆ្នាំ២០៤៩ ចិនមានយោធាខ្លាំងបំផុត សូម្បីតែអាមេរិក ក៏មិនអាចប្រៀបផ្តឹមបានឡើយ ។
ចំណុចទាំងនោះ ជាក្តីកង្វល់យ៉ាងខ្លាំង ចំពោះអាមេរិក ពីការបាត់បង់តំណែងមហាអំណាចទីមួយ លើពិភពលោក ។ ទំាងនោះហើយ ទើបអាមេរិក ខំរកគ្រប់វិធីសាស្ត្រទប់ស្កាត់ចិន ។ ការរារាំងសេដ្ឋកិច្ចចិនរីកចម្រើន គឺជារឿងមួយដ៏សំខាន់បំផុតសម្រាប់អាមេរិក ប៉ុន្តែការរារាំងនោះ មិនទទួលបានជោគជ័យ ដោយចិនមានប្រទេសជាច្រើនគាំទ្រ ។
ពេលថ្មីៗនេះ ទីក្រុងប៉េកាំង បាននិយាយប្រាប់ទៅក្រុមសម្ព័ន្ធអាត្លង់ទិក ថា មហាអំណាចចិន ជាមហាអំណាចសន្តិភាព ប៉ុន្តែ មិនគំរាមកំហែងពិភពលោកនោះទេ។ ប្រតិកម្មរបស់ប្រទេសចិន ធ្វើឡើងនៅមួយថ្ងៃក្រោយ ក្រុមប្រទេសសមាជិកអូតង់ ដែលបើកជំនួបកំពូលនៅប្រទេសអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍ រួម ចាត់ទុកចិន ជាមហាអំណាចដែលកំពុងកើនឥទ្ធិពលខ្លាំង ដែលគេត្រូវប្រឈមនៅក្នុងគ្រប់វិស័យ តាំងពីយោធា សេដ្ឋកិច្ច រហូតដល់បច្ចេកវិទ្យា។
សម្ព័ន្ធអាត្លង់ទិកអូតង់ ដែលត្រូវបានបង្កើតឡើងកាលពី៧០ឆ្នាំមុនដើម្បីប្រឈមទប់ទល់នឹងការគំរាមកំហែង ឥទ្ធិពលរបស់សហភាពសូវៀត បានបែរចំណាប់អារម្មណ៍ សំដៅប្រទេសចិនវិញម្តង។ នៅក្នុងសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃពុធ ក្រុមប្រទេសសមាជិកអូតង់ទាំង២៩បានទទួលស្គាល់ជាលើកទី ១ ថា មហាអំណាចចិន កំពុងពង្រីកឥទ្ធិពល ដែលបក្សសម្ព័ន្ធអូតង់ត្រូវរួមគ្នាដោះស្រាយ។
តាំងពីថ្ងៃអង្គារ អគ្គលេខាធិការអង្គការអូតង់ លោក Jens Stoltenberg បានរំលឹកនិយាយពីប្រទេសចិន ដែលរងការចោទប្រកាន់ថា បានបើកការវាយប្រហារតាមអ៊ីនធ័រនែត ប្រឆាំងប្រទេសនៅអឺរ៉ុប ធ្វើការចារកម្មឧស្សាហកម្ម ដែលនេះគឺជាគ្រោះថ្នាក់សម្រាប់សន្តិសុខរបស់ប្រទេសសមាជិកអូតង់។
តាមអគ្គលេខាធិការអូតង់ នៅក្នុងពេលខាងមុខ ប្រទេសចិននឹងក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ច។ ប៉ុន្តែ នៅពេលនេះ ចិនបានក្លាយជាប្រទេសធំទី២ នៅក្នុងពិភពលោក បន្ទាប់ពីអាមេរិក ក្នុងនាមជាប្រទេសដែលចំណាយថវិកាច្រើនបំផុត សម្រាប់កងទ័ព។ នៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ចិនបានបន្ថែមចំនួននាវាចម្បាំង និងនាវាមុជទឹក ៨០គ្រឿង ដល់កងទ័ពជើងទឹករបស់ខ្លួន ដែលស្មើនឹងចំនួនដែលប្រទេសអង់គ្លេសកំពុងមាន។ ព្យុហយាត្រានៅក្នុងខួបកងទ័ពជាតិចិនកន្លងមកបានបង្ហាញថា ចន មានមីស៊ីលចម្ងាយមធ្យម ដែលអាចរំលោភសន្ធិសញ្ញាអន្តរជាតិ មានមីស៊ីលអន្តរទ្វីបដែលអាចបាញ់ដល់ទឹកដីអាមេរិក និងអឺរ៉ុប។ សម្រាប់ ប្រមុខអូតង់អំណាច ឥទ្ធិពលរបស់ចិន មានលើសកម្លាំងយោធា ព្រោះចិនបានក្លាយជាប្រទេសនាំមុខគេខាងអភិវឌ្ឍបច្ចេកវិទ្យា ដែលមានតាំងពីប្រព័ន្ធទូរស័ព្ទ5G របស់ក្រុមហ៊ុនHuawei និងម៉ាស៊ីនសម្រាប់ស្តុកទុកទិន្នន័យក្នុងពិភពលោក។
ប្រតិកម្មតបនឹងសេចក្តីថ្លែងការណ៍រួមរបស់អូតង់ អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន នៅថ្ងៃម្សិលមិញ បាននិយាយធានាថា មហាអំណាចចិនដែលកើនឡើង ជាមហាអំណាចសន្តិភាព។ ដោយមិននិយាយដល់សហរដ្ឋអាមេរិក អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនបានវាយតម្លៃថា គឺនយោបាយឯកតោភាគី ការបំផិតបំភ័យ ដែលគំរាមកំហែងពិភពលោក។ “សូម្បី សម្ព័ន្ធមិត្តរបស់អាមេរិកក៏រងគ្រោះដោយសារនយោបាយឯកតោភាគីនេះដែរ”។
សម្រាប់រដ្ឋមន្រ្តីការពារជាតិអាមេរិក Mark Esper មានប្រទេសអឺរ៉ុបកាន់តែច្រើនដែលយល់ថា ការពង្រីកវិស័យយោធារបស់ចិន គឺជាការប្រឈមមួយធំ។ ចិនជាមានយុទ្ធសាស្រ្តយោធាដែលអាចគ្រោះថ្នាក់ដល់ប្រទេសសមាជិកសម្ព័ន្ធមិត្តអូតង់ ប៉ុន្តែ នេះមិនមែនមានន័យថា ចិនឥលូវនេះ ជាសត្រូវរបស់អូតង់នោះទេ។ រដ្ឋមន្រ្តីការពារជាតិអាមេរិកចង់ឲ្យសម្ព័ន្ធអូតង់ត្រូវគិតគូរពីបញ្ហានេះ និងត្រូវរៀបចំខ្លួនទប់ទល់ ក្នុងករណីដែលគេលែងគិតដូចមុនថា ចិនមិនមែនជាសត្រូវរបស់អូតង់៕