ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ មានករណីមន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់សង្ស័យស្រវឹងស្រា បានទាញកាំភ្លើងខ្លីរបស់ខ្លួនបាញ់ អស់ចំនួន១៤គ្រាប់ តែ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែរត់ចែកជើងគ្នាប៉ុណ្ណោះ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅចំណុចភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចអាវុធហត្ថស្រុកកំរៀង បានឲ្យដឹងថា ជនសង្ស័យ ដែលបាញ់បោះដោយសេរីឈ្មោះ នៅ លីដា ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារ អន្តរជាតិដូង មានឋានៈជាវរសេនីយ៍ត្រី ដោយប្រើប្រាស់អាវុធខ្លី ធុន SIG SAUER។ ប្រភពបន្តថា រហូតដល់ម៉ោង១១យប់ថ្ងៃដដែល កម្លាំងអាវុធហត្ថស្រុក សហការជាមួយ កម្លាំងនគរបាលស្រុក ធ្វើការឃាត់ខ្លួនជនល្មើសបានភ្លាមៗផងដែរ។
ក្នុងពេលប្រតិបត្តិការនោះសមត្ថកិច្ចដកហូតសម្ភារ អាវុធខ្លី ១ដើម ដែលមានគ្រាប់ ក្នុងបង់ចំនួន៣គ្រាប់ និងគ្រាប់ក្នុងប្រអប់ ចំនួន១០៦គ្រាប់ សម្បកគ្រាប់៩គ្រាប់ព្រមទាំងរថយន្តLexus៣០០មួយគ្រឿងផងដែរ៕
នរិន្ទ្រ