កម្លាំងទាហានប្រទេសទាំងពីរ តែងតែធ្វើសមយុទ្ធរួមគ្នាជាច្រើន ក្នុងនោះមានសមយុទ្ធប្រចាំឆ្នាំ ដូចជា សមយុទ្ធ Indra ជាដើម ហើយនៅពេលនេះដែរ សមយុទ្ធ Indra-2019 បានចាប់ផ្តើមជាផ្លូវការ និងទ្រង់ទ្រាយធំបំផុតថែមទៀតផង។
បើតាមសារព័ត៌មានរុស្ស៊ី បានផ្សាយថា ការធ្វើសមយុទ្ធរួមគ្នាទ្វេភាគី រវាង រុស្ស៊ី និង ឥណ្ឌា ឈ្មោះ Indra-2019 បានចាប់ផ្តើមជាផ្លូវការហើយ។
ពិធីប្រកាសចាប់ផ្តើមធ្វើសមយុទ្ធនេះ បានរៀបចំឡើង នៅទីលាន Babin ស្ថិតក្នុងរដ្ឋ Uttar Pradesh ។ រីឯការធ្វើសមយុទ្ធ Indra-2019 នេះ ក៏បានចាប់ផ្តើមឡើងជាផ្លូវការហើយដែរ។ នៅក្នុងពិធីនោះ ក៏មានគោរពទង់ជាតិប្រទេសទាំងពីរ ហើយឧទ្ធម្ភាគចក្រ ទាហានឆត្រយោង កម្លាំងទាហានថ្មើរជើង និងអាវុធជាច្រើន បានធ្វើព្យុហយាត្រា ជាការបើកឆាកចាប់ផ្តើម។
សមយុទ្ធ Indra-2019 ចាប់ផ្តើមធ្វើឡើង នៅថ្ងៃទី១១ ដល់ថ្ងៃទី២១ ខែធ្នូឆ្នាំ២០១៩ នៅក្នុងរដ្ឋចំនួន៣ផ្សេងគ្នា ក្នុងប្រទេសឥណ្ឌា ។ ជាមួយគ្នានេះដែរ រុស្ស៊ីក៏បានបញ្ជូនទាហានជិត១ពាន់នាក់ទៅចូលរួម ដោយមានក្រុមអាកាសយានិក កម្លាំងការពារដែនអាកាស អ្នកជំនាញ់អាវុធ និងក្រុមនាវឹកមកពីកងពលប្រចំា សមុទ្រ Baltic ផងដែរ។
កម្លាំងទាហានរុស្ស៊ី នឹងបំពេញភារកិច្ចទៅតាមគម្រោង នៅលើរថក្រោះ រថពាសដែក និងយន្តហោះចម្បាំង ដែលភាគីឥណ្ឌាជាអ្នកផ្គត់ផ្គង់ឲ្យ។
ការធ្វើសមយុទ្ធរបស់ទាហានប្រទេសទាំងពីរ ក្នុងគោលដៅបង្កើនកិច្ចសហប្រតិបត្តិការយោធា ទាំងកម្លាំងទាហានជើងទឹក ជើងគោក និង ជើងអាកាស។ កន្លងមក ឥណ្ឌានិងរុស្ស៊ី តែងតែធ្វើសមយុទ្ធជាញឹកញាប់ ដោយឥណ្ឌា និងរុស្ស៊ី មានទំនាក់ទំនងល្អផ្នែកយោធា និងអាវុធ ។ ប្រទេសទាំងពីរក៏បានសហការគ្នាផលិតមីស៊ីល ល្បឿនលឿនដោយជោគជ័យ ក្នុងនោះមានមីស៊ីល Brahmos ជាដើម៕