អាមេរិកជាប្រទេសមហាអំណាចយោធាទីមួយនៅលើពិភពលោក ក្នុងប្រវត្តិសាស្តធ្វើសង្គ្រាម អាមេរិកជាប់ផុងនៅក្នុងប្រទេសវៀតណាមនិងអាហ្វហ្គានីស្ថាន ។ សង្រ្គាមវៀតណាមធ្លាប់តែត្រូវបានគេចាត់ទុកថាជាសង្រ្គាមដ៏យូរជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិក មុននឹងកំណត់ត្រានេះត្រូវបានបំបែកដោយសង្រ្គាមអាហ្វហ្កានីស្ថាន ដែលមានរយៈពេលយូរជាងសង្រ្គាមវៀតណាមដល់ទៅជិត១ឆ្នាំ ហើយនៅមិនទាន់ចប់នៅឡើយមកទល់នឹងសព្វថ្ងៃ។
កាលពីពេលថ្មីៗនេះកាសែតអាមេរិក The Washington Post បានចុះផ្សាយឯកសារសម្ងាត់រាប់ពាន់ទំព័រ ដែលបង្ហាញថា រដ្ឋាភិបាលអាមេរិកតែងតែនិយាយកុហក បំភាន់មតិសាធារណៈ ជុំវិញសង្រ្គាមនៅអាហ្វហ្កានីស្ថាន។ ការលេចធ្លាយឯកសារសម្ងាត់នេះធ្វើឲ្យគេនឹកឃើញទៅដល់ហេតុការណ៍មួយទៀតដែលមានលក្ខណៈស្រដៀងគ្នា គឺការលេចធ្លាយឯកសារសម្ងាត់ក្នុងសម័យសង្រ្គាមវៀតណាម ដែលជាចំណុចរបត់ដ៏សំខាន់មួយនៃសង្រ្គាម។
កន្លងមក សង្រ្គាមវៀតណាម និងសង្រ្គាមអាហ្វហ្កានីស្ថាននេះ តែងតែត្រូវបានគេលើកយកមកប្រៀបធៀបគ្នា ទាក់ទងនឹងការជាប់ផុងខ្លួនរបស់អាមេរិកក្នុងសង្រ្គាម ដែលគ្មានច្រកចេញ ហើយភាពស្រដៀងគ្នា រវាងសង្រ្គាមទាំងពីរនេះត្រូវបានគេសង្កេតឃើញកាន់តែច្រើន នៅក្រោយពេលដែលកាសែត The Washington Post បានចុះផ្សាយឯកសារសម្ងាត់មួយ កាលពីថ្ងៃចន្ទ។ ឯកសារសម្ងាត់ ដែលគេឲ្យឈ្មោះថា “The Afghanistan Papers” ហើយដែលជាឈ្មោះរំឭកទៅដល់ឯកសារសម្ងាត់លេចធ្លាយក្នុងសម័យសង្រ្គាមវៀតណាម គឺ “The Pentagon Papers”។
គេនៅចាំបានថា The Pentagon Papers ត្រូវបានលេចធ្លាយ កាលពីខែមិថុនាឆ្នាំ១៩៧១ ដោយត្រូវបានចុះផ្សាយ ដំបូងដោយកាសែត The New York Times និង ៥ថ្ងៃក្រោយមកទៀត ចុះផ្សាយដោយ The Washington Post។ តាមរយៈឯកសារសម្ងាត់នេះ គេអាចដឹងបានថា មន្រ្តីជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលអាមេរិក ក្រោមអាណត្តិប្រធានាធិបតីជាច្រើនជំនាន់ ទាំងមកពីគណបក្សប្រជាធិបតេយ្យ និងមកពីគណបក្សសាធារណរដ្ឋ សុទ្ធតែបាននាំគ្នាភូតកុហក លាក់បាំងការពិត ដើម្បីបំភាន់មតិសាធារណៈអាមេរិក ទាក់ទងនឹងស្ថានភាពជាក់ស្តែងនៃសង្រ្គាម។
ការលេចធ្លាយនៃឯកសារសម្ងាត់នោះហើយ ដែលបានធ្វើឲ្យចលនាប្រឆាំងនឹងសង្រ្គាមវៀតណាមត្រូវរីកដុះដាលយ៉ាងខ្លាំង នៅក្នុងចំណោមប្រជាជនអាមេរិក រហូតជំរុញឲ្យលោកប្រធានាធិបតី រីឆាត និចសុន ដកទ័ពចេញពីវៀតណាម នៅឆ្នាំ១៩៧៣ ហើយសង្រ្គាមវៀតណាមត្រូវបានគេចារទុកក្នុងប្រវត្តិសាស្ត្រថាជាសង្រ្គាមដ៏រ៉ាំរ៉ៃ និងជាបរាជ័យដ៏សែនជូរចត់មួយរបស់អាមេរិក។
ជិតកន្លះសតវត្សរ៍ក្រោយមក អាមេរិកហាក់ដូចជាកំពុងតែដើរជាន់ដានប្រវត្តិសាស្ត្រដ៏ជូរចត់នៃសង្រ្គាមនេះសាជាថ្មីម្តងទៀត ជាមួយនឹងសង្រ្គាមអាហ្វហ្កានីស្ថាន។
គួររំឭកឡើងវិញថា ក្រោយការវាយប្រហារភេរវកម្ម ១១កញ្ញា អាមេរិកបានចូលឈ្លានពានអាហ្វហ្កានីស្ថាន កាលពីខែតុលាឆ្នាំ២០០១ ក្នុងគោលដៅផ្តួលរំលំរដ្ឋាភិបាលតាលីបង់ ដែលគាំទ្រ និងផ្តល់ជម្រកដល់ក្រុមអាល់កៃដារបស់អូសាម៉ា បិនឡាដិន។
ជាង ១៨ឆ្នាំក្រោយមក ក្រោយពីបានចំណាយលុយអស់រាប់ពាន់ពាន់លានដុល្លារ និង អាយុជីវិតទាហានរហូតដល់ទៅជាង២ពាន់នាក់ អាមេរិកនៅតែបន្តជាប់ផុងខ្លួនក្នុងសង្រ្គាម, ក្រុមតាលីបង់ថ្វីដ្បិតតែត្រូវផ្តួលរំលំពីអំណាច ក៏ប៉ុន្តែ នៅបន្តជាការគំរាមកំហែងដ៏ធំមួយដល់សន្តិសុខ និងស្ថិរភាពនយោបាយអាហ្វហ្កានីស្ថាន ហើយទាហានអាមេរិករហូតដល់ទៅជាង១ម៉ឺននាក់ នៅតែបន្តស្ថិតក្នុងប្រទេសអាហ្វហ្កានីស្ថាន ដកខ្លួនមិនរួច។
ដូចកាលពីសម័យសង្រ្គាមវៀតណាមដែរ រដ្ឋាភិបាលអាមេរិកបានរៀបចំឲ្យមានការសិក្សា និងវាយតម្លៃទៅលើស្ថានភាពនៃសង្រ្គាមនៅអាហ្វហ្កានីស្ថាន ដោយនៅក្នុងការសិក្សានេះ គេបានសម្ភាសន៍ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលរាប់រយនាក់ ហើយលទ្ធផលនៃការសិក្សានេះត្រូវបញ្ចប់ កាលពីឆ្នាំ២០១៦ ហើយត្រូវបានគេចងក្រងជាឯកសារសម្ងាត់ មុននឹងត្រូវលេចធ្លាយជាសាធារណៈ តាមរយៈការចុះផ្សាយរបស់កាសែត The Washington Post កាលពីថ្ងៃចន្ទ។
ឯកសារសម្ងាត់ “The Afghanistan Papers” ដែលចុះផ្សាយដោយ The Washington Post នេះ បង្ហាញថា ប្រឈមនឹងការជាប់ផុងខ្លួនក្នុងសង្រ្គាមរកផ្លូវចេញមិនរួចនៅអាហ្វហ្កានីស្ថាន រដ្ឋាភិបាលអាមេរិក៣ជំនាន់ ចាប់តាំងពីក្រោមអាណត្តិប្រធានាធិបតីចច ដាបិលយូ ប៊ូស, ប៉ារ៉ាក់ អូបាម៉ា រហូតមកដល់លោកដូណាល់ ត្រាំ សុទ្ធតែបាននាំគ្នាប្រកាន់យកនូវឥរិយាបថដូចគ្នាទៅនឹងសម័យសង្រ្គាមវៀតណាម ពោលគឺ ពួកគេដឹងថា សង្រ្គាមនៅអាហ្វហ្កានីស្ថាននេះ គ្មានយុទ្ធសាស្ត្រ និងគោលដៅច្បាស់លាស់ ហើយជាសង្រ្គាមដែលមិនអាចឈ្នះបាន ក៏ប៉ុន្តែ ពួកគេនៅតែបន្តចំណាយលុយ និងបញ្ជូនកងទ័ពទៅបន្តធ្វើសង្រ្គាម ដោយយកការភូតកុហក បិទបាំងការពិត រហូតមានពេលខ្លះបំភ្លៃតួលេខ ដើម្បីបំភាន់មតិប្រជាជនអាមេរិក។
តើការលេចធ្លាយឯកសារសម្ងាត់ “The Afghanistan Papers” នេះ អាចនឹងជាចំណុចរបត់ នៅក្នុងសង្រ្គាមអាហ្វហ្កានីស្ថាន ដូចជា “The Pentagon Papers” នៅក្នុងសង្រ្គាមវៀតណាមដែរឬអត់នោះ គឺគេមានតែរង់ចាំមើលតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា គេដឹងថា លោកដូណាល់ ត្រាំ តែងតែមានជំហរចង់បញ្ចប់នូវរាល់សង្រ្គាមទាំងអស់របស់អាមេរិកនៅបរទេស នៅក្នុងនោះ ក៏មានដែរសង្រ្គាមនៅអាហ្វហ្កានីស្ថាន៕
ដោយ៖ មែវ សាធី