ត្រាក់ទ័រភ្ជួរដីជាន់មីនតោនផ្ទុះកក្រើកភូមិរបួសធ្ងន់ម្នាក់ ឯត្រាក់ទ័រខូចខ្ទេច

ចែករំលែក៖

ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា បុរសម្នាក់រងរបួសធ្ងន់ ខណៈកំពុងបើកត្រាក់ទ័រភ្ជួរដី ជាន់លើមីនតោនមួយគ្រាប់បណ្តាលឲ្យផ្ទុះកក្រើកភូមិ ហើយត្រូវបានអ្នកភូមិបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះជីវិតជាបន្ទាន់ ។
ឧបទ្ទវហេតុនេះកើតឡើងកាលពី រសៀលថ្ងៃ សុក្រ ២រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០១៩ នៅត្រង់ចំណុចហេងដាន ស្ថិតក្នុងភូមិហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ។
សមត្ថកិច្ចនគរបាល ស្រុកភ្នំព្រឹកបានឲ្យដឹងថា នៅថ្ងៃកើតហេតុជនរងគ្រោះបានទៅស៊ីឈ្នួលភ្ជួររាសដីឲ្យអ្នកភូមិខាងលើដោយប្រើត្រាក់ទ័រភ្ជួរដីមួយគ្រឿង។ លុះមកដល់ពេលរសៀលពេលបើកត្រាក់ទ័រភ្ជួរដីសុខៗ ស្រាប់តែ ជាន់ចំមីនតោនបន្សល់ទុកពីសម័យសង្រ្គាម បណ្តាលឲ្យផ្ទុះ របួសធ្ងន់បុរសអ្នកបើកត្រាក់ទ័រម្នាក់(មិនទាន់ស្គាល់ឈ្មោះ) និងខូចត្រាក់ទ័រ ១គ្រឿងតែម្តង ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយកើតហេតុ ជនរងគ្រោះរូបនេះ ត្រូវបានសមត្ថកិច្ច បញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំព្រឹកភ្លាមៗផងដែរ ៕

...

ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print