ខេត្តក្រចេះ៖ សាកសពស្រ្តីម្នាក់ដែលត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងចំការមួយកន្លែងនាវេលាព្រឹកថ្ងៃទី១៣ ខែធ្នូឆ្នាំ២០១៩នៅចំណុចវាលក្បូន ភូមិរការធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលសមត្ថកិច្ចសន្និដ្ឋានបឋមថា ជាករណីឃាតកម្មនោះត្រូវបានកម្លាំងស្រាវជ្រាវតាមចាប់ជនដៃដល់បានហើយ គឺជាករណីអំពើប្លន់សម្លាប់។
ការឃាត់ខ្លួនជនដៃដល់ដែល សង្ស័យជាឃាតកសម្លាប់ស្រ្តីម្នាក់នោះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបាននៅវេលាម៉ោង ១៥និង៣០នាទីរសៀលក្នុងថ្ងៃខែដដែលនៅចំណុចអូរអង្គុញ ភូមិរកាធំ ឃុំជ្រោយបន្ទាយ ខេត្តក្រចេះ។
តាមប្រភពព័ត៍មានបានឱ្យដឹងថា៖ បន្ទាប់ពីមានអំពើឃាតកម្មមួយនេះបានកើតឡើងភ្លាមលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះបានបញ្ជាកម្លាំងនគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលស្រុកព្រែកប្រសព្វបើកការអង្កេតស្រាវជ្រាវជាបន្ទាន់តាមចាប់ខ្លួនជនដៃដល់។ក្រោយពីសមត្ថកិច្ចធ្វើការសួរនាំ ស្រាវជ្រាវទៅយ៉ាងយកចិត្តទុកដាក់ក៏ឈានដល់ចាប់ខ្លួនជនសង្ស័យជាឃាតកនោះបានតែម្តង។
ជនសង្ស័យ ត្រូវបានឃាត់ខ្លួននោះឈ្មោះ យ៉ង ណាក់ភេទប្រុស អាយុ៣២ឆ្នាំរស់នៅភូឃុំកើតហេតខាងលើ។
សមត្ថកិច្ចដកហូតសម្ភារៈ ជាប់ខ្លួនរួមមាន៖ ក្រវិលរបស់ជនរងគ្រោះមួយគូរ និងលុយចំនួន ៥៦0.000រៀល។
សពស្រ្តីរងគ្រោះ ឈ្មោះឈុំ ណៃស៊ីម អាយុ៣៩ឆ្នាំមានប្ដី និងមានកូនម្នាក់ រស់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពពកន្លែងកើតហេតុថា៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្មេងស្រីម្នាក់ឈ្មោះ ថៃ វ៉ារី អាយុ៦ឆ្នាំត្រូវជាកូនស្ត្រីរងគ្រោះ បានទៅប្រាប់ឈ្មោះ ឈាន លឹមហ៊ួ អាយុ៤៧ឆ្នាំ ត្រូវជាអ៊ំបង្កើតថា ម្តាយដឹកគោទៅក្រោយផ្ទះមិនឃើញត្រឡប់មកវិញទេគាត់ក៏ចាំរហូតដល់ម៉ោងប្រហែល ៦ល្ងាច នាំគ្នាដើរកមិនឃើញ លុះដល់ព្រឹកឡើងក៏ប្រទះឃើញសាកសពស្រីរងគ្រោះ ដេកស្លាប់នៅក្នុងព្រៃមានស្ពាយកាបូប នៅខាងក្រោយផ្ទះប្រហែលជា១៥០ម៉ែត្រក៏រាយការណ៍ប្រាប់សមត្ថកិច្ច។
សមត្ថកិច្ចបានចុះទៅដល់ក្រោយពីធ្វើកោសល្យវិច្ច័យការពិនិត្យសាកសព ឃើញមានស្នាមវាយនិងវត្ថុរឹង ដែលមានស្លាកស្នាមជាំពោធ្គាមសងខាង ពោចង្កា បែកកញ្ចប់មាត់ បាក់ធ្មេញលើចំនួន៣ ដាច់ទងត្រចៀកខាងឆ្វេង និងស្នាមជាំលើដើមទ្រូង។ រួចហើយសមត្ថកិច្ចជំនាញបានប្រគល់សាកសពស្រ្តីរងគ្រោះឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។ រីឯជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន ធ្វើកំណត់ហេតុស្តាប់ចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្តចាត់ការតាមនិតិវិធីច្បាប់៕
ដោយ ជីវ័ន្ត