ខេត្តកំពង់ស្ពឺ៖ នគរបាលចរាចរណ៍ខេត្តដឹកនាំដោយលោកស្នងការរងទទួលបន្ទុកបានដឹកនាំកម្លាំងក្រោមឪវាតចុះអនុវត្តច្បាប់ចរាចរណ៍នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិរលាំងសង្កែ សង្គាត់សុពណ៌ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ត្រី សាយ ប៊ុនថុល នាយរងការិយាល័យបានអោយដឹងថា កាចុះអនុវត្តនេះគឺធ្វើការផាកពិន័យចំពោះយានយន្តណាដែលមិនគោរពច្បាប់ និងល្មើសច្បាប់ចរាចរណ៍ ។ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនោះ នគរបាលបានរឹតបន្តឹងលើការផាកពិន័យអ្នកបើកបរម៉ូតូ និងឡានចាប់ពីទាបបំផុត១៥.០០០រៀល រហូតដល់១២៥.០០០រៀល ។
ការពិន័យនោះ ដូចជា មិនពាក់មួកសុវត្ថិភាពពេលបើកបរ និងជិះម៉ូតូ, ម៉ូតូមិនមានកញ្ចក់មើលក្រោយ, បើកបរឡានមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និងមិនមានភ្ជាប់ឯកសារដើមតាមខ្លួនជាដើម ។ ចំពោះអ្នកបើកបរយានយន្តទាំងម៉ូតូ និងបើករថយន្តដែលមិនទាន់មានប័ណ្ណបើកបរ គឺនគរបាលមិនទាន់ផាកពិន័យនៅឡើយទេ ។ ចំពោះថវិការដែលបានមកពីការផាកពិន័យនេះគឺត្រូវបង់ចូលចំណូលថវិការរដ្ឋ ។
ក្នុងការអនុវត្តនេះដែរក៏មានការតវ៉ាពីសំណាក់បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលមិនទាន់បានប្រុងប្រៀបខ្លួនក្នុងការគោរពច្បាប់ ។ ដោយពួកគាត់លើកឡើងថាការធ្វើការផាកពិន័យនេះមិនមែនកាត់បន្ថយភាពក្រីក្រនោះទេគឺរឹតតែធ្វើអោយប្រជាពលរដ្ឋជួបប្រទះនឹងភាពក្រីក្រលើសដើម ។
ពាក់ព័ន្ធនឹងការលើកឡើងនេះដែរលោកវរសេនីយ៍ ឯក មាសសុខុម ប្រធានការិយាល័យចរាចរណ៍បានបញ្ជាក់ប្រាប់ថា ជាធម្មតាសមត្ថកិច្ចបានធ្វើការអប់រំម្តងជាពីរដងសិនមុននឹងធ្វើការផាកពិន័យមិនមែនចាប់ភ្លាមធ្វើការផាកភ្លាមនោះទេ ។ ព្រោះថាការដែលបងប្អូនមិនគោរពច្បាប់នៅពេលដំនាក់កាលដំបូងសមត្ថកិច្ចបានពន្យល់អំពីច្បាប់ និងមានថតរូបទុកទៀតផងលុះពេលអនុវត្តលើកក្រោយឃើញគាត់(ប្រជាពលរដ្ឋ)មុខដដែលៗទើបសមត្ថកិច្ចសម្រេចធ្វើការផាកពិន័យ ។
ក្នុងនោះផងដែរលោកប្រធានការិយាល័យក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាចៀសវៀងជួបប្រទះនូវគ្រោះថ្នាក់ជាយថាហេតុដោយប្រការណាមួយ ។ ដូចជាជិះម៉ូតូត្រូវមានកញ្ចាក់មើលក្រោយនិងស្លាកលេខជាពិសេសបាក់មួកសុវត្ថិភាព ចំណែកអ្នកបើកបររថយន្តវិញត្រូវពាក់ខ្សែក្រវាត់អោយបានត្រឹមត្រូវទាំងអ្នករួមដំណើរនិងអ្នកបើកបរក្នុងនោះមិនត្រូវបិតស្ទិគ័រលើកញ្ចក់ពណ៌ខ្មៅឡើយ ៕
ដោយ៖ សេនាស័ក្តិ