ខេត្តកំពង់ចាម៖ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ៣និង៣០ នាទី ទាបភ្លឺ នៅលើផ្លូវលេខ៧១ ចំណុចភូមិ២២ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម មានរថយន្តក្រុងពណ៌លឿងទុំ របស់ក្រុមហ៊ុនអង្គរអ៊ិចស្ព្រេស ពាក់ផ្លាកលេខ ៣A-៨៩១៥ ភ្នំពេញ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ និងអាស័យដ្ឋាន បើកបរពីខេត្តសៀមរាបទៅរាជធានីភ្នំពេញ បានបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ រហូតទៅបុកពីក្រោយ តាលេថង ពណ៌ក្រហម បើកបរដោយឈ្មោះ លន់ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិឈូក ឃុំតាប្រុក ស្រុកចំការលើ រួមដំណើរជាមួយ ២នាក់៖ ១.ឈ្មោះ ឈាវ ថាត ភេទប្រុស អាយុ ១៨ឆ្នាំ ២.ឈ្មោះ ឈាវ តឿ ភេទប្រុស អាយុ ២១ឆ្នាំ អ្នកទាំង២ មានទីលំនៅភូមិរំចេក ឃុំតាប្រុក ស្រុកចំការលើ បណ្តាលអោយរបួសមនុស្ស ៤នាក់ របួសធ្ងន់ម្នាក់ឈ្មោះ លន់។
ករណីនេះ រថយន្តក្រុងដឹកអ្នកដំណើររួមមានចំនួន ៣៩នាក់ ជនបរទេស ១៨នាក់(ស្រី ៩) ជនជាតិខ្មែរ ២១នាក់(ស្រី ២)។ រថយន្តក្រុង និងថាលេថង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានស្រុកចំការលើ រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនបង្កមកផ្តន្ទាទោសតាមច្បាប់៕
ដោយ៖ ហេង សូរិយា