ស្ថានភាពនយោបាយនៅក្នុងប្រទេសថៃវិវឌ្ឍន៍ឆ្ពោះទៅរកការប្រឈមមុខតានតឹង ដោយសារតែបក្សប្រឆាំងមិនពេញចិត្ត និងការប្រមូលផ្តុំអំណាចរបស់គណបក្ស កាន់អំណាចស្និទ្ធយោធា ។
កាលពីថ្ងៃទី១៥ ខែធ្នូ គណបក្សប្រឆាំង នៅក្នុងប្រទេសថៃចំនួន៧ បានព្រមព្រៀង ជំរុញឲ្យរដ្ឋាភិបាលកែប្រែរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៧ ដែលរៀបចំឡើងដោយយោធា ដោយជំនួសវិញនូវរដ្ឋធម្មនុញ្ញថ្មីដែលត្រូវឆ្លងកាត់ការបោះឆ្នោតព្រមព្រៀងពីពលរដ្ឋ ។
សារព័ត៌មានថៃបានផ្សាយថានៅក្នុងកិច្ចប្រជុំរបស់បណ្តាគណបក្សប្រឆាំង ដែលមានពលរដ្ឋចូលរួមផងនោះ បានធ្វើឡើង នៅក្នុងមហាវិទ្យាល័យ Thammasat ក្នុងទីក្រុងបាងកក់។ គណបក្សនយោបាយដែលចូលរួមនោះ មានគណបក្ស ភឿថៃ គណបក្សអនាគតថ្មី FFP គណបក្ស Seri Ruam ថៃ គណបក្ស Prachachart គណបក្សសេដ្ឋកិច្ចថ្មី គណបក្ស Puea Chat និងគណបក្សអំណាចពលរដ្ឋថៃ ។
មេដឹកនាំគណបក្សដ FFP របស់លោក thorn Juangroongruangkit បានលើកឡើងថា ការកែប្រែរដ្ឋធម្ម នុញ្ញ គឺជារឿងចាំបាច់បំផុត ដើម្បីបញ្ចប់វិវាទនយោបាយ នៅក្នុងប្រទេសនេះ។ ទន្ទឹមនឹងនេះដែរ វាក៏ជាការបែកចែកអំណាចដោយមានតម្លាភាព ថែមទៀតផង។ កន្លងមក គណបក្សមួយចំនួន ក៏បានស្នើរដល់សមា ជិករបស់ខ្លួន ចូលរួមនៅក្នុងជួរគណៈកម្មការ កែប្រែរដ្ឋធម្មនុញ្ញ របស់សភាដើម្បី ត្រួតពិនិត្យ ស្រាវជ្រាវ និង កែប្រែរដ្ឋធម្មនុញ្ញជាថ្មី។
ចាប់តាំងពីរដ្ឋប្រហារទម្លាក់លោកស្រី យីងឡាក់ នៅឆ្នាំ២០១៤ នោះមក មេដឹកនាំយោធាបានកែប្រែរដ្ឋធម្មនុញ្ញ ដោយផ្តល់អាទិភាពដល់កម្លាំងយោធាជាច្រើន ធ្វើឲ្យការបោះឆ្នោត នៅក្នុងប្រទេសថៃ មិនមានតម្លាភាព គណបក្សយោធា របស់លោក ប្រាយុទ្ធ ចាន់អូចា មានប្រៀបជាងបណ្តាគណបក្សនានាទាំងអស់ នៅក្នុងប្រទេស។ កត្ដាទាំងនេះហើយ ទើបគណបក្សនយោបាយផ្សេងទៀត ចង់កែប្រែរដ្ឋធម្មនុញ្ញ ដើម្បីធ្វើឲ្យមានតុល្យភាព ។
ជាមួយគ្នានេះមេដឹកនាំគណបក្សឆ្ពោះទៅអនាគត គឺលោក Thanathorn Juangroongruangkit បានបញ្ជាក់ថា បាតុកម្មកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ព្រឹត្តិការណ៍ទ្រង់ទ្រាយធំជាងនេះ នឹងធ្វើឡើងនៅខែខាងមុខ ដូច្នោះ សូមកុំឲ្យលោក ប្រយុទ្ធ ចាន់អូចា ភ័យខ្លាចអ្វីឡើយ ។
តាមការចុះផ្សាយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ របស់កាសែត aljazeera បញ្ជាក់ថា មនុស្សរាប់ពាន់នាក់ ដែលជាអ្នកគាំទ្រលោក Thanathorn មេដឹកនាំគណបក្សប្រឆាំងថៃនោះ នាំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់លោក ប្រយុទ្ធ ។
បាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅតាមដងផ្លូវនានាក្នុងទីក្រុងបាងកក ដែលជាការបង្ហាញការគាំទ្រចំពោះគណបក្សប្រឆាំងមួយនៅក្នុងប្រទេសនេះហើយកំពុងប្រឈមការរំលាយចោលផងនោះ ។
បាតុកម្មកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលគណៈកម្មាធិការបោះឆ្នោតថៃបានបោះឆ្នោតរកការរំលាយគណបក្សឆ្ពោះទៅអនាគត (FFP) ដោយចាត់ទុកថា គណបក្សនេះបានរំលោភបំពានលើច្បាប់បោះឆ្នោត ទទួលប្រាក់កម្ចីពីមេដឹកនាំគណបក្ស Thanathorn Juangroongruangkit ។ ករណីនេះបាននិងកំពុងស្ថិតនៅក្នុងដៃតុលាការរដ្ឋធម្មនុញ្ញថៃ ។
គណបក្សឆ្ពោះទៅអនាគត ទើបបង្កើតឡើងក្នុងឆ្នាំ២០១៨ប៉ុណ្ណោះ ប៉ុន្តែទទួលបានសំឡេងគាំទ្រលំដាប់ទីបី នៃការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីខែមីនា ឆ្នាំ២០១៩ ហើយដែលគេមើលឃើញ លោកប្រយុទ្ធ ចាន់អូចា អតីតមេដឹកនាំរដ្ឋាភិបាលយោធា ក្លាយខ្លួនជាមេដឹកនាំរដ្ឋាភិបាលស៊ីវិលមួយរូបនោះ ។ ក្រុមអ្នកគាំទ្រគណបក្ស FFP បានចោទប្រកាន់ការបោះឆ្នោតថា «បន្លំ» និងថាជារឿងគួរឲ្យខ្មាស់អៀនមួយ ។
ក្រុមបាតុករខ្លះបានកាន់សញ្ញាអំពាវនាវឱ្យមានការផ្លាស់ប្តូររដ្ឋាភិបាល ខណៈដែលអ្នកផ្សេងទៀត បានស្រែកពាក្យស្លោកដូចជា“ផ្តាច់ការផ្តាច់ការ! សូមឲ្យ ប្រជាធិបតេយ្យរស់រាន” ឡើងវិញជាដើម ។
បាតុករផ្នែកព័ត៌មានវិទ្យាម្នាក់ អាយុ ៣១ ឆ្នាំបាននិយាយថា “យើងចង់ទាមទារសិទ្ធិរបស់យើង ពីព្រោះរដ្ឋាភិបាលរបស់យើងឥឡូវនេះពិតជាមិនលើកកម្ពស់សេរីភាពទេ” ។ ពួកគេប្រើច្បាប់ដើម្បីបោកប្រាស់ប្រជាជន។ វាមិនយុត្តិធម៌សម្រាប់ប្រជាជនថៃទេ។
លោក Thanathorn គឺជាអ្នកដែលហ៊ានរិះគន់មិនសំចៃមាត់ទៅលើរូបលោក ប្រាយុទ្ធ ចាន់អូចា នោះ បានថ្លែងទៅកាន់ហ្វូងមនុស្សថា «ថ្ងៃនេះ បង្ហាញកម្លាំងមួយតិចតួចប៉ុណ្ណោះ ហើយថ្ងៃខាងមុខ នឹងមានបង្ហាញកម្លាំងច្រើនជាងនេះទៀត ។ នេះជាការចាប់ផ្តើមប៉ុណ្ណោះ ។ យើងមកទីនេះមុនគេ ជាការសាកល្បង។ លោក ប្រាយុទ្ធ កុំខ្លាចអី ។ រឿងពិតនឹងកើតឡើង នៅខែក្រោយ» ៕