បត់រថយន្តមិនប្រយ័ត្ន! បង្កគ្រោះថ្នាក់ស្លាប់ និងរបួសធ្ងន់ ៣នាក់ នៅស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អ្នកបើកបររថយន្តសុីទែនដឹកប្រេងឥន្ធនៈរបស់ក្រុមហ៊ុន(តេលា) បត់ឆ្វេងមិនប្រយ័ត្នបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសធ្ងន់ ចំណែកជនបើកបរបង្ករត់គេចបាត់ស្រមោល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសធ្ងន់ខាងលើ បានកើតឡើងនៅវេលាម៉ោង៩ និង០៥នាទី ព្រឹកថ្ងៃច័ន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥១.១៥២ ស្ថិតក្នុងភូមិទទឹង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលអធិការដ្ឋានស្រុកក្រគរ មុនដំដូងគេឃើញរថយន្ត ១គ្រឿងម៉ាក ឆេងឡុង ពណ៏ស សុីទែន ក្បាលពាក់ស្លាកលេខ ភ្នំពេញ 3D 9582 និងរឺម៉កពាក់ស្លាកលេខ ភ្នំពេញ 4A 4017 របស់ក្រុមហ៊ុនប្រេងឥន្ធនៈ(តេលា) ដោយធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់កន្លែងកើតហេតុបានបន្ថយល្បឿន ដើម្បីបត់ឆ្វេងដៃចូលស្ថានីយ៍ប្រេងឥន្ធនៈ(តេលា) ខណៈនោះមានអ្នកជិះម៉ូតូឌុបគ្នា ១គ្រឿង មកពីទិសខាងលិចបុកចំកាងមុខផ្នែកខាងឆ្វេង បណ្ដាលឲ្យធ្លាក់ទៅចិញ្ចើមផ្លូវរងរបួសធ្ងន់ ស្របគ្នានោះដែរមានម៉ូតូ ១គ្រឿងមកក្រោយបន្តទៀតបុកចំកង់ខាងស្ដាំបណ្ដាលឲ្យរបួសធ្ងន់ បញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកក្រគរ(ស្លាប់) ។

របាយការណ៍នគរបាលខាងលើបន្តថា ភាគីជិះម៉ូតូឌុបគ្នាម៉ាក អុិចសុិនទ័រ ពណ៏ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរម៉ូតូឈ្មោះ ហ៊ាំ ណារ៉ាត់ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ(ធ្ងន់) និងអ្នករួមដំណើរឈ្មោះ អ៊ុន សុីថន ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ(ធ្ងន់) និងភាគីម៉ូតូ ១គ្រឿងទៀតម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1J 0869 បើកបរដោយឈ្មោះ ជី សុីមីញ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់(ស្លាប់) ។

របាយការណ៍នគរបាលដដែលបន្តទៀតថា ជនបើកបររថយន្តបង្កហេតុទុកចោលក្នុងស្ថានីយ៍ប្រេងឥន្ធនៈខាងលើ(គេចខ្លួនបាត់) ជនរងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ឯជនរងគ្រោះ(ស្លាប់)ប្រគល់ទទួលជូនក្រុមគ្រួសារសាច់ញាតិ វត្ថុតាងម៉ូតូ ២គ្រឿង និងរថយន្ត ១គ្រឿង រក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ រងចាំបន្តនីតិវិធី ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print