ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសតែងតាំង លោកស្រី គឹម ញឹប ជា អភិបាលខណ្ឌដង្កោ ជំនួសលោក នុត ពុធដារ៉ា ដែលត្រូវទៅបម្រើការងារ ជាអភិ បាលរងខេត្ដក្រចេះ ។ នេះជាលើទី១ ដែលស្ត្រីត្រូវបានប្រកាសឲ្យកាន់តំណែងជាអភិបាលខណ្ឌ ក្នុងចំណោមខណ្ឌទាំង១៤នៅក្នុងរាជធានីភ្នំពេញ។
ខណៈលោក នុត ពុធដារ៉ា ត្រូវទៅកាន់តំណែងជាអភិបាលរងខេត្តក្រចេះ ។
ពិធីប្រកាសនេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី១៦ធ្នូ ឆ្នាំ២០១៩ នៅសាលាខណ្ឌដង្កោ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ពិធីនេះ ត្រូវបានតែងតាំងលោកស្រី គឹម ញឹប ឋានន្ត រសក្ដិវរមន្ត្រី ថ្នាក់លេខ១ ដែលពីមុន លោកស្រីជា អភិបាលរងខណ្ឌដង្កោ មកកាន់ មុខតំណែងជាអភិបាល នៃគណៈអភិបាលខណ្ឌដង្កោ ជំនួសលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ក្នុងឱកាសនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាសតែងតាំងលោក ពុយ ច័ន្ទ ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ២ ឲ្យកាន់មុខ តំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកស្រី គឹម ញឹប ក្នុងពិធីនោះ បានធ្វើការប្តេជ្ញាចិត្តថា ៖ និងខិតខំបំពេញការងារឲ្យបានល្អប្រសើរ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ សហការជាមួយក្រុមការងារទាំងអស់ ទាំងថ្នាក់ជាតិនិងមន្ត្រីជំនាញពាក់ព័ន្ធ ស្របទៅតាមកម្មវិធីន យោបាយរបស់រាជរដ្ឋាភិបាល ។ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ បង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងធ្វើយ៉ាងណាអនុវត្តឲ្យបាននូវនយោបាយភូមិ សង្កាត់មានសុវត្ថិភាព។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អ្វីដែលជាការប្តេជ្ញាចិត្ត ក្នុងនាមអភិបាលខណ្ឌត្រូវធ្វើឲ្យបាន និងកុំភ្លេចពីការប្តេជ្ញាចិត្តរបស់យើង ហើយបើបានសន្យាជាមួយប្រជាពលរដ្ឋហើយ ត្រូវធ្វើឲ្យបានជូនគាត់ ទើបពួកគាត់មានជំនឿទុកចិត្ត។
លោកបញ្ជាក់ថា សម្រាប់ការងារបច្ចុប្បន្ន នេះ រាជរដ្ឋាភិបាល បានជំរុញនៃការបញ្ជ្រៀតយេនឌ័រ ដោយបញ្ចូលស្ត្រីឲ្យទៅបម្រើការងារឲ្យស្មើជាមួយបុរសដែរ។ ជាក់ស្តែងសម្រាប់ពេលនេះយើងពិតជាបានឃើញស្រាប់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺបានលើកតម្កើងស្ត្រី ដោយបានតែងតាំងលោកស្រី គឹម ញឹប ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ ១ ដែលមុននេះជាអភិបាលរងខណ្ឌដង្កោ មកកាន់ មុខតំណែងជាអភិបាល នៃគណៈអភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញជំនួសលោក នុត ពុធដារ៉ា។
លោក ឃួង ស្រេង បានជំរុញឲ្យលោកស្រី គឹម ញឹប ដែលទើបបានឡើងកាន់តំណែងថ្មីត្រូវពង្រឹងពីបែបបទ របៀបរបបការងារឲ្យបានល្អ ដោយត្រូវពង្រឹងការងារនៃការ អនុវត្តច្បាប់ចរាចរណ៍ ខណៈដែល ក្នុងមួយថ្ងៃ ទៅមួយថ្ងៃ គ្រោះ ថ្នាក់ចរាចរណ៍ បានធ្វើឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់ ដោយលោកបញ្ជាក់ថា អ្នកដែលមិនគោរពច្បាប់ចរាចរណ៍មិនមែនធ្វើឲ្យស្លាប់តែខ្លួនឯងនោះទេ គឺបានបង្កឲ្យអ្នកដទៃស្លាប់ជាមួយខ្លួនឯងដែរ ដែលបញ្ហានេះ អាជ្ញាធរត្រូវតែពង្រឹងនៃការអនុវត្តច្បាប់ចរាចរណ៍នេះឲ្យបានឲ្យបានម៉ឺងម៉ាត់បំផុត។
ពាក់ព័ន្ធនឹងលោកនុត ពុធដារ៉ា លោកអភិបាលរាជធានី បានបញ្ជាក់ផងដែរថា លោក នុត ពុធដារ៉ា បានបំពេញការងារបានល្អប្រសើរ មានស្នាដៃយ៉ាងច្រើន នៅពេល ដែលលោក បំពេញការងារជាអភិបាលនៃគណៈអភិបាលខណ្ឌដង្កោ រហូតដល់ពីរអាណត្តិ។ ដោយមើលឃើញពីស្នាដៃទាំងនេះ រាជរដ្ឋាភិបាលមានបំណងឲ្យលោកនុត ពុធដារ៉ា ទៅកាន់តំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះនាពេលខាងមុខ៕ដោយ៖ សំរិត