ការវាយឆ្មកនេះមិនទាន់មានក្រុមណាមួយចេញមុខប្រកាសទទួលស្គាល់ថា ជាទង្វើរបស់ក្រុមខ្លួននៅឡើយទេ ។ នេះការព្រឹត្តិការណ៍វាយប្រហារចុងក្រោយបំផុតនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលសម្តៅទៅលើមន្ត្រីកុងស៊ុលប្រទេសឥណ្ឌា ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា ការវាយប្រហារកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦នេះ ខ្មាន់កាំភ្លើងមានគ្នាប្រមាណ៦នាក់បានធ្វើសកម្មភាពនៅជិតស្ថានកុងស៊ុលនោះ ។ កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានឡោមព័ទ្ធទីតាំងខាងលើភ្លាមៗ ។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលក្នុងតំបន់លោក Munir Farhad បានថ្លែងប្រាប់AFP ថា ប្រតិបត្តិការបោសសម្អាតក្រុមឧទ្ទាមបាននិងកំពុងធ្វើឡើងនៅជិតស្ថានកុងស៊ុលឥណ្ឌាប្រចាំនៅអាហ្វហ្គានីស្ថាន ។ ស្ថានការពិតជាលំបាកដោយសារតែមានជនស៊ីវិលច្រើនស្អេកស្កះ យើងប្រកាន់យកគោលជំហរមិនឲ្យជនស៊ីវិលរងគ្រោះថ្នាក់នោះឡើយ ។
មន្ត្រីស្ថានកុងស៊ុលឥណ្ឌាមួយរូបបានបញ្ជាក់ថា ទាំងអគ្គរដ្ឋទូតឥណ្ឌា ក៏ដូចបុគ្គលិកស្ថានទូតទាំងអស់ទទួលបានសន្តិសុខ សុវត្ថិភាព បើទោះជាមានការផ្ទុះអាវុធដោយប្រើកាំភ្លើងធុនធ្ងន់ខាងលើនេះក៏ដោយ ។ យើងទទួលរងការវាយប្រហារ ។ ប្រភពបន្តថា ការប៉ះទង្គិចបន្តកើតឡើង ។ ការវាយប្រហារនេះបានកើតឡើងតាំងពីល្ងាចថ្ងៃទី៣ ខែមករា ។
លោក Vikas Swarup មន្ត្រីនាំពាក្យស្ថានទូតឥណ្ឌានៅអាហ្វហ្គានីស្ថានបានបញ្ជាក់ថា រហូតមកដល់ពេលនេះ គ្មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់អះអាងថា ពលរដ្ឋឥណ្ឌាទទួលរងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។
សូមបញ្ជាក់ថា ការវាយប្រហារខាលើនេះ បន្ទាប់ពីការវាយប្រហារកាលពីចុងសប្តាហ៍មុនទៅលើបន្ទាយកងទ័ពជើងអាកាសឥណ្ឌាស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា រដ្ឋ Punjab ។ ការវាយប្រហារនៅបន្ទាយកងទ័ពអាកាសនោះ ក្រុមឧទ្ទាមរដ្ឋអិស្លាម (IS) បានប្រកាសចេញមុខទទួលស្គាល់ថា ជាទង្វើរបស់ក្រុមខ្លួន ។
ការវាយប្រហារនេះបានបណ្តាលឲ្យទាហានឥណ្ឌា៧នាក់បាត់បង់ជីវិត និងខ្មាន់កាំភ្លើង៦នាក់ក៏បានស្លាប់ផងដែរ ក្រោយប្រយុទ្ធគ្នារយៈពេល១៤ម៉ោង ទម្រាំកងទ័ពឥណ្ឌាបញ្ចប់បេសកកម្មនោះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត