ភ្នំពេញ ៖ សិស្សានុសិស្សវ័យក្មេងរបស់កម្ពុជា និងមាតា-បិតារបស់ក្រុមសិស្សទាំងនោះ បានមកជួបជុំគ្នានៅថ្ងៃនេះ នៅអគារ Raintree ដើម្បីចូលរួមក្នុងពិធីបញ្ចប់វគ្គសិក្សាជាផ្លូវការរបស់ពួកគេ និងដើម្បីបង្ហាញពី គម្រោងបច្ចេកវិទ្យារបស់ខ្លួន ក្នុងកម្មវិធីអបអរនូវការបញ្ចប់យ៉ាងជោគជ័យទៅលើកម្មវិធីសិក្សារបៀបបង្កើតកូដ ហៅថា Tiny Coding Cats។ កម្មវិធីនេះ ត្រូវបានឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុន Smart Axiata ក្នុងនាមជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុននេះ ដើម្បីធ្វើទំនើបកម្មប្រទេសកម្ពុជា តាមរយៈការអប់រំប្រព័ន្ធឌីជីថល។
Raintree ដែលជាការិយាល័យអភិវឌ្ឍអ្នកបង្កើតគំនិតច្នៃប្រឌិតដំបូងគេរបស់កម្ពុជា ដែលមានបំណងក្លាយជាកន្លែងបណ្តុះបណ្តាលមួយសម្រាប់ការកសាងសមត្ថភាពលើវិស័យអប់រំ និងបច្ចេកវិទ្យានោះ បានចាប់ដៃគូជាមួយនឹង Saturday Kids (សឹង្ហបុរី) លើការបង្កើតកម្មវិធីសាកល្បងជាច្រើន ដើម្បីផ្តល់ការបណ្តុះបណ្តាលលើជំនាញឌីជីថលសម្រាប់សិស្សានុសិស្សកម្ពុជា។
ក្រោយពីបានចាប់ផ្តើមដំណើរការកាលពីខែតុលា ឆ្នាំ២០១៩ កម្មវិធី Tiny Coding Cats គឺជាកម្មវិធីបង្រៀនពីជំនាញបង្កើតកូតរយៈពេល៦សប្តាហ៍មួយ ដែលត្រូវបានបង្កើតឡើងសម្រាប់សិស្សានុសិស្សវ័យក្មេងរបស់កម្ពុជា ដែលមានអាយុចន្លោះពី៨ ទៅ១២ឆ្នាំ ដើម្បីក្លាយជាអ្នកសិក្សាដែលចង់ចេះចង់ដឹង មានភាពឆ្លាតវៃ និងមានការលើកទឹកចិត្តខ្លួនឯង។ កម្មវិធីសិក្សាមួយនេះ រាប់បញ្ចូលទាំង មូលដ្ឋានគ្រឹះនៃវិទ្យាសាស្ត្រកុំព្យូទ័រជាមូលដ្ឋាន ផងដែរ ដូចជា Loops (កម្មវិធីសាឡើងវិញ), Cloning (ការចម្លងកម្មវិធី), Broadcast (ការបញ្ជូនសំណុំឯកសារ) និង Sensing (កម្មវិធីដឹងដោយស្វ័យ ប្រវត្តិ)។ ក្នុងពេលបញ្ចប់មេរៀននីមួយៗ សិស្សានុសិស្សទាំងអស់បានឃើញពីរបៀបដែលគម្រោងរបស់ពួកគេអាចកើតឡើង តាមរយៈការអនុវត្តកម្មវិធីកូដរបស់ពួកគេ។
តាមរយៈការប្រើប្រាស់កម្មវិធីភាសា Scratch កម្មវិធីនេះ ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់សិស្សានុ សិស្សកម្ពុជា ក្នុងការប្រើប្រាស់ទាំងភាសាខ្មែរ និងអង់គ្លេស ជាមធ្យោបាយមួយក្នុងការបង្រៀន ដែលនេះជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងការជំរុញលើជំនាញដោះស្រាយបញ្ហា និងជំនាញលើការវិភាគ សម្រាប់សត វត្សរ៍ទី២១។
ទាក់ទងនឹងមូលហេតុដែលកម្មវិធីកូដបង្កើតឲ្យមានផ្លាតហ្វមដ៏ល្អឥតខ្ចោះមួយក្នុងការបណ្តុះជំនាញទាំងនេះ កញ្ញា Nora Viblanc ដែលជាគ្រូបង្រៀនម្នាក់ក្នុងកម្មវិធីនេះ បានមានថ្លែងថា៖ «ជារួម កម្មវិធីនេះ ផ្តោតលើការធ្វើឲ្យមានភាពច្បាស់លាស់លើការពិចារណា និងការគិតប្រកបដោយភាពត្រឹមត្រូវ។
អ្នកស្រី Urvi Doshi នាយកផ្នែកយុទ្ធសាស្ត្រនៅ Saturday Kids បានឲ្យដឹងថា៖ «ក្នុងកម្មវិធី Tiny Coding Cats យើងមិនវាស់វែងលើភាពជោគជ័យតាមរយៈការរាប់ចំនួនអ្នកដែលចេះបង្កើតកម្មវិធី ដែលយើងបណ្តុះបណ្តាលបានឡើយ ប៉ុន្តែ យើងផ្អែកទៅលើចំនួនសិស្ស ដែលមានការរំភើប ចង់ចេះចង់ដឹង និងមានការលើកទឹកចិត្តជាងមុន លើការសិក្សារៀនសូត្រ បន្ទាប់ពីទទួលបានបទពិសោធពីថ្នាក់សិក្សារបស់យើង»។
កញ្ញាបានបន្ថែមទៀតថា៖ «យើងឲ្យតម្លៃទៅលើដំណើរការនៃការសិក្សារៀនសូត្រ ជាងផលិតផលចុងក្រោយ។ «ការបរាជ័យ» ត្រូវបានចាត់ទុកថា ជាការរៀបចំខ្លួនជាថ្មី។ វាហាក់ដូចជាជីវិតពិតអញ្ចឹង ខណៈដែលយើងទាំងអស់គ្នា កំពុងតែធ្វើរឿងជាច្រើនដោយខ្លួនឯង កំពុងតែបរាជ័យ កំពុងតែដោះស្រាយបញ្ហាដែលបានដំណើរការខុស និងកំពុងតែព្យាយាមម្តងទៀត។ យើងលើកទឹកចិត្តឲ្យកុមារា-កុមារី ជម្នះឧបស័គ្គផ្សេងៗដោយខ្លួនឯង ទទួលយកបទពិសោធផ្សេងៗ និងមានភាពក្លាហានក្នុងការទទួលបរាជ័យ ក្នុងចន្លោះសុវត្ថិភាពមួយ ជាងការ
បង្កើតគម្រោងដ៏ល្អឥតខ្ចោះជាច្រើន។ វាគឺជាមេរៀនដែលត្រូវបានសិក្សាតាមរយៈបទពិសោធបែបនេះ ដែលនឹងជួយដុសខាត់ពួកគេឲ្យទៅជាអ្នកសិក្សាដ៏រឹងមាំក្នុងជីវិត»។
លោក Andrey Kuzin ប្រធានផ្នែកបច្ចេកទេសនៅក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «យើងមើលឃើញពីសារសំខាន់នៃការបណ្តុះបណ្តាលសិស្សានុសិស្សវ័យក្មេងរបស់កម្ពុជា ក្នុងវ័យកុមារភាព លើមុខវិជ្ជាបង្កើតកូដ និងបង្កើតកម្មវិធី។ យើងជឿជាក់ថា មុខវិជ្ជានេះ អាចជួយបង្កើនការចង់ចេះចង់ដឹង និងការស្រមៃគិតរបស់ពួកគេ ដើម្បីអភិវឌ្ឍការចាប់អារម្មណ៍របស់ពួកគេបន្ថែមទៀត លើការសិក្សារយៈពេលដ៏វែងក្នុងជីវិត ក៏ដូចជាលើកទឹកចិត្តលើការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ។ យើងសង្ឃឹមថា កុមារា-កុមារីទាំងនេះ នឹងបន្តអភិវឌ្ឍលើមុខវិជ្ជាដែលពួកគេបានសិក្សារៀនសូត្រអំឡុងពេលនៃកម្មវិធីនេះ និងអភិវឌ្ឍបន្ថែមទៀតលើទេពកោសល្យឌីជីថល ក៏ដូចជាការបង្កើតកូដដោយខ្លួនឯង នៅពេលដែលពួកគេមានវ័យកាន់តែច្រើន»៕ ដោយ វឌ្ឍនា