រដ្ឋបាលខេត្តបាត់ដំបង ស្នើសុំរុះរើស្ពានឆ្លងកាត់​ស្ទឹងសង្កែ​សម័យបារាំង ខណៈក្រសួងវប្បធម៌ស្នើសុំរក្សាទុកថែទាំជួសជុលឡើងវិញ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បន្ទាប់ពីរដ្ឋបាលខេត្តបាត់ដំបង សុំគោលការទៅថ្នាក់ជំនាញ ដើម្បីរុះរើស្ពានថ្មចាស់សម័យបារាំងដែលមានវ័យជាង១០០ឆ្នាំ ឆ្លងកាត់​ស្ទឹងសង្កែ​ នៅ​មុខ​សាលា​ខេត្ដរួចមក ថ្មីៗនេះស្រាប់តែខាងមន្ត្រីក្រសួងវប្បធម៌បានធ្វើលិខិតអន្តរាគមន៍ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ទៅរដ្ឋមន្ត្រីក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់វិញដែរ ដោយសូមរក្សាទុកថែទាំជួសជុលស្ពានឡើងវិញ ដោយសំអាងថា ជាសំណង់បេតិកភណ្ឌទីក្រុង ហើយនៅសល់តែមួយគត់ក្នុងខេត្តបាត់ដំបង និងនៅសល់តែមួយគត់នៅកម្ពុជា ដែលមានតម្លៃប្រវត្តិសាស្ត្រស្ថាបត្យកម្ម នគរូបនីយកម្ម និងបរិស្ថាន ។

យោងតាមលិខិតលេខ១៣២១/១៩លស ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបាត់ដំបង ជម្រាបទៅលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើសុំគោល ការណ៍អនុញ្ញាតធ្វើការរុះរើស្ពានចាស់សម័យបារាំង ស្ថិតនៅមុខសាលាខេត្ត ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងកម្មវត្ថុរដ្ឋបាលខេត្តបាត់ដំបងស្នើសុំបែបនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈយល់ឃើញថា ពុំគួរធ្វើការរុះរើស្ពានថ្មចាស់សម័យបារាំងនោះទេ ដោយសារស្ពាននេះ មានអាយុកាលដ៏ចំណាស់ជាង១០០ឆ្នាំមកហើយ ដែលបានកសាងនៅក្នុងសម័យអាណានិគមបារាំង ជាសំណង់បេតិកភណ្ឌទីក្រុងនៅសល់តែមួយគត់ក្នុងខេត្តបាត់​ដំបងនិងនៅសល់តែមួយគត់នៅកម្ពុជា ដែលមានតម្លៃប្រវត្តិសាស្ត្រស្ថាបត្យកម្ម នគរូបនីយកម្ម និងបរិស្ថាន​។

ខ្លឹមសារក្រសួងវប្បធម៌សុំអន្តរាគមន៍បញ្ជាក់ទៀតថា ម្យ៉ាងទៀតស្ពាននេះ ចាត់ទុកជាមរតកដ៏កម្រមួយដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង គួរតែថែរក្សាទុក និងធ្វើការជួសជុលឡើងវិញ ហើយប្រើប្រាស់ជាស្ពានថ្មើរជើង។ ក្រសួងស្នើសុំកិច្ចសហការជាមួយអ្នកជំនាញពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចុះទៅពិនិត្យ​សិក្សាផ្ទាល់ដល់ទីតាំង នៅថ្ងៃទី១៩ និង២០ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងគោល​បំណងរកដំណោះស្រាយមួយដ៏ល្អ ក្នុងន័យអភិរក្ស ដើម្បីអភិវឌ្ឍន៍និងអភិវឌ្ឍន៍ ដើម្បីអភិរក្សប្រកបដោយចីរភាព ។

សូមប​ញ្ជាក់ថា ​កាលពី​ថ្ងៃទី​១៣​ខែ​ធ្នូ​ ​រដ្ឋបាល​ខេត្ដ​បាត់ដំបងបានចេញសេចក្ដី​ជូនដំណឹង ​ស្ដីពី​ការហាមឃាត់​ក្នុង​ការធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពានថ្ម​ចាស់​នៅ​មុខ​សាលា​ខេត្ដ​បាត់ដំបង​នេះ​បាន​បញ្ជាក់ថា សភាព​ស្ពាន​នេះ​បាន​ចាស់​ទ្រុឌទ្រោម និង​បែក​ប្រេះស្រាំ​មិនអាច​ប្រើប្រាស់​បន្តទៀត​បានឡើយ ជា​ការចាំបាច់​គឺ​ត្រូវ​បញ្ឈប់​ការធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​នេះ​តែម្ដង​។ រដ្ឋបាល​ខេត្ដ​បាត់ដំបង​បន្ថែមថា​៖ «​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ដែល​អាច​នឹង​កើតមានឡើង​ជាយថាហេតុ​ក្នុង​ការពុកផុយ​បាក់ស្រុត​របស់​ស្ពានថ្ម​ចាស់ រដ្ឋបាល​ខេត្ដ​សូម​ជម្រាប​ជូនដំណឹង​សាធារណជន​ទាំងអស់​ត្រូវ​ផ្អាក​ការធ្វើដំណើរ​ឆ្លងកាត់​ស្ពានថ្ម​ចាស់​នេះ​ចាប់ពី​ថ្ងៃទី​ ១៣ ខែ​ធ្នូ​នេះ​តទៅ​»​ ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print