នៅតាមទីក្រុងធំៗក្នុងប្រទេសឥណ្ឌា ត្រូវបានកកស្ទះដោយសារតែក្រុមបាតុករប្រឆាំងច្បាប់សញ្ជាតិបិទផ្លូវសំខាន់ៗចូលទៅកាន់ទីក្រុង ។នៅពេលនេះដែរ កម្លាំងប៉ូលិសឥណ្ឌាបានចាប់ខ្លួនបាតុករជាច្រើន ។ តាមរបាយការណ៍ពីប៉ូលិសឥណ្ឌាបានឲ្យដឹងថា មានមនុស្ស ៣នាក់ស្លាប់ និង១,២០០នាក់ត្រូវបានចាប់ខ្លួន
អំឡុងពេលធ្វើបាតុកម្មប្រឆាំងច្បាប់ផ្តល់សញ្ជាតិថ្មី ដ៏ចម្រូងចម្រាស់នៅក្នុងប្រទេសឥណ្ឌា។
ប្រភពព័ត៌មានប៊ីប៊ីស៊ី បានផ្សាយកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ថា អាជ្ញាធរបានដាក់ការហាមឃាត់ធ្វើបាតុកម្ម មិនឲ្យកើតមាននៅផ្នែកខ្លះក្នុងរដ្ឋធានី Delhi និងនៅតាមរដ្ឋដូចជា Uttar Pradesh និង Karmatakaជាដើម ។
ច្បាប់ថ្មីផ្ដល់សញ្ជាតិឥណ្ឌាឲ្យដល់ជនអន្តោប្រវេសន៍ដែលមិនមែនជាជនមូស្លីមហើយមកពីប្រទេសជិតខាង ដូចជាប៉ាគីស្ថាន, បង់ក្លាដែស និងអាហ្វហ្គានីស្ថាន។ រដ្ឋាភិបាលឥណ្ឌាប្រកាសច្បាប់នេះ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ។
ក្រុមអ្នករិះគន់បានភ័យខ្លាចថា ច្បាប់នេះ ធ្វើឲ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញរបស់ប្រទេសឥណ្ឌា ហើយថា ជំនឿសាសនាមិនមែនជាមូលដ្ឋាន នៅក្នុងការផ្ដល់សញ្ជាតិនោះទេ ។ ប៉ុន្តែ លោក ណារ៉េនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានច្រានចោលការព្រួយបារម្ភ របស់ក្រុមបាតុករ ហើយថាក្រុមបាតុករទាំងនោះកំពុងនាំគ្នាបំប៉ោងព័ត៌មានភូតកុហក ។
បាតុកម្មបានអូសបន្លាយពេលជាច្រើនថ្ងៃកន្លងមកហើយ ប្រឆាំងនឹងច្បាប់ថ្មីផ្តល់សញ្ជាតិដល់ជនអន្តោប្រវេសន៍នៅលើទឹកដីឥណ្ឌានេះ ។ ក្រសួងមហាផ្ទៃបានកោះប្រជុំផងដែរ ដើម្បីពិភាក្សារកវិធីដោះស្រាយវិបត្តិមួយនេះ ។
បាតុកររាប់ពាន់នាក់បានធ្វើបាតុកម្មតាមដងផ្លូវនៅទូទាំងប្រទេសកាលពីថ្ងៃទី១៩ ខែធ្នូ បើទោះបី ប៉ូលិសហាមប្រាមយ៉ាងណាក៏ដោយ ។ ប៉ូលិសឥណ្ឌាបានហាមប្រាមពលរដ្ឋពីការជួបជុំគ្នាលើសពី៤នាក់ឡើងទៅ។
បាតុកម្មបានផ្ទុះឡើងនូវអំពើហិង្សា ស្លាប់មនុស្ស២នាក់នៅទីក្រុង Mangalore បន្ទាប់ពីប៉ូលិសបាញ់ប្រហារទៅលើហ្វូងបាតុករ ដោយចោទប្រកាន់ថា ពួកគេព្យាយាមដុតកម្ទេចស្ថានីយប៉ូលិស ។
ស្នងការប៉ូលិស លោក Dr PS Harsha បានប្រាប់អ្នកសារព័ត៌មានថា បម្រាមគោចរនៅតែមានប្រសិទ្ធភាពនៅក្នុងរដ្ឋធានី ។ សេវាអ៊ីនធើណេតក្នុងតំបន់ត្រូវបានកាត់ផ្តាច់ផងដែរ ។
នៅទីក្រុង Lucknow បុរសម្នាក់ទៀតបានស្លាប់ ខណៈដែលអំពើហិង្សាបានផ្ទុះឡើងរវាងក្រុមបាតុករ នឺងកម្លាំងសន្តិសុខ ហើយរថយន្តជាច្រើនគ្រឿងត្រូវបានដុតបំផ្លាញទាំងព្រឹកព្រលឹម ។ មន្ត្រីប៉ូលិសរាប់សិបនាក់បានរងរបួស ហើយមនុស្ស១១២នាក់ត្រូវបានរាយការណ៍ថា ត្រូវចាប់ឃុំខ្លួន ក្នុងរដ្ឋធានីមួយនេះ ។
សារព័ត៌មាន independent បានផ្សាយថា មកដល់ពេលនេះ មនុស្សរហូតដល់១២០០នាក់ ត្រូវបានកម្លាំងសន្តិសុខឥណ្ឌាចាប់ឃុំខ្លួន ពាក់ព័ន្ធនឹងបាតុកម្មប្រឆាំងច្បាប់សញ្ជាតិមួយនេះ ៕