មុននេះបន្តិច៖ សមត្ថកិច្ចឃាត់ខ្លួនថៅកែស្ថានីយ៍ប្រេង PTT នៅក្បែររង្វង់មូលគួរស្រូវ ក្រោយផ្ទុះអំពើហិង្សាលើគ្រូបង្រៀនម្នាក់នោះបានហើយ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌបានសម្រេចឃាត់ និងនាំខ្លួនជនសង្ស័យដ៏ទំនើង សារុន វិធុរ៉ាក់ ថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួស្រូវ ខណ្ឌដង្កោហើយ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ក្រោយផ្ទុះអំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើគ្រូបង្រៀនម្នាក់ ហើយត្រូវបានចែកចាយព្រោងព្រាតនៅតាមបណ្ដាញសង្គម Facebook។

មន្រ្តីជាន់ខ្ពស់នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញព័ត៌មាននៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ ថៅកែស្ថានីយ៍ប្រេង PTT ឈ្មោះ សារុន វិធុរ៉ាក់ ពិតជាត្រូវបានឃាត់និងនាំខ្លួនដោយកម្លាំងសមត្ថកិច្ច យោងតាមដីកាចាត់តាំងតំណាងអយ្យការរបស់លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធអំពើហិង្សានេះ។

ជាមួយនោះដែរតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាឲ្យនាំខ្លួនលោក អ៉ឹម សិរីរដ្ឋ ជាគ្រូបង្រៀន ផងដែរពាក់ព័ន្ធករណីនេះ។

សូមបញ្ជាក់ថា លោក សារុន វិធុរ៉ាក់ ត្រូវជាកូនប្រុសលោក ចាន់ សារុន អតីតរដ្ឋមន្ដ្រីក្រសួងកសិកម្ម និងបច្ចុប្បន្នជាតំណាងរាស្ដ្រមណ្ឌលតាកែវ និងបក្ខពួក បានរងការចោទប្រកាន់ ប្រើហិង្សាយ៉ាងធ្ងន់ធ្ងរ ទៅលើលោក អ៉ឹម សិរីរដ្ឋ ជាគ្រូបង្រៀនកាលពីយប់ថ្ងៃទី១៦ ខែធ្នូកន្លងទៅ នៅក្នុងបរិវេណស្ថានីយ៍ប្រេងរបស់ខ្លួន ដោយពួកគេចោទថា គ្រូបង្រៀនរូបនេះ បានចូលទៅអុកឡុក និងចូលក្នុងបន្ទប់ទឹកស្រី លួចថតនារីនៅក្នុងបន្ទប់ទឹកនោះ។

សូមរម្លឹកថា៖ ជនទំនើង សារុន វិធុរ៉ាក់ ថែមទាំងបង្ហោះវីដេអូ និងរូបភាព លើកមេដៃជាមួយរូបគ្រូបង្រៀន ដោយចងដៃទៅក្រោយ និងចាប់បោចសក់នៅលើបណ្ដាញសង្គម Facebook ទៀតផង ដែលធ្វើឲ្យមហាជនជាច្រើនរិះគន់យ៉ាងចាស់ដៃ ចំពោះការប្រើអំពើហិង្សាខុសច្បាប់ទម្លាប់បែបនេះ។

សម្រាប់ករណីនេះ ក៏មានចោទចំៗទៅលើថៅកែស្ថានីយ៍ប្រេង PTT លោក សារុន វិធុរ៉ាក់ ថាខុសទាំងស្រុងដោយសារខ្លួន មិនមែនជាមន្រ្តីសមត្ថកិច្ច ហើយទៅចាប់ចង និងបញ្ជាឲ្យកូនចៅវាយយ៉ាងដូច្នេះទេ នោះវាក្លាយជាបទល្មើសព្រហ្មទណ្ឌហើយ ដែលតំណាងអយ្យការតំណាងឲ្យរដ្ឋមានសិទ្ធិដាក់ពាក្យបណ្តឹងបាន បើទោះបីជនរងគ្រោះមិនបានដាក់ពាក្យប្តឹងក៏ដោយ។

មជ្ឈដ្ឋានទូទៅគាំទ្រនូវចំណាត់ការមន្ត្រីនគរបាលយុត្តិធម៍ និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ខណៈឃាត់ខ្លួនជនទំនើងកូនអ្នកតំណាងរាស្ត្រតាមនីតិវិធី ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print