ភ្នំពេញៈ អភិបាលខណ្ឌដង្កោ លោកស្រី គឹម ញឹប បានដាក់ចេញនូវផែនការអោយកម្លាំងសន្តិសុខត្រូវអនុវត្តជាប្រចាំទៅលើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈគ្រប់ផ្លូវទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌជាពិសេសអ្នកលក់លើចិញ្ចើមផ្លូវ រថយន្តតាក់ស៉ីឈប់ចតនៅលើផ្លូវលេខ២១៧ ហើយរត់ចាប់ម៉ូយប្រសេចប្រសាច នឹងសម្រួលចរាចរគ្រប់ចំណុចដែលកក់ស្ទះ។
ការដាស់តឿនក្រើនរំលឹកដល់កម្លាំងសន្តិសុខប្រចាំខណ្ឌអោយពង្រឹងការងារសណ្តាប់ធ្នាប់សាធារណៈនេះបានលើកឡើងនៅគ្រាដែលលោកស្រីអភិបាលជួបសំណេះសំណាលនិងផ្តល់ថវិកាលើកទឹកចិត្តដល់កម្លាំងសន្តិសុខកាលពីរសៀលថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខណ្ឌដង្កោ ។
មានមតិសំណេះសំណាលនិងផ្តាំផ្ញើដល់កម្លាំងសន្តិសុខ លោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌបានណែនាំអោយកម្លាំងសន្តិសុខទាំងអស់ត្រូវពង្រឹងការងារចុះរៀបចំសណ្តាប់ធ្នាប់ ជាប្រចាំនៅគ្រប់ផ្លូវទាំងអស់។ ពិតណាស់ថាការចុះរៀបចំសណ្តាប់ធ្នាប់នេះបានធ្វើអោយប៉ះពាលដល់ផលប្រយោជន៍អ្នកលក់ដូរលើដីចំណីផ្លូវមែន តែប្រជាពលរដ្ឋភាគច្រើនមានការសាទរដល់កងកម្លាំងសន្តិសុខក៍ដូចជាអាជ្ញាធរខណ្ឌ ដូច្នេះយើងត្រូវអនុវត្តតាមមតិភាគច្រើន ។
លោកស្រីអភិបាលខណ្ឌបានបន្តថា យើងនាំគ្នាធ្វើល្អទៅប្រជាពលរដ្ឋលោកសរសើហើយខ្លាចតែយើងមិនធ្វើ ។ មតិភាគតិចណាស់ដែលគេរិះគន់ពេលដែលយើងធ្វើ តែមតិភាគច្រើនណាស់ដែលគេសរសើយើង ដូច្នេះយើងត្រូវតែធ្វើតាមមតិភាគច្រើន ។ ធម្មតាធ្វើអីក៍ខុសដែរ អ្នកលក់លើចិញ្ចើមផ្លូវគាត់មិនសប្បាយនៅពេលដែលយើងរៀបចំសណ្តាប់ធ្នាប់ ប៉ុន្តែប្រជាពលរដ្ឋភាគច្រើនគាត់សប្បាយចិត្តពេលឃើញសណ្តាប់ធ្នាប់មានរបៀបរាបរយ ដូច្នេះចាប់ពីពេលនេះទៅត្រូវរួមគ្នាពង្រឹងការងាររៀបចំសណ្តាប់សាធារណៈបន្ថែមទៀត ៕
ដោយ៖ ជឹម ភារ៉ា