ក្រុងប៉ោយប៉ែត៖ ម្ដាយនិងកូន២នាក់ បានបាត់បង់ជីវិតនៅលើដងផ្លូវយ៉ាង អាណោចអាធ័មដោយសារឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើង ដោយរថយន្ដដឹកដីមួយគ្រឿងបានបើក បុកម៉ូតូ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥ ត្រង់ចំណុចផ្លូវ បំបែកជា៣ ក្បែរធនាគារអេស៊ីលីដា លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ បាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ។
តាមប្រភពពីមន្ដ្រីនគរបាលបានឱ្យ ដឹងថា ម្ដាយកូនដែលបាត់បង់ជីវិតក្នុង ហេតុការណ៍នេះ គឺស្ដ្រី ជាម្ដាយឈ្មោះ វី អាយុ៣៥ឆ្នាំ និងកូនប្រុសឈ្មោះ ខ្វៃ អាយុ១០ឆ្នាំ ទាំង២នាក់មានទីលំនៅ ក្នុងភូមិគីឡូត៍លេខ៤ សង្កាត់ផ្សារ កណ្ដាល ក្រុងប៉ោយប៉ែត ។ ចំណែកជន បង្កជាអ្នកបើកបររថយន្ដឈ្មោះ ខេង សុខឃឿន ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មករបើកបររថយន្ដដឹកដីរបស់ក្រុមហ៊ុនចាំងកេតភៀវ ។
ប្រភពដដែលបន្ដឱ្យដឹងថា មុនពេល កើតហេតុគេបានឃើញស្ដ្រីរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខបន្ទាយ មានជ័យ1F-0679 ។ លុះមកដល់ចំណុច កើតហេតុដែលជាចំណុចផ្លូវបំបែកជា៣ ក៏បានវាក់ជាមួយរថយន្ដដឹកដីមួយគ្រឿង ដែលបើកបរក្នុងល្បឿនលឿន ហើយ ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកម៉ូតូខាង លើចំពីមុខពេញទំហឹងបណ្ដាលឱ្យ២នាក់ម្ដាយកូនដួលបោកក្បាលទៅនឹងថ្នល់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ភ្លាមៗនោះអ្នកបើកបររថយន្ដបាន ព្យាយាមបើករថយន្ដគេចតែត្រូវសមត្ថកិច្ចតាមចាប់បានទាំងរថយន្ដនិងអ្នក បើកបរ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះដល់កន្លែងកើតហេតុ និងបាន ពិនិត្យវាស់វែងរួចប្រគល់សាកសពឱ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី ។ ចំណែកម៉ូតូរថយន្ដ និង អ្នកបើកបររថយន្ដត្រូវបានបញ្ជូនទៅ កាន់អធិការដ្ឋាននគរបាលក្រុងប៉ោយ ប៉ែតដើម្បីកសាងសំណុំរឿងចាត់ការបន្ដ តាមនីតិវិធី ៕
ដោយ៖ វណ្ណា