ខេត្តកំពង់ស្ពឺ៖ ទោះជាមានវិធានការ បង្ក្រាបបទល្មើសធនធានធម្មជាតិដ៏តឹងតែងជាប្រចាំក៏ដោយ ក៏នៅតែមានសកម្មភាព កាប់បំផ្លាញព្រៃឈើនៅខេត្តកំពង់ស្ពឺ ជាបន្តទៀត។ ជាក់ស្តែងឈើចំនួន ៨០កំណាត់ ត្រូវបានបង្ក្រាបចាប់យកមករក្សាទុកប្រគល់អោយជំនាញ។ ប្រតិបត្តិការបង្ក្រាបបទល្មេីសព្រៃឈេី បានធ្វើឡើង
នៅម៉ោង១២ និង៣០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ។ ដោយកម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ចំនួន០៧នាក់ដឹកនាំដោយ លោក មេបញ្ជាការស្រុក បានសហការជាមួយកម្លាំងបរិស្ថានដែនជ្រកសត្វព្រៃភ្នំឱរ៉ាល់ ចុះចាប់ឈេី និង រោងសិប្បកម្ម គ្មានច្បាប់ អនុញ្ញាត នៅចំនុចដីឡូតិ៍ ស្ថិតក្នុងភូមិរោងម៉ាសុីន និងភូមិត្រពាំងធ្មា ឃុំតាសាល ស្រុកឱរ៉ាល់ ដែលមានឈេីដុលមូលប្រភេទចម្រុះ ចំនួន៨០កំណាត់ ។ បច្ចុប្បន្នកម្លាំងកំពុងនៅការពារ និងដឹកជញ្ជូន យកទៅរក្សាទុក នៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ភូមិក្រាំងពង្រ ដេីម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ សុខ ខេមរា