រុស្ស៊ីបង្កើនសន្តិសុខយាមល្បាតនៅតាមទីតាំងសំខាន់ៗ ទូទាំងប្រទេស ទប់ស្កាត់ការវាយប្រហារកើតឡើងក្នុងឱកាសចូលឆ្នាំសកល ជិតមកដល់។
ការបង្កើនយាមល្បាតក្រោយពេល ទីតាំងសាធារណៈសំខាន់ៗ រហូតដល់ទៅ ១៦០០កន្លែងត្រូវរងការគំរាមកំហែង បង្កក្តីព្រួយបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋរុស្ស៊ី ខណៈចូលឆ្នាំជិតមកដល់។
ទីតាំងសាធារណៈ ក្នុងនោះមានទាំងផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម សាលារៀន តុលាការ… រហូតដល់ទៅ១៦០០កន្លែង នៅក្នុងទីក្រុងមូស្គូ និងតំបន់ជិតខាង រងការគំរាមកំហែង វាយប្រហារបំផ្ទុះគ្រាប់បែកពីជនមិនស្គាល់អត្តសញ្ញាណ កាលពីថ្ងៃទី២៣ ខែធ្នូម្សិលមិញ ។
សារព័ត៌មាន TASS បានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងសន្តិសុខជាតិរុស្សី បានបញ្ជាក់ថា ទីតាំងដែលរងការព្រមានវាយប្រហារនោះ មានចំនួន១៦០០កន្លែង នៅទូទាំងប្រទេស។ នេះជាការគំរាមកំហែង ទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានពីមុនមក ។ កន្លងមក ក៏ធ្លាប់មានការគំរាមដូចគ្នានេះដែរ ប៉ុន្តែច្រើនបំផុតត្រឹម១០០ទីតាំងប៉ុណ្ណោះ។
ក្នុងចំណោមទីតាំងដែលរងការគំរាមកំហែងនោះ មានទីតាំងសំខាន់ៗ ដូចជា ព្រះវិហារ ទីតាំងតុលាការចំនួន១៥កន្លែង ស្ថានីយរថភ្លើងចំនួន៥កន្លែង ព្រមទាំងផ្សារទំនើបរាប់សិបកន្លែងថែមទៀត… ហើយតំបន់ទាំងនេះសុទ្ធតែជាទីប្រជុំជន។ ក្រោយពេលមានការគំរាមកំហែងបែបនេះ ក្រុមជំនាញបានបើកការស្រាវជ្រាវ ដោយរកមិនឃើញវត្ថុអ្វីគួរឲ្យសង្ស័យនោះឡើយ។ ប៉ូលិស បានបញ្ជាក់ថា នេះជាការគំរាមក្លែងក្លាយតែប៉ុណ្ណោះ។
ការគំរាមវាយប្រហារនេះ បានធ្វើឲ្យប្រជាពលរដ្ឋរុស្ស៊ី មានការព្រួយបារម្ភយ៉ាងខ្លាំង ហើយកាលពីថ្ងៃទី១៩ ខែធ្នូ កន្លងទៅនេះ តំបន់ដែលមានសុវត្ថិភាពបំផុត នៅក្នុងប្រទេសរុស្ស៊ី គឺទីស្នាក់ការសន្តិសុខជាតិ ក៏បានរងការបាញ់ប្រហារដែរ ដោយបាន បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស ជិត១០ នាក់ ។
ក្រោយមានការគំរាមកំហែងវាយប្រហារជាច្រើនកន្លែង ក្នុងពេលតែមួយបែបនេះ ទើបធ្វើឲ្យពលរដ្ឋរុស្ស៊ី កាន់តែបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។ ជាមួយគ្នានេះដែរ រុស្ស៊ីបានបង្កើនកម្លាំងសន្តិសុខការពារ នៅតាមទីតាំងសំខាន់ៗ ដោយខ្លាចក្រុមភេរវករ បើកការវាយប្រហារ៕