ភ្នំពេញ៖ ស្រីស្រស់សោភាកញ្ញា ឆាយ នីតា បានចូលរួមសម្តែងក្នុងភាពយន្តដំបូងគឺរឿង”កុំងាកក្រោយ” ក្រោយពីជាប់តំណែងជាកញ្ញាឯក Miss Cambodia 2016 ចំណាត់ថ្នាក់លេខ៣រួចមក។ ចូលសម្តែងលើកដំបូងក្នុងភាពយន្តនេះនាងបានប៉ះដៃគូ សមគ្នាគឺលោកទ្រី តារាវុធ ខណៈដែលការសម្តែងក្នុងភាពយន្តនេះទទួលបានការពេញចិត្តខ្លាំងពីទស្សនិកជន។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងកម្មវិធីសម្ពោធប្រកាសចាក់បញ្ចាំងជាផ្លូវការរបស់ភាពយន្តខ្នាតធំរឿង”កុំងាកក្រោយ” កាលពីរាត្រីថ្ងៃទី២៤ ធ្នូ នេះនៅរោងភាពយន្តលេជេនអេដេន ក្រោមវត្តមានសិល្បករ ផលិតករ ជាច្រើនរូប។ ភាពយន្តនេះត្រូវបានគេដឹងថាជាការបោះទុនផលិតដោយផលិតកម្ម Galaxy Navatra និងដឹកនាំសម្តែងដោយលោក ចាន់ណា រ៉ូណាន។
កញ្ញា ឆាយ នីតា លើកឡើងថា នេះជាភាពយន្តដំបូងដែលនាងបានចូលរួមសម្តែង ហើយត្រូវប៉ះដៃគូសម្តែង លោកទ្រី តារាវុធ ដែលមានឈុតឆាកជាច្រើនស្ទើរពេញសាច់រឿង។ កញ្ញា ទោះជំនួបដំបូងក្នុងការសម្តែងមែន ប៉ុន្តែកន្លងមកនាងនឹងតារាប្រុសរូបនេះធ្លាប់ជួបគ្នាជាច្រើនលើកច្រើនសារក្នុងកម្មវិធីបង្ហាញម៉ូតនានាកន្លងមក។ នាងថាប្រឡូកក្នុងការសម្តែងភ្លាមនាងទទួលបានឱកាសកាន់តំណែងធំជាមួយភាពយន្តដែលផលិតដោយការផ្ចិតផ្ចង់ និងគុណភាពខ្ពស់មួយ។ នាងថាទទួលបានបទពិសោធន៍ច្រើនពីសិល្បកររៀបច្បងរហូតបញ្ចប់ការសម្តែងក្នុងភាពយន្តមួយនេះប្រកបដោយក្តីរំពឹងខ្ពស់បើទោះបីជាឆ្លងកាត់ការលំបាកជាច្រើនក៏ដោយ។
លោក ទ្រី តារាវុធ វិញបានលើកឡើងថា ក្នុងភាពយន្តនេះទាំងតារាសម្តែង និងក្រុមការងារផលិតជួបការលំបាកច្រើនពិសេសការថតដល់យប់ជ្រៅ និងទីតាំងឆ្ងាយៗ ប៉ុន្តែលោកសប្បាយចិត្តដែលស្នាដៃមួយនេះលេចជារូបរាងហើយទទួលបានការពេញចិត្តច្រើននៅថ្ងៃចាក់បញ្ចាំងលើកដំបូង។ លោកថា ពេញចិត្តស្ទើរគ្រប់ឈុតឆាកជាមួយនឹងតួស្រី កញ្ញា ឆាយ នីតា ដែលនាងហាក់បញ្ចូលអារម្មណ៍បានល្អ និងកាន់តែជិតស្និទ្ធ បើទោះបីជាភាពយន្តដំបូងដែលនាងសម្តែងក៏ដោយ។ លោករំពឹងថានឹងទទួលបានឱកាសថតភាពយន្តថ្មីជាមួយតារាសម្តែងស្រីរូបនេះបន្តទៀតនៅពេលពេលដ៏ខ្លីខាងមុខនេះ។
គួរបញ្ជាក់ដែរថាភាពយន្តនេះចូលរួមសម្តែងដោយ តារាសម្តែងជាច្រើនរូបរួមគ្នាមានដូចជាលោក ទ្រី តារាវុធ កញ្ញា ឆាយ នីតា លោក ជា លាងឈែ លោក ភីម៉ៃ លោកស្រី អ៊ុំ សក្ខណា និងតារាសម្តែងជាច្រើនរូបទៀត។ ភាពយន្តនេះនឹងចាក់បញ្ចាំងជាផ្លូវការ ចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះនៅគ្រប់រោងភាពយន្តនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តនានាជាច្រើនទៀតនៅកម្ពុជា៕ ដោយ វឌ្ឍនា