ប្រទេសឈីលី៖ សារព័ត៌មានប៊ីប៊ីស៊ីផ្សាយថា ភ្លើងឆេះព្រៃបានឆេះរាលយ៉ាងឆាប់រហ័ស ចូលទៅកាន់តំបន់ប្រជុំជន Valparaiso បង្ខំឲ្យអាជ្ញាធរជម្លៀសប្រជាជនទ្រង់ទ្រាយធំ ។ ជាមួយគ្នានោះភ្លើងឆេះព្រៃរាលដាល ឆេះផ្ទះប្រជាជនក្នុងទីក្រុងអស់ជាង១២០ខ្នង តែមួយប៉ព្រិចភ្នែក។
ក្រុមពន្លត់អគ្គិភ័យទាំងអស់ត្រូវបានចេញប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ ដែលកំពុងឆេះខ្លាំងនៅក្នុងតំបន់ Rocuant និង San Roque ។ ជាមួយគ្នានេះដែរ ចរន្តអគ្គិសនីត្រូវបានកាត់ផ្តាច់ អតិថិជនប្រហែល ៩០ ០០០នាក់ពុំមានអគ្គិសនីប្រើប្រាស់ ។
អភិបាលក្រុង Valparaiso លោក Jorge Sharp បានបញ្ជាក់ប្រាប់ប្រភពព័ត៌មាន Canal 24 Horas ថា មិនមានអ្នកស្លាប់ដោយសារករណីនេះទេ ។ ករណីភ្លើងឆេះរាលដាលនេះ គឺចាប់ផ្តើមមកពីការដុតដោយចេតនា ។ លោកបន្តថា នៅពេលនេះ ក្រុមកម្លាំងដោះស្រាយវិបត្តិគ្រាអាសន្នបាននិងកំពុងប្រយុទ្ធជាមួយភ្លើងឆេះព្រៃ ទាំងនៅតាមអាកាស និងនៅលើដី ធ្វើយ៉ាងណាគ្រប់គ្រងឲ្យបានស្ថានការណ៍នេះ ។
លោកថា ខ្យល់បក់ខ្លាំង និងសីតុណ្ហភាពក្តៅហួតហែង ជាហេតុធ្វើឲ្យភ្លើងឆេះកាន់តែមានសន្ទុះលឿន ហើយលំបាកក្នុងការទប់ស្កាត់ណាស់ ។ រដ្ឋធានី Valparaiso នេះ ជាទីក្រុងមួយធំជាងគេរបស់ឈីលី ហើយក៏ជាកំពង់ធំបំផុតនៅលើមហាសមុទ្រប៉ាស៊ីហ្វិក ។
រដ្ឋមន្ត្រីកសិកម្មរបស់ ឈីលី លោក Antonio Walker បានអះអាងថា ផ្ទៃដីប្រហែល១២០ហិកតា បានរងការឆាបឆេះដោយភ្លើងឆេះព្រៃនេះ ៕
ដោយ៖ មែវ សាធី