ខេត្តកំពត ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួន ក្រោមបណ្តឹងរបស់ភាគីខាងនារីរងគ្រោះប្តឹងយុវជនយូវជននេះពីបទលួងលោមរួមភេទជាមួយនារីរងគ្រោះជាអនិតិជនម្នាក់រហូតបានសម្រេច ។
មន្រ្តីនគរបាលស្រុកឈូកបានឲ្យដឹងថា ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃ ព្រហស្បតិ៍ ១កើតខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីឈ្មោះ នាក់ យិតថូ ភេទប្រុស អាយុ៥៨ឆ្នាំ នៅភូមិត្រពាំងគគី ឃុំល្បើក ស្រុកឈូក ខេត្តកំពត តំណាងឲ្យជនរងគ្រោះ (ត្រូវជាឪពុកចុងរបស់ក្មេងស្រីរងគ្រោះ) ។
ជនសង្ស័យឈ្មោះ វ៉ិត ណារីម ភេទប្រុស អាយុ១៨ឆ្នាំ ជាកសិករ ។ រីឯជនរងគ្រោះ ឈ្មោះ ស.ម អាយុ១៥ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ ហើយអ្នកទាំងពីររស់នៅភូមិត្រពាំងថ្ម ឃុំល្បើក ស្រុកឈូក ជាមួយគ្នា ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យរូបនេះបានឆ្លើយថា ខ្លួនបានទាក់ទងគ្នាតាមទូរស័ព្ទ ស្គាល់គ្នា និងស្រឡាញ់គ្នាចិត្តនឹងចិត្ត ព្រមទាំងបានព្រមព្រៀងរួមភេទរហូតបាន២ដង ដោយមិនមានការបង្ខិតបង្ខំឡើយ។
សមត្ថកិច្ចបានឲ្យដឹងថា ទោះមានការអះអាងយ៉ាងនេះក្តី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរូបនេះចាត់ការតាមនីតិវិធីនៃច្បាប់តាមពាក្យបណ្តឹងអាណាព្យាបាលដដែល ៕ ប្រាថ្នា