ភ្នំពេញ៖ យ៉ាងហោចណាស់ភាពយន្តខ្នាតធំប្រមូលផ្តុំដោយគ្រប់រសជាតិ ចំនួន៣ របស់ផលតិកម្មបាដិហារ្យ នឹងត្រូវបញ្ចេញ ដើម្បីវាយលុកទីផ្សារភាពយន្ត នៅអំឡុងឆ្នាំ២០២០នេះ។ ផលិតកររបស់ផលិតកម្មនេះគ្រោងនឹងបង្កើនទុនដើម្បីបន្ថែមបច្ចេកទេសផលិតឲ្យភាពយន្តទាំងនោះកាន់តែមានគុណភាព។
ភាពយន្តបែបភ័យរន្ធត់ កម្សត់ លាយលំនឹងភាពកំប្លុកកំប្លែង រឿង “វិញ្ញាណតៃហោង” បានបញ្ចប់ការផលិតទាំងស្រុងហើយ ដោយគ្រោងនឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនៅដើមឆ្នាំ ២០២០នេះ ខណៈភាពយន្ត៣ផ្សេងទៀតនឹងត្រៀមចេញផលិត។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុម ភារិន ចាងហ្វាងផលិតកម្ម បាដិហារ្យភាពយន្ត បានថ្លែងបញ្ជាក់អ្នកសារព័ត៌មានយើងគ្រាដែលលោកបានចូលរួមក្នុងកម្មវិធីភាពយន្តប្រចាំឆ្នាំ ២០១៩ កាលពីពេលកន្លងទៅនេះ។ លោកបញ្ជាក់ថា បច្ចុប្បន្នវិស័យភាពយន្តបាននឹងកំពុងមានការរីកចម្រើននិងទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន ។ លោកថាការចាប់អារម្មណ៍នេះក៏ស្របពេលដែលផលិតករក្នុងស្រុបាននឹងកំពុងពង្រីក និងពង្រឹងសមត្ថភាពផលិត ដើម្បីបង្កើតស្នាដៃដែលមានគុណភាពប្រកួតប្រជែងឡើង។ អ្នកដឹកនាំរឿងរូបនេះលើកឡើងផងដែរថា ឆ្នាំ២០២០នេះលោកបោះទុកការផលិតប្រមាណជាង១០ម៉ឺនដុល្លារអាមេរិកបន្ថែមទៀតដើម្បីផលិតភាពយន្តដែលមានទាំងភាពយន្តបែងកំប្លែង ភ័យរន្ធត់ កម្សត់ មនោសញ្ចេតនាងផងដែរ។ លោកថា ឆ្នាំ២០២០នេះលោកពង្រឹងទៅលើផ្នែកបច្ចេកទេសដោយបំពាក់ឧបករណ៍ផលិតថ្មីទំនើបស្របតាមស្តង់ដា បូករួមទាំងពង្រឹងសមត្ថភាព ការជ្រើសរើសតួសម្តែង និងសាច់រឿងដែលល្អស្របតាមទីផ្សារភាពយន្តបច្ចុប្បន្ន។ លោកថាភាពយន្តថ្មីរឿង “វិញ្ញាណតៃហោង” បានបញ្ចេញជាPoster និងប្រកាសត្រៀមចាក់បញ្ចាំងរួចហើយប៉ុន្តែមិនទាន់កំណត់បានថ្ងៃចាក់បញ្ចាំងនៅឡើយ។ លោកថាជាភាពយន្តមានគ្រប់រសជាតិ កម្សត់ស្នេហាព្រាត់ប្រាស់ ភ័យរន្ធត់ អមដោយភាពកំប្លុកកំប្លែង។ខណៈភាពយន្តថ្មីមួយទៀតដែលគ្រោងចំណាយការផលិតខ្ពស់គឺ រឿង”ទ្រពិឃាទ” ដែលជាប្រភេទភាពយន្តថ្មីមិនធ្លាប់មានផលិតករក្នុងស្រុកផលិតនោះទេ។
ផលិតកររូបនេះលើកឡើងដែរថា ការហូរចូលផលិតកម្មបរទេសជាច្រើនហូរហៀបានធ្វើឲ្យម៉ោងចាក់បញ្ចាំងភាពយន្តខ្មែរមានភាពចង្អៀត និងមានមិនមានម៉ោងល្អគ្រប់គ្រាន់ដើម្បីចាក់បញ្ចាំង។ ទោះជាយ៉ាងណាបញ្ហានេះទាំងភាគីផលិតករទាំងអស់ និងខាងរោងកុនបាននឹងបន្តការជជែកគ្នាបន្ថែមទៀតដើម្បធ្វើយ៉ាងណាឲ្យភាពយន្តខ្មែរមានម៉ោងចាក់បញ្ចាំងល្អប្រសើរ ឈានទៅរកការរីកចម្រើននៅថ្ងៃអនាគត៕ ដោយ វឌ្ឍនា